
រដ្ឋធានីវ៉ាស៊ីនតោន៖ មនុស្ស៨នាក់ បានបាត់បង់ជីវិតទាំងអស់ នៅក្នុងសោកនាដកម្មធ្លាក់យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រធុនធ្ងន់ B-52 មួយគ្រឿង បន្ទាប់ពីទើបតែបានហោះហើរឡើងពីមូលដ្ឋានទ័ពអាកាស Edwards Air Force Base (អេនវ៉ត អ៊ែ ហ្វស់ បេស) ស្ថិតនៅភាគឦសាននៃទីក្រុងឡូសអេនជឺឡេស (Los Angeles) នៅថ្ងៃទី១៥ ខែមិថុនា។ គ្រោះថ្នាក់នេះត្រូវបានកត់ត្រាថា ជាការធ្លាក់យន្តហោះទម្លាក់គ្រាប់បែក B-52 ដ៏រន្ធត់ និងមានមនុស្សស្លាប់ច្រើនបំផុតមិនធ្លាប់មាន ចាប់តាំងពីឆ្នាំ១៩៨២មក។

យោងតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់នៃមូលដ្ឋានទ័ពអាកាស យន្តហោះ B-52 នេះ បានហោះឡើងនៅវេលាម៉ោង ១១និង២០នាទីព្រឹក (ម៉ោងនៅអាម៉េរិក) ដើម្បីបំពេញបេសកកម្មហោះហើរសាកល្បងធម្មតា ក្នុងគោលបំណងគាំទ្រដល់កម្មវិធីធ្វើទំនើបកម្មប្រព័ន្ធរ៉ាដា ប៉ុន្តែជាអកុសលវាបានធ្លាក់ និងផ្ទុះបង្កើតជាផ្សែងខ្មៅយ៉ាងក្រាស់ខ្មឹក។ សាកសពរបស់ជនរងគ្រោះ រួមមាន មន្ត្រីយោធា មន្ត្រីស៊ីវិលរបស់រដ្ឋាភិបាល និងបុគ្គលិកក្រុមហ៊ុនម៉ៅការ។ ក្រុមហ៊ុនផលិតយន្តហោះ Boeing ក៏បានទទួលស្គាល់ថា ក្នុងចំណោមអ្នកបាត់បង់ជីវិតទាំង៨នាក់ មានបុគ្គលិករបស់ខ្លួន២នាក់ បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍នេះ។

ក្រោយពេលកើតហេតុ ថ្នាក់ដឹកនាំកំពូលៗរបស់អាម៉េរិក រួមទាំងលោក ត្រយ ម៉េក (Troy Meink) ជាអ្នកទទួលបន្ទុកកាន់កាប់កងទ័ពអាកាស និងលោក មៃ ចនសឹន ( Mike Johnson) ជាប្រធានរដ្ឋសភា បានចេញមុខសម្ដែងការសោកស្ដាយជាពន់ពេកចំពោះការបាត់បង់ជីវិតដ៏ធំធេងនេះ។ ទោះបីជាបច្ចុប្បន្ន មូលដ្ឋានទ័ពអាកាសត្រូវបានបើកឱ្យដំណើរការឡើងវិញ ប៉ុន្តែរាល់ប្រតិបត្តិការហោះហើរទាំងអស់ត្រូវបានផ្អាកជាបណ្តោះអាសន្នរហូតដល់ថ្ងៃអង្គារនេះ ខណៈក្រុមមន្ត្រីយោធាបានចាប់ផ្តើមបើកការស៊ើបអង្កេតជាផ្លូវការ ដើម្បីស្វែងរកមូលហេតុពិតប្រាកដ ដោយរំពឹងថា លទ្ធផលលម្អិតនឹងត្រូវលាតត្រដាងជាសាធារណៈនៅក្នុងរយៈពេលប្រហែល៦ខែខាងមុខ៕




