
កីឡាអន្តរជាតិ៖ ពានរង្វាន់ដែលក្រុមរៀល ម៉ាឌ្រីត (Real Madrid) ទើបតែឈ្នះកាលពីយប់ថ្ងៃទី១២ឈានចូលទី១៣សីហា ឆ្នាំ២០២៦ ក្រោយផ្តួលក្រុម ដេប៉រទីវ៉ូ ឡា កូរូញ៉ា (Depotivo La Coruna) ១ទល់០ កាលពីយប់មិញ ធ្វើឱ្យមហាជន និងអ្នកគាំទ្រវិស័យបាល់ទាត់ជាច្រើន សម្ដែងការភ្ញាក់ផ្អើល បន្ទាប់ពីឃើញពានរង្វាន់មានទំហំធំស្កឹមស្កៃ និងមានទម្ងន់ធ្ងន់ខុសប្លែកពីពានរង្វាន់បាល់ទាត់ដទៃទៀត...។

បើមើលមួយភ្លេត លោកអ្នកនាងប្រហែលជាគិតថា វាអាចគ្រាប់មីស៊ីលសម្រាប់បាញ់ប្រហារនៅក្នុងសមរភូមិសង្គ្រាម។ ប៉ុន្តែមិនមែនទេ វាជាពានរង្វាន់មិត្តភាពមុនបើករដូវកាលមួយដែលមានឈ្មោះថា ពានរង្វាន់ តេរេសា អេរ៉េរ៉ា (Teresa Herrera Trophy) ឬជាភាសាអេស្ប៉ាញ៖ ត្រូហ្វីអូ តេរេសា អេរ៉េរ៉ា (Trofeo Teresa Herrera)។ ថ្វីបើអ្នកគាំទ្រមួយចំនួន ទើបតែបានឃើញ ឬបានស្គាល់ពាននេះក៏ពិតមែន ប៉ុន្តែនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់អឺរ៉ុប ពានរង្វាន់នេះ មិនមែនជាពានថ្មីសន្លាងនោះទេ វាត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៤៦មកម៉្លេះ នៅក្នុងទីក្រុងអា កូរូញ៉ា (A Coruña) តំបន់ហ្គាលីស៊ា (Galicia) ប្រទេសអេស្ប៉ាញ និងត្រូវបានរាប់បញ្ចូលជាពានរង្វាន់មិត្តភាពរដូវក្ដៅ ចំណាស់ជាងគេទី៣ នៅក្នុងប្រវត្តិសាស្ត្របាល់ទាត់នៃប្រទេសអេស្ប៉ាញ។

តើពាននេះមានប្រវត្តិ និងប្រភពមកពីណា..? ពានរង្វាន់ប្រវត្តិសាស្ត្រនេះ ត្រូវបានប្រសិទ្ធនាមតាមឈ្មោះរបស់អ្នកស្រី តេរេសា អេរ៉េរ៉ា Teresa Herrera ក្នុងកំលុងសតវត្សរ៍ទី១៨ ដែលជាស្ត្រីចិត្តធម៌ដ៏ល្បីល្បាញម្នាក់ក្នុងទីក្រុងអា កូរូញ៉ា A Coruña។ កាលនោះ អ្នកស្រីបានបរិច្ចាគទ្រព្យសម្បត្តិផ្ទាល់ខ្លួនទាំងស្រុង ដើម្បីបង្កើតមន្ទីរពេទ្យសង្គ្រោះអ្នកក្រីក្រ។ ដោយសារតែស្មារតីសប្បុរសធម៌នេះហើយ ទើបអាជ្ញាធរ និងក្លិបបាល់ទាត់ដេប៉រទីវ៉ូ ឡា កូរូញ៉ា Deportivo La Coruña បង្កើតការប្រកួតដណ្តើមពានរង្វាន់នេះឡើង ក្នុងគោលបំណងរៃអង្គាសប្រាក់ជួយដល់មន្ទីរពេទ្យ និងមូលនិធិសប្បុរសធម៌ ជួយជនក្រីក្រនៅក្នុងតំបន់។

ចុះហេតុអ្វីបានជាពាននេះ មានទំហំធំខ្លាំងម្ល៉េះ? រចនាបថនៃពានរង្វាន់ Teresa Herrera Trophy ត្រូវបានចម្លាក់ឡើងយ៉ាងផ្ចិតផ្ចង់អំពីប្រាក់សុទ្ធ ដោយយកគំរូតាមប្រាសាទបុរាណ Tower of Hercules (ដែលជាប្រាសាទ Lighthouse ប្រវត្តិសាស្ត្រដ៏ល្បីល្បាញនៃទីក្រុង A Coruña)។ ការដែលដាប់ឆ្លាក់ចម្លាក់រូបរាងប្រាសាទទាំងមូល ចូលទៅក្នុងពានរង្វាន់នេះហើយ ទើបធ្វើឱ្យវាមានកម្ពស់ខ្ពស់ និងទម្ងន់ធ្ងន់ខ្លាំង រហូតទាមទារឱ្យកីឡាករត្រូវប្រើមនុស្សជាច្រើននាក់ ទើបអាចលើកពាននេះរួច៕





