ការបោសសម្អាតមីនដំណាក់កាលចុងក្រោយ មានភាពស្មុគស្មាញ កម្ពុជាអំពាវនាវឱ្យអន្តរជាតិបន្តជួយសម្រេចគោលដៅ
S
Soriya Sou
12 ម៉ោងមុន

រាជធានីភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តរួមដំណើរជាមួយកម្ពុជាក្នុងកិច្ចការបោសសសម្អាតមីននៅដំណាក់កាលចុងក្រោយនេះ…។

អនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់ថា ដំណាក់កាលចុងក្រោយនៃការបោសសម្អាតមីននៅកម្ពុជា មានភាពស្មុគស្មាញ និងត្រូវការធនធានច្រើន។ លោកបានអំពាវនាវឱ្យប្រទេសម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធ បន្តរួមដំណើរជាមួយកម្ពុជា ដើម្បីសម្រេចបាននូវគោលដៅកម្ពុជាមួយ ដែលរួចផុតពីផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ លោក លី ធុជ មានប្រសាសន៍ដូច្នេះ ក្នុងនាមតំណាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «គោលនយោបាយជាតិ ស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥» នៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦។ គោលនយោបាយជាតិថ្មីនេះ បាននាំមកនូវការផ្លាស់ប្ដូរសំខាន់មួយ គឺការវាស់វែងភាពជោគជ័យ មិនត្រឹមតែតាមផ្ទៃដីដែលបានបោសសម្អាតទេ ថែមទាំង​ត្រូវវាស់តាមអ្វីដែលប្រជាជនអាចកសាង និងទទួលបានប្រយោជន៍ពីដីដែលបានបោសសម្អាតរួច។

លោក លី ធុជ បានគូសរំលេចថា សកម្មភាពមីន មិនមែនជាការងារបន្ទាប់បន្សំនោះទេ ប៉ុន្តែគឺ​ជាស្នូលនៃការអភិវឌ្ឍជាតិ ជាការប្តេជ្ញាចិត្តចំពោះប្រជាជនកម្ពុជា និងជាការសន្យាចំពោះមនុស្សជំនាន់ក្រោយ។ សកម្មភាពមីន ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាផ្នែកសំខាន់នៃយុទ្ធសាស្ត្រអភិវឌ្ឍជាតិ។ ក្នុងរយៈពេលជាង៣ទសវត្សរ៍ ការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម បានកាត់បន្ថយយ៉ាងខ្លាំងនូវផលប៉ះពាល់ដល់ប្រជាជន ហើយដីដែលបានបោសសម្អាត កំពុងត្រូវបានប្រើប្រាស់សម្រាប់កសិកម្ម ការអប់រំ ហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគ ជាដើម។ លោកបានថ្លែងអំណរគុណចំពោះប្រទេសម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករបោសសម្អាតមីន សង្គមស៊ីវិល វិស័យឯកជន សប្បុរសជន និងភាគីពាក់ព័ន្ធទាំង​អស់​ ដែលបានចូលរួមចំណែកក្នុងបេសកកម្មមនុស្សធម៌នេះ។ ជាការឆ្លើយតប តំណាង​ប្រទេស​ផ្តល់​ជំនួយ​ ដៃគូ​អភិវឌ្ឍន៍​ និង​វិស័យ​ឯកជន​ បាន​វាយតម្លៃ​ខ្ពស់ ​និង​​ប្តេជ្ញា​ចិត្ត​បន្ត​គាំទ្រ​គោលដៅ​កម្ពុជា​មួយ​គ្មាន​ផល​ប៉ះពាល់​ដោយ​យុទ្ធភណ្ឌ​គ្រឿង​ផ្ទុះ​៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត