
រាជធានីភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខដឹកនាំកម្ពុជា ថ្នាក់ដឹកនាំក្រុមហ៊ុន វើល ស៊ីធី គ្រុប (World Citi Group) ក្នុងប្រទេសហ្វ៊ីលីពីន បានបង្ហាញពីចំណាប់អារម្មណ៍ចង់វិនិយោគលើវិស័យអប់រំផ្នែកសុខាភិបាលនៅកម្ពុជា ខណៈប្រតិភូក្រុមហ៊ុននេះ នឹងធ្វើទស្សនកិច្ចនៅកម្ពុជាសាជាថ្មី នាពេលឆាប់ៗខាងមុខ...។

លោក រ៉េម៉ុន ផាទ្រីក យីកូ (Raymond Patrick V. Guico) ប្រធានក្រុមហ៊ុនវើល ស៊ីធី គ្រុប កាលពីល្ងាចថ្ងៃទី១០កុម្ភៈ ឆ្នាំ២០២៥ បានជួបសម្ដែងការគូរសម និងពិភាក្សាការងារជាមួយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងឱកាសដែលសម្ដេចបានបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វ៊ីលីពីន ចាប់ពីថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងជំនួបនោះ ប្រធានក្រុមហ៊ុន វើល ស៊ីធី គ្រុប បានជម្រាបសម្ដេចធិបតី អំពីការស្វែងរកកិច្ចសហការជាមួយដៃគូនៅកម្ពុជា។ ជាក់ស្ដែង ការចុះអនុស្សារណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន ជាមួយសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ដែលបង្ហាញយ៉ាងច្បាស់អំពីបំណង និងចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ក្នុងការស្វែងរកឱកាសវិនិយោគ និងការពង្រីកអាជីវកម្មនៅក្នុងវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិសេសក្នុងវិស័យសុខាភិបាល។

លោកបានបង្ហាញអំពីចក្ខុវិស័យនៃការអភិវឌ្ឍន៍វិស័យអប់រំផ្នែកសុខាភិបាល នៅកម្រិតឧត្តមសិក្សាឱ្យមានភាពរីកចម្រើន និងឈានមុខគេនៅក្នុងតំបន់អាស៊ី នាពេលអនាគត។ ក្នុងន័យនេះ ការចាប់ដៃគូជាមួយនឹងវិនិយោគិនកម្ពុជា គឺជាកិច្ចការស្នូល ដែលនាំឱ្យក្រុមហ៊ុនទទួលបានជោគជ័យ។ តាមរយ:ការគាំទ្ររបស់សម្ដេចធិបតី និងភាពជាដៃគូល្អ ប្រធានក្រុមហ៊ុនខាងលើ ជឿជាក់ថា ក្រុមហ៊ុនខ្លួន នឹងទទួលបានជោគជ័យនៅកម្ពុជា។ លោកក៏បានបង្ហើបពីគម្រោងនៃការធ្វើទស្សនកិច្ចរបស់ប្រតិភូក្រុមហ៊ុន នៅកម្ពុជាសាជាថ្មីម្ដងទៀត នាពេលខាងមុខដ៏ខ្លីខាងមុខ បន្ទាប់ពីបានធ្វើទស្សនកិច្ចនៅកម្ពុជាម្តងរួចមកហើយ កាលពីពេលកន្លងទៅ។

ជាការឆ្លើយតប សម្ដេច ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះចំណាប់អារម្មណ៍វិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ពិសេសក្នុងវិស័យអប់រំផ្នែកសុខាភិបាល និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនានា។ សម្ដេចក៏បានគូសបញ្ជាក់ អំពីអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាលើវិស័យសុខាភិបាល ស្របពេលដែលកម្ពុជានឹងមានតម្រូវការខ្ពស់ចំពោះអ្នកជំនាញការផ្នែកសុខាភិបាល ជាពិសេសគិលានុបដ្ឋាយិកា សម្រាប់បម្រើ និងផ្ដល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋ រួមទាំងជនចាស់ជរា។ ដោយសារវិស័យសុខាភិបាលស្ថិតនៅក្នុងមុខវិជ្ជាវិទ្យាសាស្ត្រពិត សម្ដេចធិបតីបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការកំណត់គុណភាព និងស្តង់ដាអប់រំក្នុងវិស័យនេះ និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តទំនាក់ទំនង និងសហការជាមួយដៃគូក្នុងស្រុក ក៏ដូចជាក្រសួង-ស្ថាប័នពាក់ព័ន្ធ ពិសេសក្រសួងសុខាភិបាល ដែលមានសមត្ថកិច្ចក្នុងការកំណត់គុណភាព និងស្ដង់ដាច្បាស់លាស់ក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសុខាភិបាល៕



