​តៃវ៉ាន់ ពង្រីកកងកម្លាំងដ្រូន បង្កើនឧត្ដមភាពកងទ័ពជើងទឹក ទប់ទល់នឹងចិន
S
Sinuon Nop
42 នាទីមុន

ទីក្រុងតៃប៉ិ៖ កងទ័ពជើងទឹករបស់កោះតៃវ៉ាន់ កំពុងបង្ហាញផែនការទិញយន្ដហោះគ្មានមនុស្សបើក ឬដ្រូន ប្រភេទ ​Albatross II ចំនួន៣២គ្រឿង និងដ្រូនប្រភេទ V-Bat ចំនួន២៨០គ្រឿង​​ ដើម្បីពង្រឹងសមត្ថភាពតាមឃ្លាំមើល និងការយល់ដឹងអំពីស្ថានភាពនៅក្នុងដែនសមុទ្ទ ស្របពេលដែនកោះគ្រប់គ្រងដោយការផ្តាច់ខ្លួនពីនាគរាជចិនមួយនេះ កំពុងរងសម្ពាធកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ...។

សារព័ត៌មាន Taiwan News បានចេញផ្សាយនៅព្រឹកថ្ងៃអង្គារទី១​ ខែកញ្ញានេះថា ​កងទ័ពជើងទឹកកោះតៃវ៉ាន់ បានបែងចែកថវិកាចំនួន១៦,៧៨ពាន់លានដុល្លារតៃវ៉ាន់ ឬស្មើនឹង៥៣០លានដុល្លារអាម៉េរិក សម្រាប់រយៈពេលចន្លោះពីឆ្នាំ២០២៦ ដល់ឆ្នាំ២០២៩ ដើម្បីទិញដ្រូន Albatross II ចំនួន៣២គ្រឿង ស្ថានីយបញ្ជាចំនួន៨ និងយានយន្តដឹកជញ្ជូនចំនួន៤៨គ្រឿង។ ក្រៅពីនេះ កងទ័ពជើងទឹកតៃវ៉ាន់ ក៏បានចាត់ចែងថវិកា​ចំនួន៣៦ពាន់លានដុល្លារតៃវ៉ាន់ផ្សេងទៀត ក្នុងរយៈពេលដូចគ្នានេះ ​ សម្រាប់​ទិញដ្រូន V-Bat ចំនួន២៨០គ្រឿង ប្រព័ន្ធបញ្ជាចំនួន១៤០ និងយានយន្តដឹកជញ្ជូន ចំនួន៨២គ្រឿងបន្ថែម។

​កងទ័ពជើងទឹកតៃវ៉ាន់ ក៏បានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃការដាក់ឱ្យប្រើប្រាស់ដ្រូន ប្រភេទផ្សេងៗទៀត ដើម្បីតាមដានសញ្ញានៃសកម្មភាពយោធា ដែលអាចកើតមានពី​ប្រទេសចិន ប្រឆាំងនឹងកោះតៃវ៉ាន់។ ដ្រូន ប្រភេទ Albatross II និង V-Bat នឹងជួយពង្រឹងសមត្ថភាពស្វែងរកនៅក្នុងដែនសមុទ្ទ និងការកំណត់អត្តសញ្ញាណគោលដៅ ព្រមទាំងការពារប្រឆាំងនឹងការវាយប្រហារលើប្រព័ន្ធបញ្ជា និងគ្រប់គ្រង​ដំណាក់កាលដំបូង នៃការផ្ទុះជម្លោះ។

បើតាមទូរទស្សន៍របស់សិង្ហបុរី CNA បានឱ្យដឹងថា ​វិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាជាតិចុងសាន (Chung Shan) បានរចនាដ្រូន Albatross II ជាមួយនឹងការ​កំណត់រចនាសម្ព័ន្ធផ្ទុកឧបករណ៍ ដែលអាចផ្លាស់ប្តូរបាន​ ​ដោយ​អាស្រ័យលើតម្រូវការ សម្រាប់​បេសកកម្ម។ ដ្រូនប្រភេទនេះ អាចផ្ទុកឧបករណ៍នានា ដូចជា ប្រអប់ឧបករណ៍ចាប់សញ្ញាសំឡេងនៅក្រោមទឹក ឬដ្រូន​សម្រាប់វាយប្រហារ ប្រភេទ Chien Feng I។ ដ្រូនភេទនេះ ​មានសមត្ថភាពហោះហើរ រហូតដល់រយៈពេល១៦ម៉ោង និងមានរយៈចម្ងាយបញ្ជាលើសពី៣០០គីឡូម៉ែត្រ។

ដ្រូន V-Bat ត្រូវបានអភិវឌ្ឍ និងផលិតដោយក្រុមហ៊ុនបច្ចេកវិទ្យាយោធាសហរដ្ឋអាម៉េរិក Shield AI។ ដ្រូនប្រភេទនេះ ​ប្រើប្រាស់ការរចនាបែបកង្ហារ ដែលមានស្រោមព័ទ្ធជុំវិញ ​និងម៉ាស៊ីនតែមួយ ដោយ​អនុញ្ញាតឱ្យវាហោះឡើង និងចុះចតតាមទិសបញ្ឈរ នៅក្នុងទីធ្លាតូចចង្អៀត ឬនៅលើនាវា។ បន្ទាប់មក ដ្រូនប្រភេទនេះ អាចប្តូរទៅជាការហោះហើរ តាមទិសផ្ដេកវិញ ហើយវា​មានសមត្ថភាព ហោះឈ្លបយកការណ៍ដោយឯករាជ្យ ប្រមូលព័ត៌មានសម្ងាត់ និងកំណត់គោលដៅ សូម្បីតែនៅក្នុងបរិយាកាសដែលគ្មានសញ្ញា GPS ឬមានការរំខានសញ្ញា​ខ្លាំងយ៉ាងណាក៏ដោយ៕​

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត