ដឹងតែកក្រើក! អត្តពលិកកម្ពុជា៦៦រូប ចូលរួមដណ្តើមមេដាយក្នុងព្រឹត្តិការណ៍គុនខ្មែរជើងឯកទ្វីបអាស៊ីលើកទី១ នៅវៀតណាម
Chanmarady Chuon
28 សីហា 2026 01:30 PM

គុនខ្មែរ៖ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ គុនខ្មែរជើងឯកទ្វីបអាស៊ីលើកទី១ ឆ្នាំ២០២៦ (1st Asian Kun Khmer Championship 2026) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ នៅទីក្រុងព្រែកឫស្សី កម្ពុជាក្រោម ឬទីក្រុងកឹងធើ (Cần Thơ) ប្រទេសវៀតណាម ដោយមានប្រទេសក្នុងតំបន់អាស៊ី ចូលរួមប្រកួតប្រជែងយកមេដាយទាំង៣ប្រភេទ សរុបចំនួន១៦ប្រទេស…។

ដើម្បីតំណាងឱ្យជាតិ និងដណ្តើមមេដាយកិត្តិយសជូនប្រទេសកម្ពុជា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបញ្ជូនប្រតិភូកីឡា និងអត្តពលិកសរុបចំនួន៦៦រូប ទៅចូលរួមក្នុងព្រឹត្តិការណ៍ប្រដាល់គុនខ្មែរដ៏ធំ ប្រចាំទ្វីបអាស៊ី នៅប្រទេសវៀតណាម។ ការរៀបចំប្រកួតជើងឯកទ្វីបអាស៊ីជាលើកដំបូងនេះ គឺជាជំហានដ៏ធំមួយក្នុងការជំរុញ និងផ្សព្វផ្សាយគុនខ្មែរទៅកាន់ឆាកអន្តរជាតិ។ ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាវេទិកាសម្រាប់ក្រុមអត្តពលិកចម្រុះជាតិសាសន៍ក្នុងតំបន់អាស៊ី មកពី១៦ប្រទេស បង្ហាញសមត្ថភាពប្រកួត ផ្លាស់ប្ដូរបទពិសោធ និងពង្រឹងកម្រិតបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសសំខាន់ក្នុងការដំឡើងស្ដង់ដាររៀបចំការប្រកួត ព្រមទាំងពង្រឹងសមត្ថភាពមន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល និងចៅក្រមឱ្យមានកម្រិតជាអន្តរជាតិផងដែរ។

ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ប្រចាំប្រទេសកម្ពុជា និងជាអគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិ (KIF) លោក ខូវ ឆាយ បានលើកឡើងថា ព្រឹត្តិការណ៍នេះ បានស្តែងឱ្យឃើញពីការទទួលស្គាល់គុនខ្មែរកាន់តែទូលំទូលាយនៅក្នុងតំបន់អាស៊ី អឺរ៉ុប អាម៉េរិក អាហ្វ្រិក។ល។ ព្រមទាំងបានចូលរួមចំណែកពង្រឹងចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរវប្បធម៌រវាងបណ្តាប្រទេសទាំងអស់តាមរយៈវិស័យកីឡាគុនខ្មែរនេះ។ លោក ខូវ ឆាយ សង្កត់ធ្ងន់ថា៖«ជើងឯកអាស៊ីលើកទី១នេះ គឺជាការសង់គ្រឹះដ៏រឹងមាំឆ្ពោះទៅកាន់ការរៀបចំព្រឹត្តិការណ៍ជាបន្តបន្ទាប់ និងជាកម្លាំងជំរុញដ៏សំខាន់ឱ្យគុនខ្មែរ ដែលជាកេរដំណែលដ៏មានតម្លៃរបស់បុព្វបុរសខ្មែរ កាន់តែល្បីល្បាញ រីកចម្រើន និងបន្តឈានឆ្ពោះទៅកាន់ពិភពលោក កាន់តែឆ្ងាយទៅៗ..»៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត