ទឹកស្ទឹងសង្កែហក់ឡើងខ្លាំង! អាជ្ញាធរស្រុកឯកភ្នំ ប្រកាសបិទរថយន្តធំឆ្លងកាត់ផ្លូវលេខ១៥៦ និងឱ្យពលរដ្ឋ៤ឃុំប្រុងប្រយ័ត្នខ្ពស់
អុន សម្ផស្ស
មួយម៉ោងមុន

ក្រុងបាត់ដំបង៖ រដ្ឋបាលស្រុកឯកភ្នំ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ បានប្រកាសឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ខណៈស្ថានភាពទឹកជំនន់ស្ទឹងសង្កែកំពុងហក់ឡើងខ្លាំង និងបានប៉ះពាល់ដល់ផ្នែកខ្លះនៃផ្លូវខេត្តលេខ១៥៦ ក្នុងភូមិសាស្ត្រស្រុកឯកភ្នំជាបណ្តើរៗហើយ...។

តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុក បានអំពាវនាវដល់ប្រជាពលរដ្ឋ រស់នៅតាមបណ្តោយមាត់ស្ទឹងសង្កែ ជាពិសេស នៅឃុំសំរោងក្នុង ឃុំព្រែកនរិន្ទ ឃុំព្រែកខ្ពប និងឃុំព្រែកហ្លួង ឱ្យបង្កើនការប្រុងប្រយ័ត្ន យកចិត្តទុកដាក់ចំពោះសុវត្ថិភាពកុមារ និងការពារទ្រព្យសម្បត្តិ សម្ភារ ព្រមទាំងសត្វចិញ្ចឹម ដើម្បីជៀសវាងគ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ។ ជាមួយគ្នា រដ្ឋបាលស្រុក បានសម្រេចផ្អាកជាបណ្តោះអាសន្ននូវការធ្វើដំណើររបស់រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ ដែលប្រើប្រាស់ផ្លូវខេត្តលេខ១៥៦ ដោយសារផ្នែកខ្លះនៃផ្លូវ ត្រូវបានទឹកហូរកាត់។ ការផ្អាកចរាចរណ៍នេះ អនុវត្តចាប់ពីចំណុចគល់ស្ពានដូនទាវ រហូតដល់ចំណុចស្ពានព្រែកត្រប់ ស្ថិតក្នុងភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ រថយន្តដែលត្រូវផ្អាករួមមាន រថយន្តយីឌុប រថយន្តដឹកសម្ភារសំណង់ រថយន្តដឹកស្រូវ រថយន្តដឹកដី និងរថយន្តធុនធ្ងន់ផ្សេងៗទៀត។

រដ្ឋបាលស្រុកបានគូសបញ្ជាក់ថា វិធានការនេះ ធ្វើឡើងដើម្បីជៀសវាងការខូចខាតផ្លូវ និងគ្រោះថ្នាក់ដែលអាចកើតឡើងក្នុងអំឡុងពេលស្ថានភាពទឹកជំនន់។ ចំពោះការបើកឱ្យធ្វើចរាចរណ៍ឡើងវិញ រដ្ឋបាលស្រុក នឹងជូនដំណឹងនៅពេលក្រោយ តាមស្ថានភាពជាក់ស្តែង។ អាជ្ញាធរ ក៏ព្រមានចាត់វិធានការឃាត់រថយន្តទុកជាបណ្តោះអាសន្ន ក្នុងករណីម្ចាស់ ឬអ្នកបើកបររថយន្តធុនធ្ងន់ មិនអនុវត្តតាមការជូនដំណឹងនេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត