
រាជធានីឡុងដ៍៖ ស្របពេលស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ា កំពុងបន្ដឡើងកម្ដៅ ភាគីជម្លោះទាំង២ សហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ កំពុងពាក់មុខយក្សដាក់គ្នា និងដំឡើងសាច់ដុំរៀងខ្លួននោះ ក៏មានសេចក្ដីរាយការណ៍ជាថ្មី អំពីកប៉ាល់ដឹកប្រេងមួយគ្រឿង បានរងការវាយប្រហារ ដោយវត្ថុមិនស្គាល់អត្ដសញ្ញាណ...។

បណ្ដាញទូរទស្សន៍រដ្ឋអារ៉ាប៊ីសាអូឌីត Al Arabiya News បានចេញផ្សាយនៅរសៀលថ្ងៃអង្គារទី១ ខែកញ្ញានេះថា ទីភ្នាក់ងារដែនសមុទ្ទរបស់ចក្រភពអង់គ្លេស បានបញ្ជាក់ នៅថ្ងៃអង្គារថា មាន«វត្ថុហោះមិនស្គាល់អត្តសញ្ញាណចំនួន៣» បានវាយប្រហារទៅលើកប៉ាល់ដឹកប្រេងមួយគ្រឿង នៅច្រកសមុទ្ទហ័រមូស (Hormuz) កាលពីយប់មិញ បន្ទាប់ពីមានការផ្ទុះជម្លោះឡើងវិញ រវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់។ ទីភ្នាក់ងារប្រតិបត្តិការដែនសមុទ្ទចក្រភពអង់គ្លេស (ហៅកាត់ UKMTO) បានប្រកាស នៅលើបណ្តាញសង្គម X នៅថ្ងៃអង្គារថា៖«កប៉ាល់ដឹកប្រេងមួយគ្រឿង ត្រូវគេរាយការណ៍ ថា បានរងការវាយប្រហារដោយវត្ថុហោះមិនស្គាល់ចំនួន៣គ្រាប់ ខណៈកំពុងធ្វើដំណើរចេញពីច្រកសមុទ្ទហ័រមូស។

ហេតុការណ៍វាយប្រហារនេះ កើតឡើងនៅចម្ងាយប្រហែល៣១គីឡូម៉ែត្រ នាភាគខាងកើត នៃទីក្រុងខាសាប (Khasab) ស្ថិតក្នុងប្រទេសអូម៉ង់។ ប៉ុន្ដែទីភ្នាក់ងារនេះ មិនមានរបាយការណ៍ណាមួយ អំពីការបាត់បង់អាយុជីវិត ឬផលប៉ះពាល់នោះឡើយ។ ស្របគ្នានេះដែរ ក្រុមហ៊ុនសន្តិសុខដែនសមុទ្ទវ៉ែនហ្កាដ ធិច (Vanguard Tech) បានកំណត់អត្តសញ្ញាណកប៉ាល់នោះ ជាកប៉ាល់កម្មសិទ្ធិរបស់សេណេហ្កាល់ (Senegal) ដែលបានចុះបញ្ជីនៅប្រទេសលីប៊ី។ គ្រាប់រ៉ុក្កែតនោះ បានបុកចំផ្នែកខាងឆ្វេង នៃកប៉ាល់ បន្ទប់ម៉ាស៊ីន និងធុងទឹកសម្រាប់រក្សាលំនឹងកប៉ាល់ (Ballast tank) បណ្ដាលឱ្យបាត់បង់ទំនាក់ទំនង ប៉ុន្ដែបុគ្គលិកនៅលើកប៉ាល់នោះ គឺមានសុវត្ថិភាព។ រដ្ឋាភិបាលរដ្ឋធានីតេហ៊ីរ៉ង់ បានដាក់ចេញនូវវិធានការយ៉ាងតឹងរឹង បិទខ្ទប់ផ្លូវទឹកដ៏សំខាន់របស់ពិភពលោកមួយនេះ ចាប់តាំងពីសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល បានវាយប្រហារ នៅក្នុងសង្គ្រាមរបស់ប្រទេសសម្ព័ន្ធមិត្តទាំង២នេះ ប្រឆាំងនឹងអ៊ីរ៉ង់ កាលពីចុងខែកុម្ភៈ រហូតមក។

អ៊ីរ៉ង់ ប្រកាសថា ខ្លួនចង់គិតថ្លៃសេវា សម្រាប់ការធ្វើដំណើរឆ្លងកាត់ ហើយវាយប្រហារលើកប៉ាល់នានា តាមអ្វីដែលរដ្ឋាភិបាលរដ្ឋធានីតេហ៊ីរ៉ង់ ចោទប្រកាន់ថា កប៉ាល់ទាំងនោះ ព្យាយាមគេចវេះពីផ្លូវដែលខ្លួនកំណត់ សម្រាប់ការធ្វើដំណើរឆ្លងកាត់ តាមច្រកសមុទ្ទហ័រមូស។ ប៉ុន្ដែជាការឆ្លើយតប សហរដ្ឋអាម៉េរិក ក៏បានដាក់ចេញនូវវិធានការដ៏ម៉ឺងម៉ាត់ បិទផ្លូវសមុទ្ទធ្វើដំណើរទៅកាន់កំពង់ផែ ទាំងអស់របស់អ៊ីរ៉ង់ផងដែរ៕





