
រាជធានីភ្នំពេញ៖ ក្រោយពីមានបុគ្គលមួយរូបក្លែងបន្លំអត្តសញ្ញាណ និងពាក់ឯកសណ្ឋានតាំងខ្លួនជាមន្រ្តីកងរាជកងរាជអាវុធហត្ថ លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអំពាវនាវឱ្យជននោះបញ្ឈប់រាល់សកម្មភាព ដោយព្រមានធ្វើការស្រាវជ្រាវ និងមានចំណាត់ការតាមផ្លូវច្បាប់ ដើម្បីចៀសវាងការយល់ច្រឡំ និងប៉ះពាល់ដល់ស្ថាប័នទាំងមូល...។

ការអំពាវនាវនេះ ធ្វើឡើងក្រោយកងរាជអាវុធហត្ថបានឃើញម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ «វិចិត្រ ផល្លា» ក្លែងយករូបសញ្ញា «អហ» ទៅប្រើប្រាស់ជាសាធារណៈ ធ្វើឱ្យមានការភាន់ច្រឡំទាំងដែលខ្លួនមិនមែនជាមន្ត្រីក្នុងជួរកងរាជអាវុធហត្ថ។ បើតាមការបង្ហោះសារលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក អេង ហ៊ី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ បានបញ្ជាក់ថា៖«ការប្រើប្រាស់ជាសាធារណៈ នូវស្លាកសញ្ញា សម្លៀកបំពាក់ ឯកសណ្ឋាន សញ្ញាណបណ្ណ សញ្ញាសម្គាល់របស់កងរាជអាវុធហត្ថ ដោយគ្មានសិទ្ធិនេះ ធ្វើឱ្យមានការភ័ន្តច្រឡំ និងប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូរកងរាជអាវុធហត្ថ ដោយអំពាវនាវឱ្យជនទាំងនោះបញ្ឈប់រាល់សកម្មភាព ចៀសវាងការប្រឈមមុខនឹងផ្លូវច្បាប់»។

ជាមួយគ្នានោះ លោកក៏បានបង្ហាញនូវទិដ្ឋភាពច្បាប់ គតិយុត្តមួយចំនួនដែលមានចែងអំពីការផ្តន្ទាទោសនៃអំពើល្មើសពាក់ព័ន្ធនឹងការប្រើប្រាស់ស្លាកសញ្ញា ឬឯកសណ្ឋានដែលរួមមាន៖ ទី១.អំពីប្រើប្រាស់ជាសាធារណៈ ដោយគ្មានសិទ្ធិនូវសញ្ញាសម្គាល់ដែលកំណត់ដោយអាជ្ញាធរសាធារណៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់ពីមួយសែនរៀលទៅពីរលានរៀល ដូចមានចែងក្នុងមាត្រា៦១៤ បទប្រើប្រាស់ដោយគ្មានសិទ្ធិនូវសញ្ញាសម្គាល់ ដែលកំណត់ដោយអាជ្ញាធរសាធារណៈ។ ទី២.អំពើប្រើប្រាស់ដោយគ្មានសិទ្ធិនូវយានយន្ត ដែលមានសញ្ញាសម្គាល់ខាងក្រៅប្រើប្រាស់ដោយភ្នាក់ងារនគរបាល ឬយោធិន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ ១ឆ្នាំ និងពិន័យជាប្រាក់ពីមួយសែនរៀលទៅពីរលានរៀល ដូចមានចែងក្នុងមាត្រា៦១៥ បទប្រើប្រាស់ដោយគ្មានសិទ្ធិនូវយានយន្តដែលមានសញ្ញាសម្គាល់ប្រើប្រាស់ដោយនគរបាល ឬយោធា។

និងទី៣.អំពើប្រើប្រាស់ជាសាធារណៈ ដោយគ្មានសិទ្ធិនូវលម្លៀកបំពាក់ ឯកសណ្ឋាន អត្តសញ្ញាណបណ្ណ សញ្ញាសម្គាល់ ឬយានយន្តនគរបាល ឬយោធា មានភាពប្រហាក់ប្រហែលគ្នានឹងសម្លៀកបំពាក់ ឯកសណ្ឋាន អត្តសញ្ញាណបណ្ណ សញ្ញាសម្គាល់ ឬយានយន្តនគរបាល ឬយោធា ដែលអាចនាំឱ្យមានការភាន់ច្រឡំក្នុងស្មារតីនៃសាធារណជន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ៦ខែ និងពិន័យជាប្រាក់ពីមួយសែនរៀលទៅមួយលានរៀល ដូចមានចែងក្នុងមាត្រា៦១៦ បទប្រើប្រាស់នូវឯកសណ្ឋានជាអាទិ៍ ដែលមានភាពប្រហាក់ប្រហែលគ្នានឹងនគរបាល ឬយោធា៕




