លោក លី ធុជ៖ ផ្ទៃដីដោះមីនរួចប្រមាណ៦៥ភាគរយ ត្រូវបានយកមកប្រើប្រាស់សម្រាប់វិស័យកសិកម្មកម្ពុជា
S
Soriya Sou
17 តុលា 2025 04:00 PM

រាជធានីភ្នំពេញ៖ គិតចាប់ពីឆ្នាំ២០១៨មក ផ្ទៃដីដែលបានដោះមីនរួចប្រមាណជាង៦៥ភាគរយ ត្រូវបានយកមកប្រើប្រាស់សម្រាប់ការបង្កបង្កើនផល ក្នុងវិស័យកសិកម្មកម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍវិស័យមីន កាលពីថ្ងៃទី១៦តុលា ឆ្នាំ២០២៥…។

លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារសំខាន់នៃកិច្ចការសកម្មភាពមីននៅកម្ពុជា និងបានក្លាយជាប្រទេសឈានមុខ និងគំរូសម្រាប់វិស័យសកម្មភាពទាំងក្នុងតំបន់ និងពិភពលោក ព្រមទាំងបានក្លាយរដ្ឋភាគីសកម្មនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) ក្នុងការគាំទ្រដល់ការអនុវត្តគោលការណ៍មនុស្សធម៌ និង កាតព្វកិច្ចនៃអនុសញ្ញា។ លោកបានទទួលស្គាល់ថា៖«កិច្ចការបោសសម្អាតមីន បានផ្សាភ្ជាប់ជាមួយការរីកចម្រើននៃវិស័យកសិកម្មនៅកម្ពុជា ដោយគិតចាប់ពីឆ្នាំ២០១៨ ផ្ទៃដីរំដោះមីនប្រមាណជាង៦៥ភាគរយ ត្រូវបានយកមកប្រើប្រាស់សម្រាប់ការបង្កបង្កើនផល»។ ប្រជាជនខ្មែរបានប្រើប្រាស់ដីប្រកបដោយសុវត្ថិភាព ដើម្បីកសាងនូវសេដ្ឋកិច្ចសហគមន៍ លើកកម្ពស់ជីវិភាពរស់នៅ គាំទ្រដល់សន្តិសុខស្បៀង បង្កើនភាពធន់ និង វឌ្ឍនភាពកម្ពុជា។ លោកថា កិច្ចប្រឹងប្រែងរួមគ្នានេះ នឹងប្រែក្លាយវាលស្រែដែលរងការគំរាមដោយសារមីន ទៅជាវាលស្រែដែលអាចចិញ្ចឹមប្រជាជនខ្មែរបានយ៉ាងច្រើន និងពង្រឹងដល់អនាគតជាតិកម្ពុជា។

លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម ដែលមានវត្តមានក្នុងកិច្ចប្រជុំនេះដែរ បានមានប្រសាសន៍ថា សូមអរគុណចំពោះប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករដោះមីន វិស័យឯកជន និងភាគីពាក់ព័ន្ធពាក់ ដែលបានចូលរួមគាំទ្រដល់វិស័យសកម្មភាពមិននៅកម្ពុជា។ លោកបន្ថែមថា ប្រជាជនខ្មែរដែលពឹងផ្អែកលើកសិកម្ម ចាត់ទុកដីគឺជាទ្រព្យសកម្ម និងចាត់ទុកគ្រាប់មីនជាការគំរាមកំហែងខ្លាំងបំផុត។ ក្រសួងកសិកម្ម គ្រោងនឹងចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយអាជ្ញាធរមីន ដើម្បីធ្វើការបន្ថែមក្នុងការកំណត់ទីតាំងដឹកសិកម្មដែលត្រូវធ្វើការបោសសម្អាត និងត្រូវលុបបំបាត់ការភ័យខ្លាចរបស់កសិករ ព្រោះក្រសួងចង់ប្រែក្លាយដីមីនទៅជានិមិត្តសញ្ញានៃក្ដីសង្ឃឹម ជាវាលបៃតងស្រស់ និងដីមានជីរជាតិសម្រាប់វិស័យកសិកម្ម»។

សូមជ្រាបថា រយៈពេលជាង៣០ឆ្នាំ គិតចាប់តាំងពីឆ្នាំ១៩៩២ កម្ពុជាបានរំដោះផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមជាង៣៤០០គីឡូម៉ែត្រការ៉េ ដោយរកឃើញ និងកម្ទេចចោលគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមជាង៤,៤លានគ្រាប់ ព្រមទាំងកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួសស្ថិតនៅក្រោម១០០នាក់ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត