ប្រទេសអារ៉ាប់រួម ទាញយកផលប្រយោជន៍ដ៏ធំសម្បើម ពីសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា
S
Sinuon Nop
2 ម៉ោងមុន

រាជធានីអាប៊ូដាប៊ី៖ សង្គ្រាមរុស្ស៊ីឈ្លាពាននៅអ៊ុយក្រែន និងសង្គ្រាមសហរដ្ឋអាម៉េរិក-អ៊ីស្រាអែល ប្រឆាំងអ៊ីរ៉ង់ បាននិងកំពុងជំរុញឱ្យបណ្ដាប្រទេសនានានៅលើពិភពលោក ​ ខិតខំបង្កើនកញ្ចប់ថវិកាលើវិស័យការពារជាតិយ៉ាងខ្លាំង ដើម្បីត្រៀមខ្លួនទប់ទល់នឹងព្រឹត្ដិការណ៍ឈ្លានពានរបស់ប្រទេសដែលមានកម្លាំងយោធាខ្លាំងក្លាជាងខ្លួន។ ហើយនេះក៏ជាពេលវេលា​កើបលុយរាប់ពាន់លានដុល្លារអាម៉េរិក របស់ក្រុមហ៊ុនផលិតគ្រឿងសព្វាវុធំៗនៅទូទាំងពិភពលោកផងដែរ។ ជម្លោះនៅមជ្ឈិមបូព៌ា ជាឱកាសមាស និងល្អបំផុតមួយ សម្រាប់ក្រុមហ៊ុនឧស្សាហកម្មការពារជាតិដ៏ធំបំផុតរបស់ប្រទេសអារ៉ាប់រួម ដែលបានឆ្លងកាត់បទពិសោធជាក់ស្ដែង លើការលក់គ្រឿងសព្វាវុធ និងបង្កើនការកើបលុយពីឧស្សាកម្មមួយនេះយ៉ាងធំសម្បើម...។

ប្រធានាធិបតីអារ៉ាប់អេមីរ៉េត លោក Mohamed bin Zayed Al Nahyan
ប្រធានាធិបតីអារ៉ាប់អេមីរ៉េត លោក Mohamed bin Zayed Al Nahyan

បណ្ដាញទូរទស្សន៍របស់អារ៉ាប៊ីសាអូឌីត Al Arabiya News បានចេញផ្សាយថា​ នៅចំកណ្តាលវាលខ្សាច់នៃរាជធានីអាប៊ូដាប៊ី (Abu Dhabi) ប្រទេសអារ៉ាប់រួម ឬអេមីរ៉េតអារ៉ាប់ កម្មករកំពុង​ធ្វើការងារដោយរីករាយនៅក្នុងឃ្លាំង ដើម្បីដំឡើងប្រព័ន្ធដ្រូន និងមីស៊ីលរបស់ក្រុមហ៊ុនឧស្សាហកម្មការពារជាតិក្នុងប្រទេស Edge ដែល​កំពុងមានតម្រូវការកើនឡើងយ៉ាងខ្លាំង សម្រាប់អាវុធរបស់ខ្លួន ហើយ​ត្រូវ​សាកល្បងជាក់ស្តែង នៅក្នុងសមរភូមិសង្គ្រាម នៅមជ្ឈិមបូព៌ា។

ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ និងសមភាគីអារ៉ាប់អេមីរ៉េត
ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ និងសមភាគីអារ៉ាប់អេមីរ៉េត

នាយកគ្រប់គ្រង​ក្រុមហ៊ុនវិស័យការពារជាតិអារ៉ាប់អេមីរ៉េត បាន​ប្រាប់ដល់ទីភ្នាក់ងារព័ត៌មានបារាំង AFP ថា ក្នុងអំឡុង​ជម្លោះរយៈពេល៦ខែ រវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់នោះ មីស៊ីល និងយន្តហោះគ្មានមនុស្សបើក ឬដ្រូនជិត៣​០០០គ្រឿង បានវាយប្រហារមកលើ UAE ដែលធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ប្រទេសនេះ ក្នុងនាមជាតំបន់​មានសុវត្ថិភាព។ ប៉ុន្តែជម្លោះនេះ ក៏បានហុកឱកាសល្អ សម្រាប់រកប្រាក់ចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់របស់​ក្រុមហ៊ុនឧស្សាហកម្ម និងបច្ចេកវិទ្យាដ៏ទំនើប EDGE គ្រប់គ្រងដោយរដ្ឋាភិបាលរាជធានីអាប៊ូដាបី និងកំពុងតែចាប់ផ្តើមពង្រីកអាជីវកម្មយ៉ាងទូលំទូលាយ ទៅកាន់តំបន់អឺរ៉ុបផងដែរ។

លោក ខាឡេដ អាល់ ហ្សាអាប៊ី (Khaled Al Zaabi) នាយកប្រតិបត្ដិក្រុមហ៊ុនឧស្សាហកម្មការពារជាតិ និងបច្ចេកវិទ្យាជាន់ខ្ពស់ EDGE បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មាន AFP ពីទីស្នាក់ការកណ្ដាលរបស់ខ្លួន នៅរាជធានីអាប៊ូដាប៊ីថា៖«នៅមុនពេលមានសង្គ្រាម យើងមានផលិតផលមួយចំនួនតូចប៉ុណ្ណោះ ដែលអាចនិយាយបានថា បានឆ្លងកាត់ការសាកល្បងជាក់ស្តែងក្នុងសមរភូមិ។ ប៉ុន្តែក្រោយបញ្ចប់សង្គ្រាម យើងអាចនិយាយបានថា ផលិតផលជាច្រើន ឥឡូវនេះ ត្រូវបានបញ្ជាក់ពីគុណភាព តាមរយៈការប្រើប្រាស់ជាក់ស្តែង នៅក្នុងសមរភូមិរួចហើយ​»។ ក្នុងរយៈពេលត្រឹមតែប៉ុន្មានឆ្នាំប៉ុណ្ណោះ ក្រុមហ៊ុនដែលផ្គត់ផ្គង់សព្វាវុធដល់កងកម្លាំងប្រដាប់អាវុធរបស់អារ៉ាប់រួម (UAE) មួយនេះ បានប្រែក្លាយទៅជាក្រុមហ៊ុនវិស័យការពារជាតិឈានមុខគេរបស់អារ៉ាប់ ហើយបច្ចុប្បន្នពឹងផ្អែកយ៉ាងខ្លាំងលើការនាំចេញ ដើម្បីស្វែងរកប្រាក់ចំណូល។

លោកនាយកប្រតិបត្ដិ ក្រុមហ៊ុនឧស្សាហកម្មការពារជាតិ និងបច្ចេកវិទ្យាជាន់ខ្ពស់ EDGE បានបន្ថែមថា ការទទួលស្គាល់​ផលិតផលទាំងនោះ បានឆ្លងកាត់ការសាកល្បងជាក់ស្តែង នៅក្នុងសមរភូមិ គឺជា«ចំណុចទាក់ទាញការលក់ដ៏សំខាន់បំផុត» ជាមួយនឹងការ​កត់សម្គាល់ឃើញថា មានតម្រូវការកើនឡើងយ៉ាងខ្លាំង ក្រោយការបញ្ចប់សង្គ្រាម ទោះបីមិនបានបញ្ជាក់ពីតួលេខជាក់លាក់យ៉ាងក៏ដោយ។ ក្រុមហ៊ុន EDGE ​បានបង្កើតឡើងក្នុងឆ្នាំ២០១៩ តាមរយៈការច្របាច់បញ្ចូលគ្នា សម្រាប់ក្រុមហ៊ុនវិស័យការពារជាតិជាច្រើនរបស់អារ៉ាប់រួម។ បច្ចុប្បន្ន ក្រុមហ៊ុននេះ មានបុគ្គលិកចំនួន១៩០០០នាក់ និងបានផលិត[ផលិតផល]ជាច្រើនប្រភេទ រាប់ចាប់ពីយន្តហោះគ្មានមនុស្សបើក ឬដ្រូន​ រហូតដល់មីស៊ីល យានយន្តពាសដែក បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងនាវាចម្បាំង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត