រដ្ឋភាគីអនុសញ្ញាអូតាវ៉ា ឯកភាពសំណើសុំពន្យាពេលរបស់កម្ពុជា បញ្ចប់ការបោសសម្អាតមីនត្រឹមបំណាច់ឆ្នាំ២០៣០
S
Soriya Sou
07 ធ្នូ 2025 10:30 AM

រាជធានីភ្នំពេញ៖ កិច្ចប្រជុំលើកទី២២ នៃរដ្ឋភាគីអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) បានអនុម័តជាផ្លូវការហើយលើសំណើសុំពន្យារពេលរបស់ប្រទេសកម្ពុជា ដើម្បីបញ្ចប់ការបោសសម្អាត និងកម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្ស នៅឆ្នាំ២០៣០។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អាជ្ញាធរមីន នៅយប់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥...។

អាជ្ញាធរមីនកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំលើកទី២២ នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា ចាប់ពីថ្ងៃទី១-៥ធ្នូ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានអនុម័តជាផ្លូវការលើសំណើសុំពន្យារពេលរបស់កម្ពុជាលើកទី៣ (២០២៦-២០៣០) ដើម្បីបញ្ចប់ការបោសសម្អាត និងកម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្សក្រោមមាត្រា៥ នៃអនុសញ្ញាអូតាវ៉ា ដោយផ្តល់កាលបរិច្ឆេទកំណត់ថ្មី គឺថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០៣០។ ការសម្រេចជាឯកច្ឆន្ទនេះ បានបញ្ជាក់ពីភាពជាអ្នកដឹកនាំនៃការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តពេញលេញទៅតាមកាតព្វកិច្ចរបស់ខ្លួន ក្នុងនាមជារដ្ឋភាគីអនុសញ្ញា។ ការសម្រេចចិត្តនេះ ក៏បានឆ្លុះបញ្ចាំងពីការជឿទុកចិត្ត និងការបន្តគាំទ្រពីប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធសកម្មភាពមីនផងដែរ។ 

តាមការបញ្ជាក់របស់អាជ្ញាធរមីន មកទល់នឹងពេលនេះ កម្ពុជាសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់ ដោយកាត់បន្ថយការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណជាង៣៣០០គីឡូម៉ែត្រការ៉េ ដោយរកឃើញ និងកម្ទេចចោលគ្រាប់មីនបានជាង៤លានគ្រាប់ ជាការចូលរួមចំណែកធ្វើឱ្យប្រសើរឡើងនូវសុខសុវត្ថិភាពសហគមន៍ ការលើកកម្ពស់ជីវភាពរស់នៅ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅទូទាំងប្រទេស។ ក្នុងនាមរាជរដ្ឋាភិបាល​ និងប្រជាជនកម្ពុជា អាជ្ញាធរមីនបានអរគុណប្រទេសម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធទាំងអស់ចំពោះការគាំទ្រ និងរួមចំណែកដ៏មានតម្លៃនេះ។

យ៉ាងណាក៏ដោយ មីននៅតែបន្តជាបញ្ហាប្រឈមធ្ងន់ធ្ងរសម្រាប់កម្ពុជា ជាពិសេសនៅ តាមតំបន់ព្រំដែនដែលនៅមានមីនច្រើន ការបោសសម្អាតមានការលំបាកខ្លាំង ផ្លូវពិបាកចូលទៅដល់ និងមានហានិភ័យខ្ពស់ដល់សហគមន៍ និងបង្កគ្រោះថ្នាក់ដល់ប្រជាជន។ ក្នុងន័យនេះ កម្ពុជាអំពាវនាវដល់ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករសកម្មភាពមីន វិស័យឯកជន និងភាគីពាក់ព័ន្ធទាំងអស់ បន្តឈរជាមួយការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការជំរុញឱ្យសម្រេចបាននូវចក្ខុវិស័យ «កម្ពុជាគ្មានមីនឆ្នាំ២០៣០»៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត