
រាជធានីភ្នំពេញ៖ ក្រោយមានការជជែកវែកញែកយ៉ាងផុលផុស ជុំវិញករណី«ត្រីស្ទក់» ដែល នាយពាក់មី យកមកចម្អិន និងបង្ហោះលើបណ្តាញសង្គម អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឃឹម ហ្វីណង់ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦នេះថា ករណីនេះ គួរត្រូវយកជាមេរៀន ដើម្បីបង្កើនការយល់ដឹងរបស់សាធារណជន អំពីការអភិរក្សធនធានជលផល ជាជាងការបន្ទោសគ្នាទៅវិញទៅមក...។

លោក ឃឹម ហ្វីណង់ បញ្ជាក់ថា ការចូលរួមបញ្ចេញមតិយ៉ាងផុលផុសរបស់មហាជនចំពោះករណីនេះ គឺជាសញ្ញាវិជ្ជមាន ដែលបង្ហាញពីការយកចិត្តទុកដាក់កាន់តែខ្ពស់ចំពោះការអភិរក្សធនធានធម្មជាតិ។ លោកបន្ថែមថា កន្លងទៅ នាយ ពាក់មី បានចូលរួមផ្សព្វផ្សាយសារអប់រំ និងទប់ស្កាត់បទល្មើសនេសាទ។ ទោះជាយ៉ាងណា ការស្គាល់ប្រភេទត្រី ដែលកំពុងរងការគំរាមកំហែងនៅតែជាបញ្ហាប្រឈមសម្រាប់មនុស្សទូទៅ។ លោក ឃឹម ហ្វីណង់ គូសរំលេចថា៖«[..]ជាជាងការបន្តដេញដោលលើករណីនេះ យើងគួរទាញយកជាបទពិសោធ និងការសន្និដ្ឋានរួមមួយ សម្រាប់ការដើរទៅមុខទាំងអស់គ្នា[..]»។ ក្នុងន័យនេះ លោកចាត់ទុកហេតុការណ៍នេះ ជាមេរៀនមួយសម្រាប់សាធារណជន ឱ្យបង្កើនការប្រុងប្រយ័ត្ន និងស្វែងយល់ជាមុនអំពីប្រភេទត្រី ឬជលផលដែលត្រូវយកមកបរិភោគ ថា តើជាប្រភេទកម្រ ឬកំពុងរងគ្រោះថ្នាក់ដែរឬទេ...?

ជាមួយគ្នា លោកបានសង្កត់ធ្ងន់ថា ការបន្តផ្សព្វផ្សាយ និងអប់រំអំពីប្រភេទជលផលដែលកំពុងរងការគំរាមកំហែង គឺជារឿងចាំបាច់ ដើម្បីឱ្យការចូលរួមការពារធនធានជលផលកាន់តែមានប្រសិទ្ធភាព។ លោកអំពាវនាវឱ្យភាគីពាក់ព័ន្ធជៀសវាងការបន្ទោសគ្នា រវាងអ្នកដឹង និងអ្នកមិនដឹង ឬរវាងអ្នកទិញ អ្នកលក់ និងអ្នកនេសាទ ហើយងាកមកចូលរួមគាំទ្រមន្ត្រីជលផល កងកម្លាំង អាជ្ញាធរពាក់ព័ន្ធ និងសកម្មជន ដែលកំពុងខិតខំការពារ និងស្តារធនធានជលផលកម្ពុជាឡើងវិញ។ អ្នកនាំពាក្យរូបនេះ បង្ហាញក្តីសង្ឃឹមថា ព្រឹត្តិការណ៍នេះ នឹងក្លាយជាសារក្រើនរម្លឹកដល់សាធារណជន ឱ្យរួមគ្នាថែរក្សា និងការពារធនធានជលផលកម្ពុជាឱ្យបានគង់វង្ស សម្រាប់កូនចៅជាច្រើនជំនាន់តទៅមុខ។

សូមជម្រាបថា កម្ពុជាមានធនធានជលផលកំពុងរងគ្រោះថ្នាក់ចំនួន៥៨ប្រភេទ ក្នុងនោះទឹកសាប២៩ប្រភេទ និងទឹកប្រៃ២៩ប្រភេទ។ ផលស្តុករបស់ប្រភេទទាំងនេះក្នុងធម្មជាតិបានថយចុះពី៥០ទៅ៨០ភាគរយ។ ហេតុនេះ មុនទិញ លក់ ឬសាកភ្លក់ត្រី និងធនធានជលផលដែលមិនស្គាល់ ត្រូវពិនិត្យ និងស្វែងយល់ជាមុន។ ការចាប់ ទិញ លក់ ប្រមូលផល កែច្នៃ ស្តុក ដឹកជញ្ជូន នាំចេញ ឬនាំចូលធនធានជលផលកំពុងរងគ្រោះថ្នាក់ ត្រូវបានហាមឃាត់ដោយច្បាប់ លើកលែងតែមានការអនុញ្ញាតពីអង្គភាពជំនាញ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបន្តសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីតាមដាន អប់រំ ផ្សព្វផ្សាយ និងចាត់វិធានការចំពោះបទល្មើសស្របតាមច្បាប់៕




