
ទីក្រុងតៃប៉ិ៖ ចិនដីគោក និងចិនដែនដីទឹក ជាបងប្អូនឈាមជ័រតែមួយ ប៉ុន្តែបានបែកបាក់ ឃ្លាតឆ្ងាយពីគ្នាអស់រយៈពេលជាច្រើនទសវត្សរ៍ ចាប់តាំងពីបក្សកុម្មនិស្ដចិន ក្រោមការដឹកនាំរបស់លោកប្រធាន ម៉ៅ សេទុង (Mao Zedong) ទទួលជ័យជម្នះ នៅក្នុងសង្គ្រាមស៊ីវិលចិន លើក្រុមអ្នកជាតិនិយមគួមីនតាំង (Kuomintang) ក្នុងអំឡុងឆ្នាំ១៩៤៩ រហូតមក។ ប៉ុន្ដែឥឡូវនេះ រដ្ឋមន្រ្ដីក្រសួងការងាររបស់ចិនដីទឹក (កោះតៃវ៉ាន់) បានប្រកាស អំពីការបោះជំហានទៅជាន់ដីរបស់ចិនដីគោក ជាលើកដំបូងរបស់ខ្លួន នៅក្នុងកម្រិតថ្នាក់រដ្ឋមន្រ្ដី ចំពេលរដ្ឋាភិបាលរដ្ឋធានីប៉េកាំង បង្កើនសម្ពាធយ៉ាងខ្លាំងលើទីក្រុងតៃប៉ិ។

សារព័ត៌មាន Taiwan News បានចេញផ្សាយព័ត៌មាននៅព្រឹកថ្ងៃពុធទី២ ខែកញ្ញា នេះថា លោក ហុង ស៊ុន-ហាន (Hung Sun-han) រដ្ឋមន្រ្ដីក្រសួងការងារតៃវ៉ាន់ បានបញ្ជាក់កាលពីថ្ងៃអង្គារថា លោកបានទទួលការអញ្ជើញជាផ្លូវការពីអង្គការ APEC ដែលមានសមាជិកចំនួន២១ប្រទេស នឹងចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ស្តីពីការអភិវឌ្ឍធនធានមនុស្សនៅទីក្រុងណានជីង (Nanjing) ប្រទេសចិន នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ខាងមុខ។ ដំណើរទស្សនកិច្ចនេះ នឹងធ្វើឱ្យលោក ហុង ក្លាយជារដ្ឋមន្ត្រីដំបូងគេ នៅក្នុងរដ្ឋបាលរបស់ប្រធានាធិបតីតៃវ៉ាន់ ឡៃ ឈីង-តេ (Lai Ching-te) ដែលធ្វើដំណើរទៅកាន់ប្រទេសចិនដីគោក។ ស្របគ្នានេះដែរ លោក ហុង បានឱ្យដឹងទៀត ថា លោកតំណាងតៃវ៉ាន់ នឹងចូលរួមនៅក្នុងនាមជាសមាជិកពេញសិទ្ធិរបស់អង្គការ APEC ហើយនឹងទទួលបានសិទ្ធិចូលរួមដោយស្មើភាពគ្នា។ នេះបើយោងតាមសារព័ត៌មាន LTN។

