
រាជធានីភ្នំពេញ៖ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីទទួលទានអាហារធុរកិច្ច លើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ដើម្បីអនុញ្ញាតឱ្យតំណាងសមាគមធុរកិច្ច វិនិយោគិនអន្តរជាតិ លើកឡើងពីសំណូមពរ ផ្ដល់ធាតុចូលសំខាន់ៗ ជុំវិញការវិនិយោគនៅកម្ពុជា...។

កម្មវិធីខាងលើ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗ និងវត្តមានអង្គទូតនានាប្រចាំព្រះរាជាណាចក្រកម្ពុជា រួមមាន៖ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប, ភារធារីនៃស្ថានទូតសហរដ្ឋអាម៉េរិក, និភារធារីនៃស្ថានទូតជប៉ុន។ ក្រៅពីថ្នាក់ដឹកនាំជាន់ខ្ពស់ និងតំណាងអង្គទូត កម្មវិធីនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំសភាពាណិជ្ជកម្ម និងសមាគមធុរកិច្ចអន្តរជាតិឈានមុខ ដែលជាតួអង្គសេដ្ឋកិច្ចដ៏សំខាន់ រួមមាន៖ សភាពាណិជ្ជកម្មសហរដ្ឋអាម៉េរិក, អឺរ៉ុប, ចិន, កូរ៉េខាងត្បូង និងសមាគមធុរកិច្ចជប៉ុន។ បទបង្ហាញអំពីប្រធានបទពាក់ព័ន្ធមួយចំនួន ត្រូវបានធ្វើឡើង និងបើកទូលាយសម្រាប់ការពិភាក្សា ដែលជាឱកាសដ៏មានតម្លៃសម្រាប់ការផ្លាស់ប្ដូរមតិយោបល់ អនុញ្ញាតឱ្យតំណាងសមាគមធុរកិច្ច វិនិយោគិនអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ទាំងអស់ បានលើកឡើងនូវសំណូមពរ ធាតុចូលនានាដោយផ្ទាល់ និងប្រកបដោយភាពស្និទ្ធស្នាលបំផុត។

ពិធីដ៏មានសារសំខាន់នេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យឡើងវិញពីដំណើរការនៃយន្តការវេទិការាជរដ្ឋាភិបាល-វិស័យឯកជន (G-PSF), កំណត់ភាពខ្វះចន្លោះជាក់ស្តែងក្នុងការដាក់ស្នើបញ្ហា, កិច្ចពិគ្រោះយោបល់, ការរៀបចំឯកសារ, ការតាមដាន និងការត្រួតពិនិត្យ, និងប្រមូលមតិយោបល់ពីសភាពាណិជ្ជកម្មអន្តរជាតិ អំពីវិធីសាស្ដ្រធ្វើឱ្យយន្តការ G-PSF កាន់តែច្បាស់លាស់ អាចព្យាករបាន និងមានប្រសិទ្ធភាពជាងមុន។ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាចិត្តក្នុងការបន្តកែទម្រង់បរិយាកាសធុរកិច្ច សម្របសម្រួលកិច្ចគាំពារវិនិយោគ និងការដោះស្រាយរាល់បញ្ហាប្រឈមនានារបស់វិស័យឯកជនឱ្យបានទាន់ពេលវេលា និងប្រកបដោយតម្លាភាពខ្ពស់។ រាល់មតិយោបល់ និងធាតុចូលសំខាន់ៗ ដែលបានលើកឡើងនៅក្នុងអង្គពិធីនេះ នឹងត្រូវលើកយកទៅពិភាក្សាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធទាំងអស់ សំដៅស្វែងរកដំណោះស្រាយសមស្របសម្រាប់គ្រប់ភាគី៕






