
រាជធានីភ្នំពេញ៖ បុរសម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចបច្ចេកវិទ្យាតាមចាប់ខ្លួន បន្ទាប់ពីបុរសរូបនេះ ធ្វើសកម្មភាពផ្តល់ប្រាក់កម្ចីអនឡាញខុសច្បាប់ ដោះដូរជាមួយរូបភាពអាក្រាតកាយរបស់ជនរងគ្រោះ ដើម្បីជម្រិតទារប្រាក់...។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ បានឱ្យដឹងថា ដោយមានការសម្របសម្រួលនីតិវិធីពីស្ថាប័នអយ្យការអមសាលាដំបូង កម្លាំងសមត្ថកិច្ចជំនាញបានបើកការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ប.ប.ណ អាយុ៣៨ឆ្នាំ ជាជនជាតិខ្មែរ។ តាមចម្លើយសារភាពរបស់ជនជាប់ចោទ បញ្ជាក់ថា រូបលោក បានប្រើប្រាស់គណនីបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Bunna FC និងគណនីតេឡេក្រាមឈ្មោះ Bun Na ផ្តល់ប្រាក់កម្ចីដោយយកការប្រាក់ខ្ពស់ និងបានដាក់លក្ខខណ្ឌ តម្រូវឱ្យអ្នកខ្ចីប្រាក់ថតរូបភាព និងវីដេអូអាក្រាតកាយ ផ្ញើឱ្យខ្លួន។

ជនជាប់ចោទរូបនេះ ឱ្យដឹងបន្តថា នៅពេលជនរងគ្រោះមិនមានលទ្ធភាពសងប្រាក់ទាន់ពេលវេលា ជនជាប់ចោទ បានធ្វើសកម្មភាពឆាតគំរាមកំហែងទារប្រាក់ និងបានយករូបភាពអាក្រាតកាយរបស់ជនរងគ្រោះ ទៅបង្ហោះជាសាធារណៈលើបណ្តាញសង្គមហ្វេសប៊ុក ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ។ បច្ចុប្បន្ន នាយកដ្ឋាន បានកសាងសំណុំរឿងបញ្ជូនជនជាប់ចោទឈ្មោះ ប.ប.ណ ទៅកាន់សាលាដំបូងរាចធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕




