
ខេត្តក្រចេះ៖ យុវជនមួយក្រុម ជិះម៉ូតូបង្ហោះលើដងផ្លូវសាធារណៈ និងបានថតវីដេអូផ្សព្វផ្សាយលើបណ្តាញសង្គម ហ្វេសប៊ុក ដោយសរសេរខ្លឹមសារថា«ចង់ក្រឡុកនៅខេត្តក្រចេះ»អមដោយបទភ្លេងផងនោះ ពេលនេះត្រូវបានអាជ្ញាធរឃាត់ខ្លួនយកមកអប់រំណែនាំ...។

តាមរយៈ អាជ្ញាធរខេត្តក្រចេះ បានឱ្យដឹងថា កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ នៅថ្ងៃទី១០ ខែមេសានេះ បានធ្វើការអប់រំក្រុមយុវជនចំនួន៦នាក់ ក្រោយពួកគេបានថតវីដេអូមានប្រវែងជិត ១នាទីរួចផ្សព្វផ្សាយលើបណ្តាញសង្គម ដោយបានបង្ហាញអំពីសកម្មភាពបង្ហោះម៉ូតូលើដងផ្លូវសាធារណៈ។ អាជ្ញាធរ ឱ្យដឹងបន្ថែមថា វិធានការអប់រំទៅលើក្រុមយុវជនទាំងនោះ ធ្វើឡើងក្រោមរូបភាព ឱ្យពួកគេដោះកង់មុខម៉ូតូចេញរួចលើកសែងដើរជុំវិញដងទង់ជាតិ និងស្រែកថា ខ្ញុំឈប់បង្ហោះម៉ូតូទៀតហើយ។ អាជ្ញាធរបន្តថា ក្រៅតែពីការអប់រំអាជ្ញាធរ ក៏បានចាប់កោរសក់ និងឱ្យក្រុមយុវជនទាំងនោះថ្វាយបង្គំឪពុកម្តាយ ក្នុងន័យឱ្យពួកគេរាងចាល និងទទួលស្គាល់កំហុស និងដើម្បីឱ្យបញ្ឈប់សកម្មភាពដែលសង្គមកំពុងស្អប់ខ្ពើម។

គួរឱ្យដឹងបន្ថែមថា កាលពីពេលថ្មីៗនេះ ក្រុមយុវជនខាងលើបានធ្វើសកម្មភាពបង្ហោះម៉ូតូយ៉ាងអនាធិបតេយ្យនៅលើដងផ្លូវសាធារណៈមួយកន្លែង ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តក្រចេះ ហើយពួកគេបានថតវីដេអូបង្ហោះលើបណ្ដាញសង្គមដោយសរសេរខ្លឹមសារថា «ចង់ក្រឡុកនៅខេត្តក្រចេះ» ដែលសកម្មទាំងនេះ ធ្វើឱ្យមហាជនរិះគន់ និងសំណូមពរដល់អាជ្ញាធរខេត្តក្រចេះ មានប្រធានការទៅលើក្រុមយុវជនទាំងនោះឱ្យបានឆាប់រហ័ស។ ក្រោយពីទទួលបានការស្នើពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ភ្លាមៗនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន សហការជាមួយនគរបាលនៃអធិការដ្ឋានស្រុកឆ្លូង ចុះស្រាវជ្រាវ និងឃាត់ខ្លួនបានចំនួន៦នាក់រួចមកអប់រំតែម្ដង។ ដោយឡែក ក្រុមយុវជនមួយចំនួនទៀត ដែលបានចូលរួមក្នុងសកម្មខាងលើ និងកំពុងរត់គេចខ្លួន អាជ្ញាធរនឹងស្រាវជ្រាវតាមចាប់ខ្លួនយកមកអប់រំណែនាំឱ្យទាល់តែបាន៕ រាយការណ៍ដោយភ្នាក់ងារ៖ ខេត្តក្រចេះ



