
សិង្ហបុរី៖ ប្រទេសសិង្ហបុរី ដែលត្រូវគេចាត់ថ្នាក់ជាប្រទេសមានបំផុតលំដាប់ទី២របស់ពិភពលោក ផ្អែកលើផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់មនុស្សម្នាក់ៗ នៅឆ្នាំ២០២៥ កំពុងរៀបចំលក់អចលនទ្រព្យជាង៨០កន្លែង និងទំនិញប្រណីតៗ ជាង១០០០មុខ ដែលរឹបអូសពីការបង្រ្កាបករណីលាងលុយដ៏ធំសម្បើម មានទំហំទឹកប្រាក់រហូតដល់៣ពាន់លានដុល្លារសិង្ហបុរី ឬស្មើនឹង២,៤ពាន់លានដុល្លារអាម៉េរិក។ នេះបើតាមការផ្សាយរបស់សារព័ត៌មានរបស់វៀតណាម VN Express...។

បើតាមក្រុមហ៊ុន Deloitte Singapore ត្រូវបានតែងតាំងដោយកងកម្លាំងប៉ូលិសសិង្ហបុរី កាលពីខែកក្កដា ឆ្នាំ២០២៥ ដើម្បីគ្រប់គ្រង និងលក់ចេញនូវទ្រព្យសកម្ម មិនមែនជាសាច់ប្រាក់ដែលបានរឹបអូស គឺទ្រព្យសកម្មទាំងនេះ នឹងត្រូវដាក់លក់ជាដំណាក់កាលៗ ចាប់ពីខែកញ្ញា រហូតដល់ពាក់កណ្តាល ឆ្នាំ២០២៧។ អចលនទ្រព្យទាំងនោះ រួមមាន៖ អចលនទ្រព្យប្រណីតៗ ដែលជាប់ពាក់ព័ន្ធនឹងបណ្តាញលាងលុយខ្មៅ។ បើតាមទីភ្នាក់ងារព័ត៌មាន Bloomberg រាយការណ៍ថា អាជ្ញាធរធ្លាប់បានរឹបអូសអចលនទ្រព្យជាង២០០កន្លែងរួចមកហើយ រួមមាន៖ ផ្ទះនៅក្នុងតំបន់សំខាន់ៗ ដូចជា Orchard Road និង Sentosa ជាដើម។ ឥឡូវ អចលនទ្រព្យជាង៨០កន្លែង ត្រូវបានកំណត់ឱ្យដាក់លក់ជាបន្តបន្ទាប់។

រីឯក្រុមហ៊ុនអចលនទ្រព្យ ដូចជា SRI, Edmund Tie & Company និង Knight Frank ត្រូវបានតែងតាំងឱ្យទទួលបន្ទុកការដេញថ្លៃលក់អចលនទ្រព្យទាំងនេះ ខណៈអចលនទ្រព្យមួយចំនួន ត្រូវបានជ្រើសរើស នឹងត្រូវដាក់លក់ដោយក្រុមហ៊ុន List International Realty តាមរយៈដំណើរការទទួលការបង្ហាញចំណាប់អារម្មណ៍ពីអ្នកទិញ។ ការដេញថ្លៃពីរលើកដំបូង នឹងចាប់ផ្តើមនៅថ្ងៃទី៧ ខែកញ្ញា ដោយមានដាក់លក់កាបូបដៃ គ្រឿងតុបតែង និងគ្រឿងអលង្ការដ៏ប្រណិតរាប់រយមុខ។ ក្នុងចំណោមវត្ថុមានតម្លៃបំផុតទាំងនោះ គឺចិញ្ចៀនពេជ្រពណ៌លឿងទំហំ១៥,០២ការ៉ាត់ ដែលបានប៉ាន់ប្រមាណថា មានតម្លៃចន្លោះពី២សែនទៅ៣សែនដុល្លារសិង្ហបុរី។

ការលក់ទ្រព្យសម្បត្តិទាំងនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរ នៅក្នុងការទាញយកទ្រព្យសម្បត្តិត្រឡប់មកវិញ ពីករណីលាងលុយកខ្វក់ដ៏ធំបំផុតរបស់ប្រទេសសិង្ហបុរី ដែលត្រូវបានលាតត្រដាង បន្ទាប់ពីការចុះបង្ក្រាបរបស់ប៉ូលិស នៅទូទាំងប្រទេស កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។ ជនបរទេសចំនួន១០នាក់ ត្រូវបានចាប់ខ្លួនក្នុងប្រតិបត្តិការចុះបង្ក្រាបនោះ ក្រោយមក បានកាត់ទោស និងបណ្តេញចេញពីប្រទេស។ ក្នុងអំឡុងពេលស៊ើបអង្កេត អាជ្ញាធរបានរឹបអូស ឬគ្រប់គ្រងលើទ្រព្យសម្បត្តិ ដែលមិនមែនជាសាច់ប្រាក់មានតម្លៃប្រហែល១,២៥ពាន់លានដុល្លារសិង្ហបុរី រួមមាន៖ អចលនទ្រព្យ រថយន្ត ស្នាដៃសិល្បៈ នាឡិកា គ្រឿងអលង្ការ ដុំមាស និងកាបូបប្រណីតៗ។

រដ្ឋាភិបាល ក៏បានរឹបអូសប្រាក់ជាង១,៤៥ពាន់លានដុល្លារសិង្ហបុរី ដែលរក្សាទុកនៅក្នុងគណនីធនាគារ និងប្រាក់សុទ្ធជាង៧៦លានដុល្លារសិង្ហបុរី ព្រមទាំងរូបិយបណ្ណគ្រីបតូ (cryptocurrency) ដុំមាសចំនួន៦៨ដុំ កាបូបប្រណីតចំនួន៤៨៣ នាឡិកាម៉ាកល្បីៗចំនួន១៦៩ និងគ្រឿងអលង្ការចំនួន៥៨០មុខផងដែរ។ គិតត្រឹមដំណាច់ឆ្នាំសារពើពន្ធ២០២៥ ប្រាក់សុទ្ធប្រហែល១,៤ពាន់លានដុល្លារសិង្ហបុរី ដែលបានរឹបអូសមកពីគណនីធនាគារ និងប្រាក់ដែលទទួលបានពីការលក់ទ្រព្យសម្បត្តិផ្សេងៗទៀត ត្រូវបានបង់ចូលទៅក្នុងមូលនិធិរួមរបស់ប្រទេសសិង្ហបុរីរួចហើយ។ ប្រាក់ចំណូលដែលទទួលបានពីការលក់ទ្រព្យសម្បត្តិថ្មីៗនេះ ក៏នឹងត្រូវបង់ចូលទៅក្នុងមូលនិធិនោះផងដែរ៕