ដើម្បីឆ្លើយតបនឹងក្ដីបារម្ភអំពីសុវត្ថិភាព នៃដំណើរទស្សនកិច្ចនេះ ក្រសួងការបរទេសកោះតៃវ៉ាន់ បានបញ្ជាក់កាលពីថ្ងៃអង្គារថា មានការធ្វើដំណើរជាង៣០០លើក ពីកោះតៃវ៉ាន់ ទៅកាន់ប្រទេសចិន សម្រាប់កិច្ចប្រជុំ APEC ផ្សេងៗ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២៥ រហូតមក ដោយមិនមានសេចក្ដីរាយការណ៍ អំពីឧប្បត្តិហេតុអាក្រក់ណាមួយឡើយ។ រដ្ឋមន្រ្ដីក្រសួងការងារតៃវ៉ាន់ លោក ហុង ស៊ុន-ហាន ក៏បានសង្កត់ធ្ងន់ផងដែរថា អង្គការ APEC គឺជាយន្តការសហប្រតិបត្តិការពហុភាគីដ៏សំខាន់មួយ ដែលកោះតៃវ៉ាន់ ចូលរួមក្នុងនាមជាសមាជិកពេញសិទ្ធិ។ ក្រោមបទដ្ឋាន និងគំរូរបស់ APEC គឺប្រទេសសមាជិកទាំងអស់ ត្រូវតែប្រកាន់ខ្ជាប់នូវគោលការណ៍ស្នូល នៃការចូលរួម ដោយស្មើភាព។ APEC បានផ្តល់វេទិកាដ៏សំខាន់មួយដល់កោះតៃវ៉ាន់ ជាយូរមកហើយ សម្រាប់ការចូលរួម និងការបង្ហាញវត្តមាននៅលើឆាកអន្តរជាតិ។

រដ្ឋមន្រ្ដីក្រសួងការងារតៃវ៉ាន់រូបនេះ បាបន្ថែមថា ឆន្ទៈរបស់កោះតៃវ៉ាន់ ក្នុងការចូលរួមជាមួយសហគមន៍អន្តរជាតិ នឹងមិនផ្លាស់ប្ដូរឡើយ ទោះបីជាកិច្ចប្រជុំ APEC ត្រូវបានធ្វើឡើង នៅទីណាក៏ដោយ។ ទាក់ទងនឹងរយៈពេលនៃការស្នាក់នៅ និងថាតើលោករដ្ឋមន្រ្ដី មានគម្រោងជួបបុគ្គលជាក់លាក់ណាមួយ នៅក្នុងប្រទេសចិនដែរឬអត់នោះ លោក ហុង បញ្ជាក់ថា លោកទៅកាន់ទីនោះ គឺគ្រាន់តែដើម្បីទៅចូលរួមកិច្ចប្រជុំប៉ុណ្ណោះ។ លោក ហុង បានឱ្យដឹងបន្ដថា ក្រុមប្រឹក្សាកិច្ចការចិនដីគោក (Mainland Affairs Council) និងមូលនិធិផ្លាស់ប្ដូរឆ្លងច្រកសមុទ្ទ (Straits Exchange Foundation) បានដឹងអំពីបញ្ហាពាក់ព័ន្ធនឹងការធ្វើដំណើរទស្សនកិច្ច និងសុវត្ថិភាព ជាយូរមកហើយ។

ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្ដីក្រសួងការងារតៃវ៉ាន់ ធ្វើឡើងចំពេលមានក្ដីបារម្ភអំពីហេតុការណ៍ដ៏អាក្រក់ណាមួយ អាចនឹងកើតឡើងមកលើមន្ត្រីតៃវ៉ាន់រូបនេះ នៅក្នុងប្រទេសចិន។ ជាមួយនឹងការព្រួយបារម្ភបែបនេះ សមាជិកសភាមកពីគណបក្សកាន់អំណាចរបស់តៃវ៉ាន់ DPP លោកស្រី វូ ហ្ស៊ូ-យ៉ាវ (Wu Szu-yao) បានព្រមាន កាលពីថ្ងៃអង្គារថា មន្ត្រីតៃវ៉ាន់ដែលទៅបំពេញទស្សនកិច្ចនៅប្រទេសចិន អាចប្រឈមមុខនឹងការប្រព្រឹត្តមិនស្មើភាពគ្នា ឬការជ្រៀតជ្រែកផ្នែកនយោបាយ ជាមួយនឹងការក្រើនរម្លឹក គួរតែមានវិធានការប្រុងប្រយ័ត្ន៕






