
រដ្ឋធានីតេហ៊ីរ៉ង់៖ ក្រោយពេលសហរដ្ឋអាម៉េរិក វាយប្រហារកម្ទេចប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតរបស់អ៊ីរ៉ង់២គ្រឿង ដែលរៀបចំបាញ់គ្រាប់មីនចូលទៅក្នុងសមុទ្ទ ដោយសកម្មភាពបែបនេះ បានជំរុញឱ្យកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ វាយប្រហារសងសឹក ប្រឆាំងនឹងមូលដ្ឋានកងទ័ពរដ្ឋធានីវ៉ាស៊ីនតោន ខណៈកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានអះអាង អំពីកប៉ាល់ដឹកប្រេងដ៏ធំបំផុតមួយគ្រឿង ត្រូវបានបំផ្ទុះដោយគ្រាប់មីនដែលបានដាក់ពង្រាយនៅច្រកសមុទ្រហ័រមូស...។

បណ្ដាញទូរទស្សន៍អារ៉ាប៊ីសាអូឌីត Al Arabiya News បានចេញផ្សាយកាលពីរសៀលថ្ងៃចន្ទទី៣១ ខែសីហាថា ទូរទស្សន៍រដ្ឋរបស់ប្រទេសអ៊ីរ៉ង់ បានរាយការណ៍ ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់កងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ (IRGC) ថា កប៉ាល់ដឹកប្រេងខ្នាតយក្សមួយគ្រឿង បានរងការឆាបឆេះ និងត្រូវបង្ខំឱ្យឈប់ដំណើរការទាំងស្រុង បន្ទាប់ពីកប៉ាល់នោះបានបុកគ្រាប់មីនសមុទ្ទចំនួនពីរគ្រាប់ នៅតំបន់ភាគខាងត្បូង នៃច្រកសមុទ្ទហ័រមូស (Strait of Hormuz)។

កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) លើកឡើងថា កប៉ាល់ដឹកប្រេងនោះ បានព្យាយាមធ្វើដំណើរឆ្លងកាត់ផ្លូវទឹកដោយខុសច្បាប់។ ប៉ុន្ដែពួកគេមិនបានបញ្ជាក់អត្តសញ្ញាណកប៉ាល់ ឬផ្តល់ព័ត៌មាន អំពីក្រុមនាវិករបស់កប៉ាល់ឡើយ។ ស្របគ្នានេះដែរ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានព្រមានថា កប៉ាល់ផ្សេងៗទៀត ដែលរំលោភលើវិធានសន្តិសុខរបស់អ៊ីរ៉ង់ នឹងជួបវាសនាដូចគ្នានេះដែរ។ ផ្ទុយទៅវិញ ការគោរពតាមបទប្បញ្ញត្តិ សម្រាប់ការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្ទហ័រម៉ូស គឺជាកាតព្វកិច្ចចាំបាច់បំផុត៕




