
រាជធានីបាងកក៖ ប្រជាពលរដ្ឋថៃរស់នៅសហគមន៍ខូរ៉ាត ឬនគររាជ (โคราช) បានគំរាមធ្វើបាតុកម្មទ្រង់ទ្រាយធំបំផុតមួយ ប្រឆាំងនឹងផែនការផ្លាស់ប្ដូរទីតាំងព្រឹត្ដិការណ៍ពិព័រណ៍ ឆ្នាំ២០២៩ ទៅកាន់ស្រុកប៉ាកឆង (อำเภอปากช่อง) ដោយជំរុញឱ្យរាជរដ្ឋាភិបាលថៃ គិតគូរដល់ផលប្រយោជន៍របស់ពួកគេ ដែលមានចំនួនរាប់សែននាក់...។

សារព័ត៌មានខាវសដ បានចេញផ្សាយនៅព្រឹកថ្ងៃអង្គារទី១ ខែកញ្ញានេះថា ក្រុមមេដឹកនាំសហគមន៍ មកពីស្រុកចំនួន៨ នៅភាគខាងជើងនៃខេត្តនគររាជសីមា (นครราชสีมา) បានសម្តែងនូវការប្រឆាំងយ៉ាងដាច់អហង្កា ចំពោះសំណើផ្លាស់ប្ដូរទីតាំងរៀបចំព្រឹត្ដិការណ៍ពិព័រណ៍ Korat Expo ២០២៩ ចេញពីស្រុកខូង (โขง) ទៅកាន់ស្រុកប៉ាកឆង ជាមួយនឹងការចោទប្រកាន់រាជរដ្ឋាភិបាលថៃបច្ចុប្បន្នថា បានដកហូតឱកាសអភិវឌ្ឍន៍ដ៏កម្រមួយ ចេញពីដៃរបស់ប្រជាសហគមន៍នៅក្នុងតំបន់របស់ពួកគេ។ ក្រុមមេដឹកនាំសហគមន៍ទាំងនេះ បញ្ជាក់ថា ពួកគេបានត្រៀមខ្លួនរួចរាល់ហើយ នៅក្នុងការកៀរគរអ្នកគាំទ្រមកពីខេត្តទាំង២០ នៅក្នុងតំបន់ភាគឦសាន នៃប្រទេសថៃ ប្រសិនបើគណៈរដ្ឋមន្ត្រីរបស់លោកនាយករដ្ឋមន្រ្ដី អនុទីន ឆានវីរគុល សម្រេចផ្លាស់ប្ដូរទីតាំងរៀបចំព្រឹត្ដិការណ៍តាំងពិព័រណ៍នោះ។

លោក អរុណ អក្ខរបៈរីឌី (อรุณ อัครปรีดี) មេដឹកនាំក្រុមអ្នកតវ៉ាតំណាងឱ្យសហគមន៍មកពីស្រុកចំនួន៨ នៅភាគខាងជើង បានបញ្ជាក់ថា ប្រជាពលរដ្ឋ បានតាមដានយ៉ាងដិតដល់នូវរាល់ការវិវឌ្ឍ ជុំវិញការរៀបចំព្រឹត្តិការណ៍តាំងពិព័រណ៍សាកវប្បកម្មអន្តរជាតិ (International Horticultural Expo) ជាពិសេស គឺព័ត៌មានពាក់ព័ន្ធនឹងទីតាំងរៀបចំតាំងពិព័រណ៍ អាចនឹងត្រូវផ្លាស់ប្ដូរចេញពីស្រុកខូង ទៅកាន់ស្រុកប៉ាកឆង។ ជាមួយគ្នានេះដែរ មេសហគមន៍រូបនេះ ក៏បានរិះគន់ចំពោះការអះអាងរបស់រដ្ឋមន្ត្រីក្រសួងកសិកម្មថៃ ដែលបានលើកឡើងថា ទីតាំងនៅតំបន់ខូង មិនមានលទ្ធភាពទទួលបានផលចំណេញផ្នែកសេដ្ឋកិច្ចនោះឡើយ ខណៈការលើកឡើងនេះ ផ្អែកតាមការវាយតម្លៃរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ។ ដោយមេដឹកនាំក្រុមអ្នកតវ៉ា បានចោទជាសំណួរថា តើវាមិនមានតម្លៃសម្រាប់អ្នកឬ...?

មេដឹកនាំសហគមន៍លើកឡើងបន្តទៀតថា ស្រុកទាំង៨នេះ មិនធ្លាប់មានគម្រោងអភិវឌ្ឍន៍ធំដុំក្នុងកម្រិតបែបនេះ អស់រយៈពេលប្រហែលមួយសតវត្សរ៍មកហើយ ហើយព្រឹត្តិការណ៍ពិព័រណ៍នេះ ក៏ជាឱកាសដ៏កម្រមួយ សម្រាប់ការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋប្រមាណ៣សែន៨ម៉ឺននាក់ ក៏ដូចជាប្រជាពលរដ្ឋរាប់សែននាក់ផ្សេងទៀត នៅក្នុងតំបន់ជុំវិញនេះ។ ប្រជាសហគមន៍ បានវិនិយោគយ៉ាងច្រើនរួចមកហើយ ទៅលើដីធ្លី សេវាកម្មស្នាក់នៅ និងការរៀបចំផ្សេងៗទៀត ដើម្បីត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍នេះ។ លោក អរុណ អក្ខរបៈរីឌី បានចោទប្រកាន់រាជរដ្ឋាភិបាលអនុទីន ថា បានប្រើប្រាស់ហេតុផល អំពីលទ្ធភាពជោគជ័យផ្នែកសេដ្ឋកិច្ច ដើម្បីផ្តល់ផលប្រយោជន៍ដល់«ក្រុមវិនិយោគិនមកពីខាងក្រៅ» និងអះអាងថា ក្រុមអ្នកមានអំណាចផ្នែកហិរញ្ញវត្ថុ បានទទួលផលប្រយោជន៍ អំពីការរំលោភបំពានយកដីព្រៃឈើ ដែលបានកំណត់ទុក ជាតំបន់អភិរក្ស ខណៈសហគមន៍មូលដ្ឋាននៅតែបន្តស្ថិតក្នុងស្ថានភាពមិនទាន់មានការអភិវឌ្ឍ។ ដូច្នេះ អ្នកស្រុក មានអារម្មណ៍ថា អនាគត និងក្ដីសុបិនរបស់ពួកគេ ត្រូវបានប្លន់ដោយការផ្លាស់ប្ដូរទីតាំងនេះ។

ស្របគ្នានេះដែរ មេដឹកនាំសហគមន៍ បានជំរុញឱ្យអ្នកសម្រេចចិត្តលើព្រឹត្ដិការណ៍នេះ ចេញមកពន្យល់ ថាតើផលប្រយោជន៍របស់ប្រជាពលរដ្ឋចំនួនចន្លោះពី៥សែនទៅ៦សែននាក់ កំពុងត្រូវបានចាត់ទុកថា មានសារសំខាន់តិចជាងផលប្រយោជន៍ សម្រាប់ក្រុមវិនិយោគិនឯកជនមួយក្ដាប់តូច ឬយ៉ាងណា?...៕


