
រាជធានីភ្នំពេញ៖ គិតចាប់ពីខែមករាដល់ខែមីនា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគបានចំនួន១៧២ ក្នុងទុនវិនិយោគសរុបប្រមាណ២,៥ពាន់លានដុល្លារអាម៉េរិក ក្នុងនោះ ប្រទេសចិននៅតែឈរលំដាប់លេខ១ដែលមានធុរជនចិនមកបណ្តាក់ទុនរកស៊ីច្រើនជាងបណ្តាប្រទេសផ្សេងៗទៀត…។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គូសបញ្ជាក់ថា ប្រភពទុនវិនិយោគពីប្រទេសចិន មាន៥៦,២៣ភាគរយ ប្រទេសកម្ពុជា មាន៣៤,៤០ភាគរយ ប្រទេសសិង្ហបុរី មាន២,៩១ភាគរយ កោះ British Virgin មាន២,៤០ភាគរយ ប្រទេសវៀតណាមមាន ១,៦៥ភាគរយ កោះ Cayman មាន0,៨៨ភាគរយ ប្រទេសអង់គ្លេស មាន០,៥៥ភាគរយ កោះ Samoa មាន០,២១ភាគរយ សហរដ្ឋអាម៉េរិក មាន០,១៨ភាគរយ ប្រទេសកាណាដា មាន០,១៨ភាគរយ។ គម្រោងវិនិយោគសរុបចំនួន១៧២ អាចបង្កើតការងារបានអាចបង្កើតការងារដល់ប្រជាពលរដ្ឋ បានចំនួនប្រមាណជិត១២ម៉ឺនកន្លែង។

ក្នុងចំណោមគម្រោងវិនិយោគទាំងអស់ គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន៩៩គម្រោង និងគម្រោងវិនិយោគមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន៧៣គម្រោង។ ការចុះបញ្ជីគម្រោងវិនិយោគមានការកើនឡើងចំនួន៦៦គម្រោង ខណៈទុនវិនិយោគមានការកើនឡើងប្រមាណជាង៣០៥លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ១៤ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤៕





