
រដ្ឋញូវដេលី៖ យន្តហោះ Boeing 787-8 Dreamliner របស់ក្រុមហ៊ុនអាកាសចរណ៍ Air India បានធ្លាក់ចូលទៅក្នុងផ្ទះនិស្សិតមហាវិទ្យាល័យវេជ្ជសាស្ត្រមួយកន្លែងក្នុងទីក្រុងអាម៉េដាប៉ាដ ដោយបានសម្លាប់មនុស្សជាង២៤០នាក់។ នេះបើយោងតាមអាជ្ញាធរ។

យន្តហោះនេះដឹកអ្នកដំណើរ២៤២នាក់ ធ្វើដំណើរឆ្ពោះទៅអាកាសយានដ្ឋាន Gatwick នៃរាជធានីឡុងដ៍ ចក្រភពអង់គ្លេស។ ក្រុមហ៊ុនអាកាសចរណ៍បានបញ្ជាក់ថា អ្នកនៅរស់រានមានជីវិតតែម្នាក់គត់ ជាជនជាតិអង់គ្លេសដើមកំណើតឥណ្ឌា ដែលកំពុងត្រូវបានព្យាបាលនៅមន្ទីរពេទ្យ។ ចំនួនអ្នកស្លាប់ត្រូវបានកែសម្រួលចុះពី២៩៤ នាក់មកនៅជាង២៤០នាក់។ ភ្លាមៗនោះ គេមិនទាន់ដឹងច្បាស់ថា តើមានមនុស្សស្លាប់ប៉ុន្មាននាក់ជាអ្នកដំណើរនៅលើយន្តហោះ ឬនៅក្នុងអគារ។

អ្នកដំណើរដែលនៅរស់តែម្នាក់គត់នោះ អង្គុយនៅក្នុងកៅអីលេខ១១A នៅជាប់ច្រកសង្គ្រោះបន្ទាន់។ អាជ្ញាធរបានប្រកាសស្នើសុំគំរូ DNA ទៅកាន់សាច់ញាតិអ្នកដំណើរ ដើម្បីកំណត់អត្តសញ្ញាណអ្នកស្លាប់។ តួយន្តហោះបានខ្ទាតខ្ចាត់ខ្ចាយនៅជុំវិញអគារដែលកំពុងឆេះ ហើយកន្ទុយរបស់វាបានជាប់គាំងនៅលើដំបូលអគារ។ ក្នុងចំណោមអ្នកដំណើរទាំងនោះ មនុស្សពេញវ័យមាន២១៧នាក់ កុមារមាន១១នាក់ និងទារកមាន២នាក់។ ក្រុមហ៊ុនអាកាសចរណ៍ Air India បានរាយការណ៍ថា ក្នុងចំណោមអ្នកដំណើរ មានជនជាតិឥណ្ឌាចំនួន១៦៩នាក់ ជនជាតិអង់គ្លេស៥៣នាក់ ព័រទុយហ្គាល់៧នាក់ និងជនជាតិកាណាដាម្នាក់។

គួរបញ្ជាក់ថា ឧបទ្ទវហេតុនេះគឺជាលើកទីមួយសម្រាប់យន្តហោះ Dreamliner ដែលជាក្រុមហ៊ុនអាកាសចរណ៍ដ៏ធំ ដែលបានចាប់ផ្តើមហោះហើរក្នុងឆ្នាំ២០១១។ យន្តហោះនេះត្រូវបានបញ្ជូនទៅក្រុមហ៊ុន Air India ក្នុងខែមករាឆ្នាំ២០១៤ ហើយឧបទ្ទវហេតុដ៏សោកសង្រេងនេះ បានកើតឡើងភ្លាមៗបន្ទាប់ពីយន្តហោះកំពុងហោះឡើងពីទីក្រុងអាម៉េដាប៉ាដ៕



