កីឡាករផ្ទះលេខពីរ សិទ្ធិឆៃ អាចនឹងសន្លប់ធំ ពេល តៃម៉ូ ហ៊ីសៃ ចូលខ្លួនមកជំនួសកីឡាករអាមេធ
Chanmarady Chuon
មួយម៉ោងមុន

គុនខ្មែរ៖ អ្នកលេងក្បាច់គុនសាម៉ូរ៉ៃជប៉ុន តៃម៉ូ ហ៊ីសៃ (Taimu Hisai) ដែលជាអ្នកប្រយុទ្ធបេះដូងដែក និងជាដៃគូចាស់របស់ក្របីព្រៃ ពេជ្រ សម្បត្តិ កំពុងធ្វើឱ្យអ្នកគាំទ្រគុនខ្មែរនៅប្រទេសកម្ពុជា មានអារម្មណ៍រំភើបជាខ្លាំង បន្ទាប់ពីរូបគេនឹងត្រូវប្រកួតជាមួយកីឡាករផ្ទះលេខពីរ សិទ្ធិឆៃ ជំនួសកីឡាករអាល្លឺម៉ង់ អាមេធ (Ahmad) ដែលត្រូវអាក់ខាន…។

ជាការប្រកួតមួយដែលអ្នកគាំទ្រគុនខ្មែររង់ចាំយ៉ាងអន្ទះសា នាព្រឹត្តិការណ៍ Knock Out-Black នៅប្រទេសជប៉ុន ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៦ខាងមុខនេះ។ កីឡាករ តៃម៉ូ ហ៊ីសៃ នឹងចូលខ្លួនមកជំនួសកីឡាករអាល្លឺម៉ង់ អាមេធ (Ahmad) ជួប សិទ្ធិឆៃ ជាមួយនឹងការបង្ហាញខ្លួនរបស់កីឡាករគុនខ្មែរ៣រូបទៀត គឺ កីឡាករ ម៉ឺន មេឃា, អេ អាំម៉ារីនភូថង និងគោរមៈ ច័ន្ទរាជ្យ ផងដែរ។ អ្វីដែលធ្វើឱ្យអ្នកស្នេហាកីឡាប្រដាល់គុនខ្មែរភ្ញាក់ផ្អើលនោះគឺ តៃម៉ូ ត្រូវបង្ខំចិត្តដំឡើងទម្ងន់យ៉ាងគំហុក ពីទម្ងន់៦០គីឡូក្រាម រហូតដល់ជិត៧០គីឡូក្រាម ដើម្បីបំពេញកន្លែងទំនេរដ៏ទាន់ហន់នេះ។ ការដំឡើងគីឡូខុសធម្មតាបែបនេះ ក៏អាចជាបញ្ហាមួយដែរសម្រាប់អ្នកប្រយុទ្ធគុនខ្មែរលេងផ្លែដាវសាម៉ូរ៉ៃជប៉ុនរូបនេះ ព្រោះរូបគេត្រូវជួបតតាំងជាមួយអ្នកលេងចម្លងក្បាច់គុនខ្មែរ សិទ្ធិឆៃ ស៊ីតសងផេនណង ដែលជាអ្នកប្រយុទ្ធស្ទាត់ជំនាញ និងមានបទពិសោធច្រើនលើសង្វៀន។

យ៉ាងណា សម្រាប់អ្នកលេងគុនខ្មែរមកពីជប៉ុនរូបនេះ ក៏ធ្លាប់បរាជ័យក្រោមកណ្ដាប់ដៃកីឡាករ ពេជ្រ សម្បត្តិ ពីរលើករួចមកហើយ ពោលគឺលើកទី១ នៅកម្ពុជា និងលើកទី២ នៅប្រទេសកំណើតរបស់ខ្លួន។ តែទោះជាយ៉ាងណាក៏ដោយ តៃម៉ូ ហ៊ីសៃ ជាកីឡាករជប៉ុនដំបូងគេ ដែលបានឆក់យកបេះដូងអ្នកគាំទ្រគុនខ្មែរទូទាំងប្រទេស ដោយសារស្នៀតប្រយុទ្ធ ស្មារតីតស៊ូ ភាពអំណត់ ជាអ្នកប្រយុទ្ធមិនញញើតដៃគូរបស់ខ្លួន និងមានរូបរាងស្រស់សង្ហាផងដែរ។ សម្រាប់អ្នកគាំទ្រកម្ពុជា ទោះបី តៃម៉ូ ហ៊ីសៃ ដំឡើងគីឡូខុសពីគីឡូដើម និងធ្លាប់ប្រកួតចាញ់កីឡាករកម្ពុជា ពេជ្រ សម្បត្តិ ក៏ពិតមែន ប៉ុន្តែសម្រាប់ជំនួបជាមួយ សិទ្ធិឆៃ ស៊ីតសងផេនណង អ្នកគាំទ្រកម្ពុជាជឿជាក់ និងសង្ឃឹមយ៉ាងមុតមាំថា អ្នកលេងគុនខ្មែរចិត្តមុតដូចដាវសាម៉ូរ៉ៃរូបនេះ នឹងកាច់បំបាក់ចង្កូមខ្លាចាស់វង្វេងប្រវត្តិសាស្ត្រក្បាច់គុនមួយនេះ ឱ្យសន្លប់ធំនៅលើសង្វៀន ជាក់ជាមិនខាន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត