អង់គ្លេសប្រកាសផ្ដល់ជំនួយជាង២លានដុល្លារ គាំទ្រការបោសសម្អាត និងអប់រំយល់ដឹងពីមីន
S
Soriya Sou
06 ឧសភា 2026 03:00 PM

រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលចក្រភពអង់គ្លេស តាមរយៈលោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានប្រកាសផ្តល់ជំនួយ១,៦លានផោន (ប្រមាណជាង២លានដុល្លារ) សម្រាប់រយៈពេលមួយឆ្នាំទៀត ពោលគឺចាប់ពីឆ្នាំ២០២៦-២០២៧ ដើម្បីគាំទ្រដល់សកម្មភាពនៃការបោសសម្អាតមីន និងការអប់រំយល់ដឹងអំពីយុទ្ធភណ្ឌគ្រឿងផ្ទុះនៅក​ម្ពុជា…។

ក្នុងជំនួបជាមួយលោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅនិវេសនដ្ឋានឯកអគ្គរាជទូតអង់គ្លេសក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ លោក Dominic Williams មានប្រសាសន៍ថា ជំនួយរបស់រាជរដ្ឋាភិបាលចក្រភពអង់គ្លេស មានគោលបំណងរួមចំណែកដល់ការបង្កើនសុវត្ថិភាពសហគមន៍ និងលើកកម្ពស់ជីវភាពរស់នៅ ជាពិសេសគាំទ្រដល់វឌ្ឍនភាពរបស់កម្ពុជាឆ្ពោះទៅរកកាតព្វកិច្ចបោសសម្អាតមីននៅឆ្នាំ២០៣០។ ជំនួយនេះនឹងផ្ដល់ជូនដល់អង្គការដោះមីនចំនួន៣រួមមាន៖ អង្គការ HALO Trust, Mines Advisory Group (MAG) និង APOPO។

តាមរយៈជំនួយនេះ អង់គ្លេសរំពឹងថា អង្គការ HALO Trust និងអង្គការ MAG នឹងរំដោះផ្ទៃដីចំនួនជាង៨៩ម៉ឺនម៉ែត្រការ៉េ ក្នុងខេត្តបាត់ដំបង, សៀមរាប, ឧត្តរមានជ័យ, បន្ទាយមានជ័យ, ប៉ៃលិន, ពោធិ៍សាត់, និងខេត្តកោះកុង ដែលផ្តល់ផលប្រយោជន៍ផ្ទាល់ដល់ប្រជាពលរដ្ឋចំនួន៥៤១៤នាក់។ វាថែមទាំងអាចផ្តល់នូវវគ្គអប់រំការយល់ដឹងពីយុទ្ធភណ្ឌគ្រឿងផ្ទុះជាង៤ពាន់វគ្គ ដល់ប្រជាជនជាង៤ម៉ឺន៤ពាន់នាក់ (ស្ត្រី៨៨៥៤នាក់ និងក្មេងស្រី១២៦៩៦នាក់)។ ជាមួយគ្នា ចក្រភពអង់គ្លេសនឹងគាំទ្រដល់គម្រោង Minefields to Ricefields (M2R) របស់អង្គការ APOPO ដោយរួមបញ្ចូលសកម្មភាពមីនជាមួយនឹងការអភិវឌ្ឍកសិកម្មឡើងវិញលើផ្ទៃដី៣,៤លានម៉ែត្រការ៉េ និងមានគ្រួសារកសិករយ៉ាងតិច៥០០នឹងទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់ រួមជាមួយគ្រួសារបន្ថែមប្រមាណជាង៥០០ទៀត។

តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់ចក្រភពអង់គ្លេស ដែលបានរួមចំណែកដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា រហូតដល់ពេលនេះ អង់គ្លេសបានផ្តល់ជំនួយប្រមាណជា៦៥លានផោន។ លោកគូសបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាបានដាក់ចេញនូវចក្ខុវិស័យច្បាស់លាស់ក្នុងដំណើរសកម្មភាពមីនរបស់ខ្លួន ដោយបានប្តេជ្ញាចិត្តថានៅឆ្នាំ២០៣០ នឹងគ្មានសហគមន៍ណាមួយបន្តរងការគំរាមកំហែងដោយសារមីនឡើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត