
រាជធានីភ្នំពេញ៖ ក្រសួងការងារតាមរយៈមន្ត្រីជាន់ខ្ពស់ បានបន្តអំពាវនាវឱ្យម្ចាស់ និងនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ ទាំងអស់ ណែនាំដល់ភាគីពាក់ព័ន្ធដែលធ្វើការងារផ្ទាល់ជាមួយកម្មករនិយោជិតឱ្យគោរពសិទ្ធិការងារ សេចក្តីថ្លៃថ្នូរ និងតម្លៃរបស់មនុស្ស ព្រមទាំងហាមឃាត់ជាដាច់ខាតនូវការជេរប្រមាថ ការគំរាមកំហែង អំពើហិង្សា និងការបៀតបៀនគ្រប់ទម្រង់...។

តាមរយៈវគ្គបណ្ដុះបណ្ដាល«ការលើកកម្ពស់ ការយល់ដឹងស្តីពីការបង្ការ និងទប់ស្កាត់ហិង្សា និងការបៀតបៀននៅកន្លែងធ្វើការ» ចូលរួមពីតំណាងសហគ្រាស ក្រុមហ៊ុន និងរោងចក្រ ប្រមាណ៣៩០០នាក់ រៀបចំចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ នៅសមាគមTAFTAC, លោក ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ថ្លែងថា ទោះបញ្ហាហិង្សា និងការបៀតបៀននៅកន្លែងធ្វើការត្រូវបានកាត់បន្ថយគួរឱ្យកត់សម្គាល់ក៏ដោយ តែករណីមួយចំនួននៅតែបន្តកើតមាន ដែលអាចនាំទៅរកវិវាទការងារ កូដកម្ម ឬការតវ៉ា និងប៉ះពាល់ដល់ទំនាក់ទំនងវិជ្ជាជីវៈ ផលិតកម្ម និងកេរ្តិ៍ឈ្មោះរបស់សហគ្រាស។

ហេតុនេះ ការលើកកម្ពស់នៃការយល់ដឹងអំពីសិទ្ធិ និងកាតព្វកិច្ចរបស់ភាគីពាក់ព័ន្ធ គឺមានសារសំខាន់ក្នុងការបង្ការ និងទប់ស្កាត់អាកប្បកិរិយា និងពាក្យសម្តីមិនសមរម្យនៅកន្លែងធ្វើការ ជាពិសេស ចំពោះបុគ្គលិករដ្ឋបាល អ្នកបកប្រែ អ្នកគ្រប់គ្រងធនធានមនុស្ស ប្រធានផ្នែកផលិតកម្ម និងអ្នកគ្រប់គ្រងសហគ្រាស។ មន្ត្រីជំនាញរូបនេះ គូសបញ្ជាក់៖«ការបង្ការ និងទប់ស្កាត់អំពើហិង្សា និងការបៀតបៀន ត្រូវអនុវត្តស្របតាមច្បាប់ជាតិ និងបទដ្ឋានអន្តរជាតិខាងការងារ ដោយផ្តោតលើការការពារមនុស្សគ្រប់រូបពីអំពើហិង្សា និងការបៀតបៀនផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ សេដ្ឋកិច្ច និងអំពើដែលផ្អែកលើយេនឌ័រ»។ ក្នុងន័យនេះ លោជំរុញឱ្យម្ចាស់ និងនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ ណែនាំដល់គណៈគ្រប់គ្រង និងអ្នកធ្វើការដោយផ្ទាល់ជាមួយកម្មករនិយោជិត ឱ្យគោរពសិទ្ធិការងារ សេចក្តីថ្លៃថ្នូរ និងតម្លៃរបស់មនុស្ស ព្រមទាំងហាមឃាត់ជាដាច់ខាតនូវការជេរប្រមាថ ការគំរាមកំហែង អំពើហិង្សា និងការបៀតបៀនគ្រប់ទម្រង់។

ក្រសួងការងារ ក៏បានអំពាវនាវដល់កម្មករនិយោជិត ឱ្យគោរពវិន័យការងារ បំពេញកាតព្វកិច្ច និងគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ។ ក្នុងករណីជួបប្រទះ ឬឃើញអាកប្បកិរិយា និងពាក្យសម្តីមិនសមរម្យនៅកន្លែងធ្វើការ កម្មករនិយោជិតអាចរាយការណ៍ជូនអធិការការងារ ឬអាជ្ញាធរមានសមត្ថកិច្ច។ លើសពីនេះ អធិការការងារត្រូវបានណែនាំឱ្យបន្តពង្រឹងការត្រួតពិនិត្យ និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍យុត្តិធម៌ តម្លាភាព មិនលម្អៀង ដើម្បីរួមចំណែកកសាងកន្លែងធ្វើការដែលមានសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងការគោរពគ្នាទៅវិញទៅមក៕




