អាជ្ញាធរខេត្តបាត់ដំបង ប្រាប់ពលរដ្ឋរស់នៅប្របមាត់ស្ទឹងសង្កែ បង្កើនការប្រុងប្រយ័ត្នចំពោះទឹកជំនន់

ក្រុងបាត់ដំបង៖ កម្ពស់ទឹកស្ទឹងសង្កែនៅក្រុងបាត់ដំបង កំពុងហក់ឡើងខ្លាំងជិតដល់កម្រិតប្រកាសអាសន្នហើយ ខណៈអាជ្ញាធរប្រកាសឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅប្របមាត់ស្ទឹង និងជាពិសេសតំបន់ទំនាប ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្លាំងបំផុត...។ 

ស្ថានភាពទឹកស្ទឹងសង្កែនៅព្រឹកថ្ងៃចន្ទទី៣១សីហា ឆ្នាំ២០២៦នេះ បានហក់ឡើងខ្ពស់គួរឱ្យប្រុងប្រយ័ត្នបំផុត ដោយពេលនេះ កម្ពស់ទឹកមានការកើនឡើងជាលំដាប់ ខណៈតំបន់មួយចំនួននៅខេត្តបាត់ដំបង ទឹកភ្លៀងបង្អុរធ្លាក់ជាប់ៗគ្នា នៅប៉ុន្មានថ្ងៃចុងក្រោយនេះ។ មន្ត្រីរដ្ឋបាលខេត្ត បានគូសបញ្ជាក់ថា កម្ពស់ទឹកស្ទឹងសង្កែ ​បានហក់ឡើងប្រៀបមាត់ច្រាំង ពោលគឺជិតជន់ឡើងហៀរហូរចូលទៅក្នុងភូមិឋាននៅតាមបណ្តោយដងស្ទឹង ផ្លូវថ្នល់ និងតំបន់វាលទំនាបមួយចំនួនហើយ។

ទោះយ៉ាងណា មន្ត្រីរដ្ឋបាលខេត្តបញ្ជាក់ថា ដោយមើលឃើញពីភាពអាសន្ននាពេលខាងមុខ រដ្ឋបាលខេត្ត បានបញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ច និងក្រុមការងារសង្គ្រោះ រៀបចំកងកម្លាំង ត្រៀមអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ២៤ម៉ោងលើ២៤ម៉ោង ដើម្បីឆ្លើយតបទាន់ពេល ក្នុងករណីមានហេតុការណ៍បន្ទាន់ណាមួយកើតឡើង។ ទន្ទឹមនោះ អាជ្ញាធរខេត្ត ក៏បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសង្កែ និងតំបន់ប្រឈមមួយចំនួន ត្រូវបង្កើនការយកចិត្តទុកដាក់ តាមដានស្ថានភាពទឹកស្ទឹងជាប្រចាំ និងរៀបចំទុកដាក់ទ្រព្យសម្បត្តិសំខាន់ៗរបស់ខ្លួនឱ្យបានគង់វង្ស និងប្រុងប្រយ័ត្នខ្ពស់ ចំពោះសុវត្ថិភាពកុមារតូចៗ និងមនុស្សចាស់ជរានៅក្នុងគ្រួសារ៕
រាយការណ៍ដោយ៖ ឈុន មករា

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត