
រដ្ឋធានីតេហ៊ីរ៉ង់៖ ជម្លោះនៅតំបន់មជ្ឈិមបូព៌ា ក្តៅដូចបាយពុះ ខណៈកងឆ្មាំបដិវត្ដន៍អ៊ិស្លាមអ៊ីរ៉ង់ បានបង្កើនការវាយប្រហារសឹកភ្លាមៗ ទៅលើមូលដ្ឋានយោធារបស់សហរដ្ឋអាម៉េរិក នៅក្នុងប្រទេសឈូងសមុទ្ទ...។

បណ្ដាញទូរទស្សន៍ចក្រភពអង់គ្លេស BBC បានចេញផ្សាយនៅព្រឹកថ្ងៃពុធទី២ ខែកញ្ញា នេះថា ទីបញ្ជាការកណ្ដាលសហរដ្ឋអាម៉េរិក (CENTCOM) បានបញ្ជាក់អំពីកងកម្លាំងសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានបន្ដវាយប្រហារប្រឆាំងអ៊ីរ៉ង់។ ការវាយប្រហាររបស់សហរដ្ឋអាម៉េរិក ធ្វើឡើងបន្ទាប់ពីកងកម្លាំងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ (IRGC) ប៉ុនប៉ងវាយប្រហារ ទៅលើកប៉ាល់ដឹកទំនិញពាណិជ្ជកម្ម ឆ្លងកាត់ច្រកសមុទ្ទហ័រមូស្ស (Strait of Hormuz) ដែលជាផ្លូវទឹកដ៏សំខាន់មួយរបស់ពិភពលោក។

ស្របគ្នានេះដែរ អង្គការអឌ្ឍចន្ទក្រហមអ៊ីរ៉ង់ បានរាយការណ៍ថា ការវាយប្រហាររបស់កងកម្លាំងយោធារបស់សហរដ្ឋអាម៉េរិក បានបណ្ដាលឲ្យអំបែងគ្រាប់មីស៊ីល ខ្ទាតទៅត្រូវផ្ទះមួយខ្នង ដែលកំពុងរៀបចំពិធីមង្គលការ នៅក្នុងតំបន់ស៊ីរីក (Sirik) ភាគខាងត្បូងប្រទេសអ៊ីរ៉ង់។ ហេតុកាណ៍នោះ បានសម្លាប់មនុស្សចំនួន៤នាក់ រួមទាំងក្មេងតូចម្នាក់ និងជាង៥០នាក់ផ្សេងទៀតរងរបួស។ ជាការឆ្លើយតបវិញ អ៊ីរ៉ង់ បានបើកការវាយប្រហារ ទៅលើមូលដ្ឋានយោធារបស់សហរដ្ឋអាម៉េរិក ជាច្រើនកន្លែង នៅក្នុងប្រទេសអ៊ីរ៉ាក់, ហ៊្សកដានី, គូវ៉ែត និងបារ៉ែន។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងកងកម្លាំងប្រដាប់អាវុធរបស់ហ្ស៊កដានី។

បើតាមទីភ្នាក់ងារព័ត៌មានពាក់កណ្ដាលផ្លូវការរបស់អ៊ីរ៉ង់ Tasnim បានរាយការណ៍ ថា កងឆ្មាំបដិវត្ដន៍អ៊ិស្លាមអ៊ីរ៉ង់ (IRGC) បានព្រមានសហរដ្ឋអាម៉េរិក ថានឹង«សោកស្តាយ» ចំពោះការវាយប្រហាររបស់ពួកគេ។ ស្របគ្នា ជាមួយនឹងការព្រមានដល់សត្រូវ អ៊ីរ៉ង់ក៏បានបាញ់មីស៊ីលបាល្លិស្ទីកជាច្រើនគ្រាប់ នៅព្រឹកថ្ងៃពុធនេះ សំដៅទៅលើមូលដ្ឋានកងម៉ារីនសហរដ្ឋអាម៉េរិកមួយកន្លែង នៅតំបន់អាកាបា (Aqaba) ស្ថិតក្នុងប្រទេសហ្ស៊កដានី ដើម្បីជាការសងសឹក ចំពោះការវាយប្រហាររបស់ពួកគេ មកលើតំបន់ស៊ីរីក (Sirik) នាភាគខាងត្បូងរបស់ប្រទេសអ៊ីរ៉ង់។

ដោយឡែក កងកម្លាំងប្រដាប់អាវុធហ្ស៊កដានី បានឱ្យដឹងថា ខ្លួនបានស្ទាក់ចាប់គ្រាប់មីស៊ីលផ្លោងចំនួន១៣គ្រាប់ ដោយក្នុងនោះ១០គ្រាប់ ត្រូវបានបំផ្លាញចោល ខណៈចំនួន៣គ្រាប់ទៀត បានធ្លាក់នៅតំបន់ដាច់ស្រយាល។ ប៉ុន្ដែនៅក្នុងហេតុការណ៍នេះ មិនមានករណីស្លាប់ ឬរបួសណាមួយនោះទេ។ ទន្ទឹមគ្នានេះ មជ្ឈមណ្ឌលសន្តិសុខជាតិរបស់ប្រទេសហ្ស៊កដានី បានព្រមានដល់ប្រជាពលរដ្ឋ រស់នៅក្នុងខេត្តអាកាបា និងម៉ាកហ្វ្រាក់ (Mafraq) អំពីហានិភ័យ នៃបំណែកគ្រាប់មីស៊ីលដែលធ្លាក់មកក្រោម។កងទ័ពគុយវ៉ែត ក៏បានឱ្យដឹងដែរថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន កំពុងឆ្លើយតប ទៅនឹងការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់នៅព្រឹកថ្ងៃពុធនេះដូចគ្នា៕





