
រាជធានីបាងកក៖ ការចូលប្រឡូកក្នុងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា កងទ័ពជើងទឹកសហរដ្ឋអាម៉េរិក យូអេសអេស អាប្រាហាំ លីនខន (USS Abraham Lincoln) បានបន្សាត់ខ្លួននៅលើលម្ហសមុទ្ទ មិនបានឡើងគោកជាង១ឆ្នាំមកហើយនោះ និងចំណាយពេលវេលាសប្បាយរីករាយនៅទីក្រុងកម្សាន្ដប៉ាតាយ៉ា ប្រទេសថៃ ដែលជាទីក្រុងពោរពេញទៅដោយសេវាកម្មពេស្យាចារ និងការកេងប្រវញ្ចផ្លូវភេទ។ តើទាហានសហរដ្ឋអាម៉េរិកនឹងគិតយ៉ាងណា ពេលឃើញហ្វូងបុប្ផាចម្រុះសាសន៍រីកស្គុសស្គាយតាមដងវិថីនានា ក្នុងទីក្រុងផ្លូវភេទមួយនេះ..?

បើតាមអាជ្ញាធរថៃ បានឱ្យដឹងថា នាវាផ្ទុកយន្ដហោះ យូអេសអេស អាប្រាហាំ លីនខន USS Abraham Lincoln គ្រោងនឹងចូលចតនៅកំពង់ផែឡែមឆប័ង (แหลมฉบัง) នៅថ្ងៃពុធទី២ ខែកញ្ញាស្អែកនេះ ដោយមាននាវាកងទ័ពជើងទឹកចំនួនពីរគ្រឿងផ្សេងទៀត អមដំណើរ ដើម្បីអនុញ្ញាតឱ្យនាវិក និងកងម៉ារីន ជិត៥០០០នាក់ នៅលើនាវា បានចុះសម្រាកកាយ និងកម្សាន្តអារម្មណ៍ បន្ទាប់ពីធ្វើដំណើរនៅលើលម្ហសមុទ្ទ អស់រយៈពេលជាង២០០ថ្ងៃកន្លងមកនោះ។ នេះបើតាមសារព័ត៌មាន Military Times ចេញផ្សាយកាលពីយប់ថ្ងៃចន្ទទី៣១សីហា។ ក្រុមមន្រ្ដីថៃ បានឱ្យដឹងថា នៅមុនពេលមកដល់ នៃកងនាវាផ្ទុកយន្ដហោះវាយប្រហាររបស់កងទ័ពជើងទឹកសហរដ្ឋអាម៉េរិកនោះ ប៉ូលិសបានបង្កើនការរៀបចំល្បាត នៅជុំវិញតំបន់ឆ្នេរខ្សាច់សំខាន់ៗ និងតំបន់ដែលមានសកម្មភាពកម្សាន្តពេលរាត្រីក្នុងទីក្រុងប៉ាតាយ៉ា (พัทยา) បន្ថែម លើប្រតិបត្តិការ ចុះបង្ក្រាប កាលពីចុងសប្តាហ៍ នាំឱ្យមានការឃាត់ខ្លួនមនុស្សចន្លោះពី៤០-៥០នាក់ ដោយសង្ស័យថា ពាក់ព័ន្ធនឹងសកម្មភាពត្រៀមសេវាកម្មពេស្យាចារ។

លោក អេណក ស្រៈថងយូ (เอนก สระทองอยู่) មេប៉ូលិសទីក្រុងប៉ាតាយ៉ា បញ្ជាក់កាលពីថ្ងៃចន្ទថា៖«យើងកំពុងខិតខំឱ្យអស់ពីសមត្ថភាព ប៉ុន្តែវាជារឿងដ៏លំបាកបំផុតមួយ!»។ ព្រោះថា អ្នករកស៊ីផ្លូវភេទ អាចនឹងស្វែងរកអតិថិជននៅតាមទីសាធារណៈ ដោយមិនឱ្យអាជ្ញាធរដឹងឡើយ។ ការរកស៊ីជួញដូរផ្លូវភេទ គឺជាសកម្មភាពខុសច្បាប់ នៅក្នុងប្រទេសថៃ ថ្វីបើមានការបង្ក្រាបជាដំណាក់កាលយ៉ាងណាក៏ដោយ ក៏វិស័យនេះនៅតែអាចមើលឃើញយ៉ាងច្បាស់ នៅតាមតំបន់ទេសចរណ៍សំខាន់ៗ រួមទាំងតំបន់មួយចំនួន ក្នុងរាជធានីបាងកក និងទីក្រុងប៉ាតាយ៉ានេះផងដែរ។ នៅប៉ាតាយ៉ា ដំបូងឡើយ ជាភូមិអ្នកនេសាទមួយ ត្រូវបានផ្លាស់ប្ដូរផ្នែកខ្លះ ទៅជាមជ្ឈមណ្ឌលទេសចរណ៍ ដោយសារវត្តមានរបស់ទាហានអាម៉េរិកាំង ដែលមកស្វែងរកការសម្រាកលំហែកាយ នៅក្នុងអំឡុងសង្គ្រាមវៀតណាម។ ប្រជាជនមួយចំនួន កំពុងសង្ឃឹមថា នឹងមានការកើនឡើងនូវប្រាក់ចំណូលរបស់ពួកគេ ក្រោយកងទ័ពសហរដ្ឋអាម៉េរិកវិលមកសាជាថ្មី។

លោក ប៉រៈមេសរ៍ ង៉ាមពិសេស (ปรเมศวร์ งามพิเชษฐ์) អភិបាលក្រុងប៉ាតាយ៉ា បានបញ្ជាក់ថា ទាហានអាម៉េរិកាំងម្នាក់ៗ អាចនឹងចំណាយប្រាក់ទាបបំផុតចន្លោះពី១០០០ទៅ៣០០០បាត (ឬប្រហែលពី៣០ទៅ៩១ដុល្លារអាម៉េរិក) ក្នុងមួយថ្ងៃ ដោយអាស្រ័យលើរយៈពេលដែលពួកគេស្នាក់នៅលើដីគោក និងថាតើពួកគេស្នាក់នៅមួយយប់ឬអត់? ការមកដល់របស់កងទ័ពជើងទឹកសហរដ្ឋអាម៉េរិក នឹងជួយបង្កើនសេដ្ឋកិច្ចរយៈពេលខ្លីដល់ទីក្រុងប៉ាតាយ៉ា។ ទោះជាយ៉ាងណាក៏ដោយ ប្រាក់ក៏អាចហូរចូលទៅក្នុងផ្នែកមិនសមរម្យ នៃវិស័យកម្សាន្តរបស់ទីក្រុងផងដែរ។ វិស័យដ៏ធំធេងនេះ ក៏ត្រូវបានការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) របស់សហរដ្ឋអាម៉េរិក ពណ៌នា កាលពីមួយទសវត្សរ៍មុនថា តំបន់នេះជា«គោលដៅទេសចរណ៍ផ្លូវភេទដ៏ធំបំផុតមួយរបស់ពិភពលោក»។

លោក ពិភឌ្ឍពង្ស ហ្វាក់ភែ (พิพัฒพงศ์ ฟักแฟ) សាស្ត្រាចារ្យរងនៅមហាវិទ្យាល័យមនុស្សសាស្ត្រ និងការគ្រប់គ្រងទេសចរណ៍ នៃសាកលវិទ្យាល័យបាងកក បានបញ្ជាក់ ថា៖«ការមកដល់របស់កងនាវាផ្ទុកយន្ដហោះវាយប្រហាររបស់កងទ័ពជើងទឹកសហរដ្ឋអាម៉េរិក នាពេលនេះ ក៏នឹងនាំមកនូវហានិភ័យចំពោះសុខភាព និងសុវត្ថិភាពសាធារណៈ ដោយសារតែការសម្រុកចូលមករបស់អតិថិជនមួយចំនួនធំ អាចបង្កើនលទ្ធភាព ពីការកេងប្រវ័ញ្ចផ្លូវភេទ និងការរីករាលដាល នៃជំងឺកាមរោគផងដែរ»។ ស្របគ្នានេះ លោកស្រី លីហ្សា ហាមីលតុន (Lisa Hamilton) ប្រធានសមាគមអាជីវកម្មកម្សាន្តពេលរាត្រី នៅទីក្រុងប៉ាតាយ៉ាបញ្ជាក់ថា៖«នៅពេលយើងបានទទួលដំណឹងថា កងនាវាចម្បាំងរបស់កងទ័ពជើងទឹកសហរដ្ឋអាម៉េរិក នឹងចូលចត នៅទីក្រុង ប៉ាតាយ៉ា នឹងក្លាយជាប្រភពនៃក្ដីសង្ឃឹមសម្រាប់ពួកយើង»៕





