កម្ពុជា-ឥណ្ឌា ចាប់ដៃគ្នាអនុវត្តគម្រោង​បោស​សម្អាតមី.ន​ ក្នុងភូមិមល់ ខេត្តពោធិ៍សាត់
S
Soriya Sou
មួយម៉ោងមុន

រាជធានីភ្នំពេញ៖ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ អាជ្ញាធរមីន និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីអនុវត្តគម្រោងផ្តល់ផលរហ័ស ស្តីពីការបោសសម្អាតមីនក្នុងភូមិមល់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ រំដោះដីសុវត្ថិភាពជូនប្រជាពលរដ្ឋ...។

អនុស្សរណៈនេះ ត្រូវបានចុះហត្ថលេខាដោយលោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១នៃអាជ្ញាធរមីនកម្ពុជា និងលោក វ៉ាន់ឡាល់វ៉ាវណា បាវីតលុង ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា។ ថ្លែងក្នុងពិធី លោកទេសរដ្ឋមន្ត្រី លី ធុជ បានឱ្យដឹងថា ចំណងមិត្តភាពរវាងកម្ពុជា និងឥណ្ឌា មានប្រវត្តិយូរអង្វែង និងត្រូវបានបន្តពង្រឹងតាមរយៈកិច្ចសហប្រតិបត្តិការជាក់ស្តែង រួម​ទាំង​វិស័យសកម្មភាពមីនមនុស្សធម៌ ដើម្បីប្រែក្លាយដីដែលធ្លាប់មានគ្រោះថ្នាក់ឱ្យទៅជាដីមានសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ។ លោកបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនឥណ្ឌា ដែលបានបន្តឈរជាមួយកម្ពុជា ដោយគាំទ្រវិស័យសកម្មភាពមីនជាបន្តបន្ទាប់ ចាប់ពីគម្រោងបោសសម្អាតមីននៅស្រុកបុទុមសាគរ ខេត្តកោះកុង បន្តទៅស្រុកមណ្ឌលសីមា និងពេលនេះនៅខេត្តពោធិ៍សាត់ ដែលការគាំទ្រនេះបានរួមចំណែកស្តារដីមានសុវត្ថិភាពជូនប្រជាពលរដ្ឋ និងពន្លឿនការអភិវឌ្ឍសហគមន៍។

លោកទេសរដ្ឋមន្ត្រី អះអាងថា គម្រោងនៅភូមិមល់ បានប្រគល់ដីមានសុវត្ថិភាពទំហំជាង១៦ហិកតា ជូនប្រជាពលរដ្ឋ តាមរយៈយន្តការភូមិអស់មីន ដែលនឹងអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចប្រើប្រាស់ដីធ្លី ប្រកបរបរចិញ្ចឹមជីវិត និងកសាងអនាគតប្រកបដោយសុវត្ថិភាព។ ការគាំទ្ររបស់ឥណ្ឌា មិនត្រឹមតែរួមចំណែកបោសសម្អាតមីនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយស្តារក្ដីសង្ឃឹម និងសេចក្ដីថ្លៃថ្នូររបស់ជនរងគ្រោះដោយសារមីន តាមរយៈគំនិតផ្តួចផ្តើម India for Humanity ដែលបានផ្តល់ជើងសិប្បនិម្មិតដល់ពលរដ្ឋកម្ពុជាចំនួន៦៥០នាក់។ លោក លី ធុជ បញ្ជាក់បន្ថែមថា ការអនុវត្តគម្រោងនេះ គឹ​ស្របតាមការយកចិត្តទុកដាក់ និងចក្ខុវិស័យរបស់សម្តេច​ធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា​ ដែលបានកំណត់វិស័យសកម្មភាពមីនជាអាទិភាពមនុស្សធម៌ ដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋ និ​ងគាំទ្រការ​អភិវឌ្ឍជាតិ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត