កម្ពុជាប្រាប់ថៃ កុំដើរតួជាជនរងគ្រោះ ទាំងដែលយោធាខ្លួនជាអ្នកបើកការវាយប្រហារកម្ពុជាមុន
S
Soriya Sou
2 ម៉ោងមុន

រាជធានីភ្នំពេញ៖ កម្ពុជាតាមរយៈក្រសួងការពារជាតិ កាលពីយប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ បានចេញមកបដិសេធយ៉ាងដាច់អហង្កា ចំពោះការអះអាងមិនពិត និងគ្មានមូលដ្ឋានរបស់លោក ប្រៈផាស សនចៃឌី នាយកមជ្ឈមណ្ឌលព័ត៌មានរួមរបស់ថៃ ដែលបានចោទប្រកាន់ថា កម្ពុជាជាអ្នកបើកការបាញ់ប្រហារមុន…។

លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ
លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ

ឆ្លើយតបនឹងពាក្យចោទប្រកាន់ទាំងងងើលឥតអៀនខ្មាសរបស់ភាគីថៃ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អះអាងជាថ្មីថា តាមពិត គឺភាគីថៃនោះទេ ដែលបានបើកការវាយប្រហារប្រដាប់អាវុធមកលើកម្ពុជាមុន ដូច្នេះ ភាគីថៃមិនអាចមកដើរតួជាជនរងគ្រោះ ព្រមទាំងយកលេសការពារខ្លួនមកធ្វើជាមូលហេតុ ដើម្បីបង្ហាញអំពីភាពស្របច្បាប់នៃសកម្មភាពយោធាខុសច្បាប់របស់ខ្លួនបានឡើយ។ អ្នកនាំពាក្យគូសបញ្ជាក់ថា ប៉ុន្មានថ្ងៃមុនពេលបើកការវាយប្រហារប្រដាប់អាវុធដោយគ្មានការញុះញង់មកលើកម្ពុជា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ភាគីថៃបានប្រកាសពីផែនការត្រៀមលក្ខណៈសង្គ្រាម «ចក្រពង្ស ភូវនាថ» ដែលការដាក់ចេញនូវផែនការនេះបង្ហាញយ៉ាងច្បាស់ថា សកម្មភាពយោធារបស់ថៃមានការរៀបចំទុកជាមុនយ៉ាងល្អិតល្អន់ និងប្រព្រឹត្តឡើងដោយចេតនាពិតប្រាកដ ផ្ទុយពីការលើកឡើងរបស់ភាគីថៃ ដែលថា ការប្រើប្រាស់កម្លាំងរបស់ខ្លួន គ្រាន់តែជាការឆ្លើយតបក្នុងលក្ខណៈការពារខ្លួនប៉ុណ្ណោះ។

ក្នុងន័យនេះ ការប៉ុនប៉ងរបស់ភាគីថៃក្នុងការលើកយកការចោទប្រកាន់អំពីការញុះញង់ ការព្រួយបារម្ភផ្នែកសន្តិសុខ និងបញ្ហាគ្រាប់មីន មកធ្វើជាមូលហេតុសម្រាប់បង្អាក់ ឬពន្យារពេលការបន្តការងារវាស់វែង និងខណ្ឌសីមាព្រំដែន គឺមិនស្របទៅនឹងស្មារតី និងការប្តេជ្ញាចិត្តដែលមានចែងក្នុងសេចក្តីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ឡើយ។ កម្ពុជាអំពាវនាវឱ្យភាគីថៃអនុវត្តសេចក្តីថ្លែងការណ៍រួមឱ្យបានពេញលេញ ប្រកបដោយប្រសិទ្ធភាព និងជាបន្ទាន់ និងបន្តការងារវាស់វែងខណ្ឌសីមាព្រំដែនរបស់គណៈកម្មការព្រំដែនចម្រុះ (JBC) ឱ្យបានឆាប់រហ័ស ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។ ជាថ្មីម្ដងទៀត កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការស្វែងរកដំណោះស្រាយបញ្ហាព្រំដែនដោយយុត្តិធម៌ សន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។ ប៉ុន្តែ កម្ពុជានឹងមិនទទួលយកការប្រើប្រាស់កម្លាំង ឬការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្តែង ជាមធ្យោបាយសម្រាប់កំណត់ ឬផ្លាស់ប្ដូរព្រំដែនរវាងប្រទេសទាំងពីរជាដាច់ខាត៕

លោក Prapas Sonjaidee នាយកមជ្ឈមណ្ឌលព័ត៌មានរួមរបស់ថៃ
លោក Prapas Sonjaidee នាយកមជ្ឈមណ្ឌលព័ត៌មានរួមរបស់ថៃ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត