
ក្រុងសៀមរាប៖ ប្រាសាទតុបខាងកើត ឬប្រាសាទ «មង្គលាថ៍» ស្ថិតនៅក្នុងកំពែងក្រុងអង្គរធំផ្នែកខាងកើត ក្នុងភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ ក្រុងសៀមរាប។ ជាសំណង់ប្រាសាទឧទ្ទិសដល់ព្រហ្មញ្ញសាសនា ចុងក្រោយបង្អស់នៃរាជធានីយសោធរបុរៈ (រាជធានីអង្គរ)។ លើសពីនេះ ប្រាសាទ «មង្គលាថ៍» ក៏ជាគោលដៅទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រដ៏មានតម្លៃមួយ ដែលមិនអាចមើលរំលង និងគួរឱ្យស្វែងយល់...។

អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ប្រាសាទតុបខាងកើត ឬ ប្រាសាទ «មង្គលាថ៍» ត្រូវបានអភិរក្ស និងថែទាំយ៉ាងយកចិត្តទុកដាក់ជាប្រចាំ ទាំងការស្តារប្រឡាយទឹក និងការសម្អាតបរិស្ថានជុំវិញ។ សម្រាប់អ្នកទេសចរដែលចូលចិត្តភាពស្ងប់ស្ងាត់ និងចង់ស្រូបយកបរិយាកាសធម្មជាតិស្រស់បំព្រង លាយឡំជាមួយដានប្រវត្តិសាស្ត្របុរាណនៃចក្រភពអង្គរ អាចមកទស្សនាប្រាសាទនេះបាន។ តាមកំណត់ត្រារបស់លោក ហេនរី ម៉ាឆាល (Henri Marchal) នាឆ្នាំ១៩១៨ អ្នកស្រុកអង្គរហៅប្រាសាទនេះ ថា ប្រាសាទតុប ដោយសារទម្រង់រាង កន្តុប។ ប៉ុន្តែតាមរយៈសិលាចារឹក ប្រាសាទនេះ មានឈ្មោះដើមថា មង្គលាថ៍។ អ្នកស្រុកតែងហៅប្រាសាទតូចៗពីរក្នុងក្រុងអង្គរធំ ថា តុប ដោយមួយស្ថិតនៅខាងកើត និងមួយទៀតនៅខាងលិច ភាគខាងត្បូងថ្នល់ឆ្ពោះទៅខ្លោងទ្វារតាកាវ។

ដើម្បីចៀសវាងការច្រឡំ អ្នកស្រាវជ្រាវបានបន្ថែមទិសសម្គាល់លើទីតាំងប្រាសាទទាំងពីរ ដោយសារសំណង់ទាំងពីរនេះ មានប្រវត្តិ កាលសម័យ និងស្ថាបត្យកម្មខុសគ្នាស្រឡះ។ ប្រាសាទតុបខាងកើត ត្រូវបានសង់អំពីថ្មភក់នៅលើខឿនពីរជាន់ មានប្លង់ជារាងកាកបាទ ដោយមានទ្វារចូលនៅទិសខាងកើត និងទ្វារបញ្ឆោតនៅទិសខាងលិច ខាងត្បូង និងខាងជើង។ ភាគច្រើននៃចម្លាក់ផ្តែរ ហោជាង និងចម្លាក់គោល រៀបរាប់អំពីទេវកថាសំខាន់ៗរបស់ព្រះនារាយណ៍ ដូចជា រឿងព្រះនារាយណ៍ផ្ទុំបង្កើតលោក ព្រះនារាយណ៍ឈានបីជំហាន និងរឿងរ៉ាវព្រះក្រឹស្ណ ដែលជាភស្តុតាងបញ្ជាក់ថា ប្រាសាទនេះ ត្រូវបានសាងសង់ឡើង ដើម្បីឧទ្ទិសដល់លទ្ធិព្រហ្មញ្ញសាសនា និកាយព្រះនារាយណ៍។ លើសពីនេះ តាមរយៈសិលាចារឹកភាសាសំស្ក្រឹតចំនួន២ផ្ទាំង ដូចជា សិលាចារឹក K.៥៦៧ ចារនៅមេទ្វារខាងត្បូង (បច្ចុប្បន្នសឹករិចរិលស្ទើរទាំងស្រុង) និងសិលាចារឹក K.៤៨៨ ដែលរកឃើញនៅឆ្នាំ១៩២៤ ដោយចារលើសសរគោលទាំង៤មុខ។

សិលាចារឹកទាំងនេះ ផ្តល់ទិន្នន័យប្រវត្តិសាស្ត្រសំខាន់ៗ អំពីកាលប្បវត្តិ និងព្រះរាជវង្សខ្មែរ នាចុងសតវត្សទី១២ ដល់ដើមសតវត្សទី១៤ ពោលគឺក្រោយរជ្ជកាលព្រះបាទជ័យវម៌ទី៧។ តាមរយៈសិលាចារឹកនេះ ក៏បានឱ្យដឹងទៀតថា ព្រះបាទជ័យវម៌ទី៨ បានសាងសង់ប្រាសាទតុបខាងកើត នៅឆ្នាំ១២៩៥ លើទីតាំងដីមានឈ្មោះថា សាលាព្រាហ្មណ៍ ដើម្បីឧទ្ទិសជូនព្រះរាជគ្រូរបស់ព្រះអង្គ គឺព្រាហ្មណ៍ ជ័យមង្គលាថ៍ និងមាតាឈ្មោះ សុភទ្រា៕




