
រាជធានីភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នឹងអវត្តមានពីមាតុប្រទេស ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ តទៅ ដើម្បីយាងទៅពិនិត្យព្រះរាជសុខភាពនៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន…។

ក្នុងអំឡុងពេល អង្គព្រះមហាក្សត្រ អវត្តមានពីប្រទេស សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នឹងទទួលបំពេញព្រះរាជកិច្ចក្នុងព្រះបរមនាមព្រះមហាក្សត្រ ក្នុងឋានៈជា ប្រមុខរដ្ឋស្តីទី។ ទោះជាយ៉ាងណា ក្នុងព្រះរាជសារអង្គព្រះមហាក្សត្រ មិនបានបញ្ជាក់ពីរយៈពេលគង់ប្រថាប់ព្យាបាលព្រះរាជសុខភាពព្រះអង្គនៅទីនោះ និងពេលវេលាយាងត្រឡប់មកមាតុភូមិវិញដែរ។ ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី គ្រាន់តែបានថ្វាយ ព្រះពរដល់សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ប្រគេនពរដល់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជូនពរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រះសង្ឃ ព្រមទាំងប្រជាពលរដ្ឋខ្មែរទាំងអស់។ ព្រះអង្គ ក៏បានសម្ដែងនូវអំណរព្រះគុណ និងអរគុណជាអនេកប្បការ ចំពោះព្រះសង្ឃ ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទាំងអស់៕




