គិតត្រឹមខែកុម្ភៈ ធុរជនចិនបន្តឈរលំដាប់កំពូល នៃការមកបោះទុនវិយោគនៅកម្ពុជា
S
Sreyleak Yith
11 មីនា 2025 02:30 PM

រាជធានីភ្នំពេញ៖​ ពេញមួយខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន៤៤​ មានទុនវិនិយោគសរុបប្រមាណ៣២១លានដុល្លារអាម៉េរិក​ ​ ក្នុងនោះ​ ប្រទេសចិន នៅតែឈរលំដាប់កំពូលដែលមានធុរជនចិនមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា តាមពីក្រោយដោយប្រទេសតូចបំផុតនៅអាស៊ាន…។

រូបតំណាង
រូបតំណាង

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ គូសបញ្ជាក់ថា​ ប្រភពទុនវិនិយោគពីប្រទេសចិន មានចំនួន៨៦,៧៥ភាគរយ​ ប្រទេសសិង្ហបុរី មាន១១,៩៧ភាគរយ​ ប្រទេសអូស្ត្រាលី​មាន ០,៨០ភាគរយ និងអង់គ្លេស​ ០,៤៨ភាគរយ។​ គម្រោងវិនិយោគសរុបចំនួន៤៤​ អាចបង្កើតការងារបានប្រមាណ២៥ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគទាំងអស់ គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន២១គម្រោង និងគម្រោងវិនិយោគមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន២៣គម្រោង។ ក្នុងខែកុម្ភៈដដែល ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន៧គម្រោង ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។

រូបតំណាង
រូបតំណាង

លោក ជា វិទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដាក់ក្ដីរំពឹងថា ផ្អែកលើនិន្នាការនៃការផ្លាស់ប្ដូរមូលដ្ឋានផលិតកម្មរបស់ក្រុមហ៊ុនវិនិយោគធំៗមកកាន់តំបន់អាស៊ាន និងការបន្តដាក់ចេញនូវគោលនយោបាយគាំទ្រនានារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងកិច្ចខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធ សម្រាប់សម្រួលដល់ការដឹកជញ្ជូនសំដៅកាត់បន្ថយទាំងការចំណាយថវិកា និងពេលវេលា រំហូរវិនិយោគចូលមកកម្ពុជានឹងបន្តកើនឡើងថែមទៀត។

លោក ជា វិទ្ធីអគ្គលេខាធិការគណៈកម្មាធិការវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា   
លោក ជា វិទ្ធីអគ្គលេខាធិការគណៈកម្មាធិការវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា   

សូមរំឭកថា​ ក្នុងខែមករា ឆ្នាំ២០២៥​ កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន៦៨គម្រោង មានទុនវិនិយោគសរុបប្រមាណ៧៤៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារនៅកម្ពុជា បានជាង៤,៦ម៉ឺនកន្លែង។​ គម្រោងវិនិយោគទាំង៦៨នេះ សុទ្ធសឹងជាការវិនិយោគក្នុងវិស័យឧស្សាហកម្មទាំងអស់។ ក្នុងខែមករា​នេះដែរ​ ចិននៅបន្តឈរលេខរៀងទី១​ដដែល ដែលមានធុរជនចិនមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាច្រើនជាងគេ​ ​ពោលគឺមានដល់ទៅជាង៧៣ភាគរយ​ឯណោះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត