
រដ្ឋធានីសេអ៊ូល៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានទម្លាយរបាយការណ៍សម្ងាត់ថា កូរ៉េខាងជើង កំពុងតែបន្តលួចលាក់រៀបចំផែនការ និងប្រមូលកម្លាំងទ័ព ដើម្បីត្រៀមបញ្ជូនទៅជួយសង្គ្រាមរបស់រុស្ស៊ីបន្ថែមទៀត ប៉ុន្តែគេមិនទាន់ឃើញសញ្ ញានៃការចាត់បញ្ជូនទ័ពភ្លាមៗ នៅឡើយ។

ការទម្លាយព័ត៌មាននេះ បានកើតឡើង បន្ទាប់ពីលោកស្រី គីម យ៉ូជុង (Kim Yo Jong) ដែលជាប្អូនស្រីបង្កើតរបស់មេដឹកនាំផ្តាច់ការ លោក គីម ជុងអ៊ុន បានចេញមុខបដិសេធយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់របស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) ដែលថា របបព្យុងយ៉ាង កំពុងត្រៀមបញ្ជូនកងទ័ព រហូតដល់ ៥០០០០នាក់បន្ថែមទៀត ទៅជួយរុស្ស៊ី ដែលកំពុងតែធ្វើសង្គ្រាមរបស់ខ្លួន នៅក្នុងប្រទេសអ៊ុយក្រែន។

ផ្អែកតាមរបាយការណ៍ស៊ើបការណ៍សម្ងាត់នោះ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានលាតត្រដាងថា រដ្ឋធានីព្យុងយ៉ាងបានលួចផ្គត់ផ្គង់គ្រាប់កាំភ្លើងធំ ទំហំ១៥២មិល្លីម៉ែត្រទៅឱ្យរុស្ ស៊ីលើសពី ១៥លានគ្រាប់ រួមទាំងប្រព័ន្ធមីស៊ីលបាល្លិស្ទីករយៈចម្ងាយខ្លីផងដែរ។ មិនតែប៉ុណ្ណោះ របាយការណ៍បង្ហាញ ថា មីស៊ីលកូរ៉េខាងជើង មានសមត្ថភាពស្វែងរកគោលដៅយ៉ាងច្បាស់ ដោយមានការជួយជ្រោមជ្រែងបច្ចេកវិទ្យា និងគ្រឿងបន្លាស់ពីប្រទេសរុស្ស៊ី។

ទោះបីជារដ្ឋធានីម៉ូស្គូ និងរដ្ឋធានីព្យុងយ៉ាង តែងតែចេញមុខបដិសេធ ចំពោះការជួញដូរអាវុធ និងកម្លាំងទ័ពយ៉ាងណាក៏ដោយ ប៉ុន្តែភស្តុតាងស៊ើបការណ៍សម្ងាត់ពីកូរ៉េខាងត្បូង អ៊ុយក្រែន និងលោកខាងលិច បានបង្ហាញយ៉ាងច្បាស់ថា សម្ពន្ធភាពយោធាខុស រវាងប្រទេសទាំង២ បានឈានដល់កម្រិតអាសន្ន និងកំពុងតែបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់សន្តិសុខរបស់ពិភពលោក៕



