
រាជធានីភ្នំពេញ៖ ក្រោយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ចេញបញ្ជាទៅសមត្ថកិច្ចគ្រប់រាជធានី-ខេត្តឱ្យបង្ក្រាបក្រុមក្មេងទំនើងដោយមិនបន្ធូរដៃ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏ចេញបញ្ជាតាមក្រោយបន្ថែមទៀត។ ក្នុងបទបញ្ជារបស់ខ្លួន លោករដ្ឋមន្រ្តីមហាផ្ទៃ មិនគ្រាន់តែប្រាប់សមត្ថកិច្ចឱ្យបន្តចុះល្បាត និងបង្ក្រាបក្មេងទំនើងតាមភូមិឃុំនោះទេ សូម្បីតាមបន្ទប់ជួលក្នុងផ្ទះសំណាក់ និងសណ្ឋាគារ ក៏លោកចង់ឱ្យសមត្ថកិច្ចចុះមើលដែរ ក្នុងករណីពួកគេទៅជួលបន្ទប់តែ១ ដោយមានគ្នាលើសពី៥នាក់។

ក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្រ្តី ស្នើទៅភាគីផ្ទះសំណាក់ និងសណ្ឋារគារ ឱ្យសហការជាមួយសមត្ថកិច្ចក្នុងករណីបង្ក្រាបក្មេងទំនើងនេះ។ «ឥឡូនេះពួកគាត់ជួលដេកម្តង៦-៧នាក់។ អ៊ីចឹងខ្ញុំចង់ឱ្យម្ចាស់ និងអ្នកគ្រប់គ្រងផ្ទះសំណាក់ និងសណ្ឋាគារទាំងនោះ បើបានឃើញហើយ សូម Alert [ផ្តល់ដំណឹង] មកកងកម្លាំងមានសមត្ថកិច្ច។ ភាគច្រើន ពួកគាត់អត់ចូលផ្ទះទេ ដើរដាច់យប់ ដឹងតែជួលបន្ទប់ដេក» នេះជាសំណើរបស់លោករដ្ឋមន្រ្តីមហាផ្ទៃ។

សូមរម្លឹកថា បន្ទាប់ពីមានបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាល អាជ្ញាធរតាមរាជធានី-ខេត្ត ក៏មានសកម្មភាពយ៉ាងខ្លាំងក្នុងការចាប់ក្រុមក្មេងទំនើង និងបញ្ជូនទៅតុលាការរាល់ថ្ងៃតែម្តងក្នុងរយៈពេលចុងក្រោយនេះ។ ពុំចាំបាច់ដល់ទៅធ្វើសកម្មភាពជាក់ស្តែងនោះទេ ត្រឹមដាក់អាវុធតាមខ្លួន ឬត្រឹមបង្ហាញភាពទំនើងលើបណ្តាញសង្គម ក៏សមត្ថកិច្ចទៅចាប់ និងបញ្ជូនទៅតុលាការដែរ។ ក្រសួងយុត្តិធម៌ ទើបបង្ហាញលទ្ធផលនៃយុទ្ធនាការបង្ក្រាបក្មេងទំនើងថា សំណុំរឿងក្មេងទំនើងក្នុងរាជធានីភ្នំពេញ មានច្រើនជាងគេ ឯខេត្តស្ទឹងត្រែងឯណោះវិញ ក្លាយជាខេត្តគំរូ ព្រោះគ្មានសំណុំរឿងក្មេងទំនើងសូម្បីតែ១៕



