
រដ្ឋធានីវ៉ាស៊ីនតោន៖ លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ បានបង្ហោះវីដេអូឃ្លីបមួយដែលបង្កើតដោយបច្ចេកវិទ្យា AI បង្ហាញអំពីការបំផ្លាញកោះឃើគ (Kharg) ដែលជាមជ្ឈមណ្ឌលប្រេងដ៏ធំបំផុតរបស់អ៊ីរ៉ង់ ឱ្យខ្ទេចខ្ទីអស់ទាំងស្រុង។ នេះបើតាមទូរទស្សន៍របស់អារ៉ាប៊ីសាអូឌីត Al Arabiya News បានចេញផ្សាយនៅរសៀលថ្ងៃចន្ទទី៣១ ខែសីហា...។

ការបង្ហោះវីដេអូឃ្លីបនេះ ធ្វើឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រទេសទាំងពីរ ចាប់ផ្ដើមវាយប្រហារតបតគ្នាទៅវិញទៅមក ជាលើកដំបូង ចាប់តាំងពីខែកក្កដា រហូតមក។ ប៉ុន្ដែគេនៅមិនទាន់ដឹងនៅឡើយទេថា តើការបង្ហោះឃ្លីបវីដេអូរបស់លោកប្រធានាធិបតី ត្រាំ គឺជាការគំរាមកំហែងដល់កោះឃើគ ឬក៏ជាសញ្ញាបង្ហាញថា ការវាយប្រហារណាមួយ កំពុងកើតឡើងនៅលើកោះនោះ។ ទោះជាយ៉ាងណាក៏ដោយ ប៉ុន្មានម៉ោងក្រោយការបង្ហោះឃ្លីបវីដេអូនេះ នៅមិនទាន់មានភស្ដុតាង ពីកោះឃើគនោះ រងការវាយប្រហារនៅឡើយទេ។ ដោយឡែក សេតវិមាន និងក្រសួងសង្គ្រាមសហរដ្ឋអាម៉េរិក នៅមិនទាន់ឆ្លើយតប ចំពោះការសុំបំភ្លឺពីទីភ្នាក់ងារសារព័ត៌មាន Reuters នោះទេ។

លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់នៅលើបណ្ដាញសង្គម The Social កាលពីថ្ងៃអាទិត្យម្សិលមិញថា កោះឃើគ នឹងត្រូវបំផ្ទុះឱ្យខ្ទេចខ្ទីអស់។ ប៉ុន្ដែលោក មិនទាន់ផ្ដល់ព័ត៌មានលម្អិតនៅឡើយទេ។ កោះឃើគ ជាទីតាំងគ្រប់គ្រងការនាំចេញប្រេងរបស់អ៊ីរ៉ង់ រហូតដល់ទៅ៩០ភាគរយ នៅមុនពេលផ្ទុះសង្គ្រាម ដែលបានបង្កឡើង ដោយសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ ប្រសិនបើមានការវាយប្រហារទៅលើកោះនោះមែន នឹងបង្កការរំខានយ៉ាងធ្ងន់ធ្ងរដល់ពាណិជ្ជកម្មថាមពលរបស់អ៊ីរ៉ង់ និងដាក់សម្ពាធយ៉ាងខ្លាំង លើសេដ្ឋកិច្ចរបស់ប្រទេសនេះថែមទៀត។ ដោយឡែក កងទ័ពហ្ស៊កដានី បានប្រកាសនៅព្រឹកថ្ងៃចន្ទនេះថា ខ្លួនបានស្ទាក់ចាប់មីស៊ីលភ្លាមៗ ចំនួន៨គ្រាប់ បន្ទាប់ពីកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) ប្រកាសថា ពួកគេបានវាយប្រហារគោលដៅយោធារបស់សហរដ្ឋអាម៉េរិក នៅក្នុងប្រទេសរបស់ខ្លួន៕





