
រាជធានីភ្នំពេញ៖ ក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចចិន-អាស៊ាន ឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី១កញ្ញានេះ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានអំពាវនាវដល់ធុរជន វិនិយោគិន ឱ្យបន្តស្វែងយល់ពីបរិយាកាសវិនិយោគថ្មីៗនៅកម្ពុជា និងពិចារណាជ្រើសយកកម្ពុជា ជាមូលដ្ឋានសម្រាប់ពង្រីកអាជីវកម្មរបស់ខ្លួន…។

លោក ជា វុទ្ធី កត់សម្គាល់ឃើញថា ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា ការប្រែប្រួលភូមិសាស្ត្រនយោបាយ សង្គ្រាម និងការរៀបចំឡើងវិញនៃខ្សែច្រវាក់ផ្គត់ផ្គង់សកល កាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការនៅតែមាន។ លោកគូសបញ្ជាក់ថា អ្វីដែលកម្ពុជាចង់ឃើញបន្ថែមទៀត គឺការបង្កើនការតភ្ជាប់រវាងវិនិយោគិនបរទេស និងសហគ្រាសក្នុងស្រុក ដើម្បីឱ្យការវិនិយោគមិនត្រឹមតែបង្កើតរោងចក្រ និងការងារនោះទេ ប៉ុន្តែអាចបង្កើតការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា ការបណ្ដុះបណ្ដាលធនធានមនុស្ស និងការបង្កើតតម្លៃបន្ថែមកាន់តែច្រើននៅក្នុងប្រទេស ព្រមទាំងជួយឱ្យកម្ពុជា ចូលរួមកាន់តែស៊ីជម្រៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់។

ដើម្បីឱ្យការវិនិយោគរយៈពេលវែងអាចរីកចម្រើនបាន រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីដោះស្រាយបញ្ហាដែលប៉ះពាល់ដោយផ្ទាល់ដល់ថ្លៃដើម និងភាពងាយស្រួលក្នុងការធ្វើអាជីវកម្ម ដូចជា៖ ការបណ្ដុះបណ្ដាលធនធានមនុស្ស, ការកាត់បន្ថយថ្លៃដើមពាណិជ្ជកម្ម និងវិនិយោគ, ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលក្នុងការចុះបញ្ជីគម្រោងវិនិយោគ, ការប្រយុទ្ធប្រឆាំងបទល្មើសអនឡាញ និងវិធានការពាក់ព័ន្ធផ្សេងៗទៀត។ អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានអំពាវនាវដល់ធុរជន និងវិនិយោគិន បន្តស្វែងយល់ពីកាលានុវត្តភាពវិនិយោគថ្មីៗនៅកម្ពុជា និងពិចារណាយកកម្ពុជាជាមូលដ្ឋានសម្រាប់ពង្រីកផលិតកម្ម និងអាជីវកម្មទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសង្កត់ធ្ងន់ថា កម្ពុជាតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍ បានត្រៀមខ្លួនជានិច្ចក្នុងការស្វាគមន៍ សម្របសម្រួល និងគាំទ្រដល់វិនិយោគិន មិនត្រឹមតែនៅដំណាក់កាលសម្រេចចិត្តវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែគឺពេញមួយវដ្តនៃការវិនិយោគនៅក្នុងប្រទេសកម្ពុជាតែម្ដង៕




