ស្លា.ប់​២របួ.ស១៨​នាក់​ ក្រោយ​យន្តហោះ​ធុន​តូច​មួយគ្រឿងបុកអគារពាណិជ្ជកម្មក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា
N
Nary Vann
03 មករា 2025 12:00 PM

រដ្ឋកាលីហ្វ័រញ៉ា៖ មនុស្សពីរនាក់បានស្លាប់ និង១៨នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីយន្តហោះខ្នាតតូចមួយគ្រឿង បានធ្លាក់ទៅបុកចូលទៅក្នុងអគារពាណិជ្ជកម្មមួយនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា...។

នាយកដ្ឋានប៉ូលិស បានបង្ហោះសារនៅលើកម្មវិធី X ថា មនុស្ស១០នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារការរងរបួស ខណៈមនុស្ស​៨​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​គេ​ព្យាបាល​របួសនៅ​កន្លែង​កើតហេតុ។ យោងតាមរដ្ឋបាលអាកាសចរណ៍សហព័ន្ធ យន្តហោះ RV-10 Van បានធ្លាក់នៅម៉ោង២ៈ១៥នាទី (ម៉ោងនៅសហរដ្ឋអាម៉េរិក)។ យ៉ាងណា មន្ត្រី​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​ អំពី​មូលហេតុ​នៃ​ការ​ធ្លាក់​យន្តហោះ​នេះ​ទេ។ ទន្ទឹមគ្នានោះ មិនទាន់មានព័ត៌មានលម្អិត​ថា​ តើ​មនុស្ស​ពីរ​នាក់​ដែល​បាន​ស្លាប់​ជា​កម្មករ ឬ​ជា​អ្នក​ជិះ​យន្តហោះ​នោះ​ទេ? សមាជិកសភា លោក លូ ខូរៀ (Lou Correa) តំណាងឱ្យតំបន់ Orange County បាននិយាយថា អគារដែលត្រូវបានវាយប្រហារគឺជាអាជីវកម្មផលិតគ្រឿងសង្ហារឹម។ នៅក្នុងសារលើកម្មវិធី X លោក ខូរៀ បាននិយាយថា ជនរងគ្រោះក្នុងហេតុការណ៍ខាងលើ ភាគច្រើនគឺជាកម្មកររោងចក្រ។

រូបថតពីលើអាកាសនៃកន្លែងកើតហេតុបង្ហាញផ្នែកខ្លះនៃយន្តហោះ ជាប់នៅខាងក្នុងអាគារ។ ហេតុការណ៍​នេះ​ ក៏​បាន​បង្ក​ជា​អគ្គិភ័យ​ តែ​ត្រូវ​បាន​ក្រុម​ពន្លត់​អគ្គិភ័យ​បាញ់​ពន្លត់ទាន់ពេលវេលា។ ខ្សែអាត់​វីដេអូ​សន្តិសុខ​ដែល​ថត​បាន​ពី​អគារ​មួយ​​បង្ហាញ​ពី​ការ​ផ្ទុះ​យ៉ាង​ខ្លាំង។ តំបន់ដែលយន្តហោះធ្លាក់ គឺនៅជិតអាកាសយានដ្ឋាន Fullerton Municipal ប្រហែល១០គីឡូម៉ែត្រពីសួនកម្សាន្ត Disneyland។ យន្តហោះទំនងជាបានត្រឡប់មកអាកាសយានដ្ឋានវិញភ្លាមៗ បន្ទាប់ពីហោះឡើង។ នេះ​ជា​យន្តហោះ​​ទី​២​ ដែល​ធ្លាក់​ក្នុង​តំបន់​ក្នុង​រយៈពេល​២​ខែ​កន្លង​មក​នេះ។ កាលពីថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ២០២៤ យន្តហោះមួយគ្រឿងទៀតបានបុកនឹងដើមឈើ ចម្ងាយប្រហែលមួយប្លុកពីកន្លែងកើតហេតុចុងក្រោយនេះ។ យ៉ាងណា មិន​មាន​អ្នក​រង​របួស​ធ្ងន់​ធ្ងរ​ត្រូវ​បាន​គេ​រាយការណ៍​ក្នុង​ការ​ធ្លាក់​យន្តហោះ​នោះ​ទេ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត