
រដ្ឋធានីវ៉ាស៊ីនតោន៖ អនុប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ឌីជេ វ៉ែនស៍ (JD Vance) កាលពីថ្ងៃចន្ទចុងខែសីហា បានចេញមកបញ្ជាក់ពីវីដេអូឃ្លីប AI ដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ ចង់បង្ហាញ គឺជាការផ្ញើសារទៅកាន់ប្រទេសអ៊ីរ៉ង់ តាមរយៈការបង្ហោះនៅលើបណ្តាញសង្គម អំពីសកម្មភាពនៃការបំផ្លាញកោះឃើគ (Kharg) ដែលជាមជ្ឈមណ្ឌលនាំចេញថាមពលដ៏ធំបំផុតរបស់អ៊ីរ៉ង់ ឱ្យខ្ទេចខ្ទីអស់...។

បណ្ដាញទូរទស្សន៍គ្រប់គ្រងដោយរដ្ឋអារ៉ាប៊ីសាអូឌីត Al Arabiya News បានចេញផ្សាយសម្តីលោក វ៉ែនស៍ នៅថ្ងៃអង្គារទី១ ខែកញ្ញានេះថា លោកអនុប្រធានាធិបតី វ៉ែនស៍ បានឆ្លើយតបជុំវិញការសាកសួរអំពីការបង្ហោះឃ្លីបវីដេអូរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីពេលថ្មីៗថា៖«លោកប្រធានាធិបតី ចូលចិត្តផ្លាស់ប្ដូររបៀបនៃការទំនាក់ទំនង នៅលើបណ្តាញសង្គមខ្លះៗ។ លោក[ប្រធានាធិបតី] ជាអ្នកដំបូងគេ ដែលនិយាយថា លោកមិនប្រកាសអំពីសកម្មភាពយោធា នៅលើបណ្តាញសង្គមទេ ប៉ុន្តែខ្ញុំគិត[..]ថា លោកប្រធានាធិបតី កំពុងតែផ្ញើសារ ទៅកាន់ប្រជាជនអ៊ីរ៉ង់»។

ការបង្ហោះសារខ្លីមួយឃ្លារបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅលើបណ្តាញសង្គម កាលពីថ្ងៃអាទិត្យ អមដោយវីដេអូឃ្លីបមួយបង្កើតឡើងដោយបច្ចេកវិទ្យា AI អំពីការកម្ទេចកោះឃើគឱ្យខ្ទេចខ្ទីអស់។ ស្របគ្នានេះដែរ មន្ត្រីអាម៉េរិកម្នាក់ បានបញ្ជាក់ កាលពីថ្ងៃចន្ទដដែលនោះថា យោធាសហរដ្ឋអាម៉េរិក នៅមិនទាន់កំណត់គោលដៅ វាយប្រហារទៅលើកោះឃើគ នៅក្នុងអំឡុងនៃការវាយប្រហារ កាលពីយប់មិញនៅឡើយ។ ដោយឡែក មន្ត្រីអ៊ីរ៉ង់ម្នាក់ បានច្រានចោលនូវការបង្ហោះឃ្លីបវីដេអូរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ អំពីការវាយប្រហារកម្ទេចកោះឃើគ ដែលជាមជ្ឈមណ្ឌលនាំចេញប្រេងដ៏ធំបំផុតរបស់ប្រទេសខ្លួន និងចាត់ទុកថា វាជារឿង «គួរឱ្យអស់សំណើច»។

ការវាយប្រហារលើកោះឃើគ ជាទីតាំងគ្រប់គ្រងការនាំចេញប្រេងរបស់អ៊ីរ៉ង់ រហូតដល់ទៅ៩០ភាគរយ និងបង្កការរំខានយ៉ាងធ្ងន់ធ្ងរដល់ពាណិជ្ជកម្មថាមពល ក៏ដូចជាការដាក់សម្ពាធយ៉ាងខ្លាំង លើសេដ្ឋកិច្ចរបស់ប្រទេសអាស៊ីខាងលិចមួយនេះ។ នៅក្នុងការរៀបរាប់អំពីការវាយប្រហារយោធាលើកដំបូងរបស់សហរដ្ឋអាម៉េរិក ចាប់តាំងពីចុងខែកក្កដា រហូតមក មន្ត្រីអាម៉េរិកម្នាក់ បានបញ្ជាក់ថា កងកម្លាំងសហរដ្ឋអាម៉េរិក បានវាយប្រហារកម្ទេចប្រព័ន្ធបាញ់មីស៊ីលរបស់អ៊ីរ៉ង់ចំនួនពីរគ្រឿង នៅលើកោះឡារ៉ាក់ (Larak)។ ស្របគ្នានេះដែរ កងទ័ពហ្ស៊កដានី ក៏អះអាងវិញផងដែរថា ខ្លួនបានស្ទាក់ចាប់មីស៊ីលអ៊ីរ៉ង់ បានដល់ទៅចំនួន៨គ្រាប់ឯណោះ កំលុងពេលនៃការបាញ់សងសឹក៕





