
ក្រុងសួង៖ ក្មេងទំនើង២ក្រុម មិនដឹងជាមានទំនាស់ ឬគំនុំគុំកួនជាមួយគ្នា ពីរឿងអ្វីនោះទេ បែរជាបើកឆាកដេញកាប់ប្រហារគ្នាយ៉ាងអនាធិបតេយ្យ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ កាលពីយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ នៅក្នុងភូមិសាស្រ្ដឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ...។

ប្រភពព័ត៌មាន បានឱ្យដឹងថា កាលយប់ថ្ងៃទី២៩សីហាម្សិលមិញ យុវជនមួយក្រុមមិនស្គាល់អត្តសញ្ញាណ ប្រដាប់ដោយកាំបិត បានធ្វើសកម្មភាពដេញកាប់យុវជនមួយក្រុមទៀត ដែលកំពុងជិះម៉ូតូ Scoopy ពណ៌ខ្មៅ បណ្ដាលឱ្យម៉ូតូរងការខូចខាត ខណៈម្ចាស់ម៉ូតូបានរត់ចោលម៉ូតូ ព្យាយាមគេចខ្លួនដើម្បីសុវត្ថិភាព គេចចេញពីការដេញកាប់ប្រហារនេះ។ ក្រោយធ្វើសកម្មភាពរួច ក្រុមជនបង្កបានគេចខ្លួនបាត់អស់ពីកន្លែងកើតហេតុ។ ទាក់ទិននឹងករណីខាងលើនេះ SBM News នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ ក៏បានទាក់ទងទៅលោកវរសេនីយ៍ឯក ឡាយ ឧត្តម អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ តាមតេទ្បេក្រាម ដើម្បីសាកសួរអំពីវិធានការលើក្មេងទំនើងទាំងនោះ។

បើតាមលោកវរសេនីយ៍ឯក ឡាយ ឧត្តម អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចជំនាញបាននិងកំពុងស្រាវជ្រាវ ដើម្បីស្វែងរក និងកំណត់អត្តសញ្ញាណក្រុមជនពាក់ព័ន្ធទាំងនោះហើយ។ ទន្ទឺមគ្នានេះ មហាជនសង្ឃឹមថា សមត្ថកិច្ចនឹងចាប់បានក្រុមក្មេងទំនើងទាំងនោះ នាំមកសាកសួរ ឬមានចំណាត់ការតាមផ្លូវច្បាប់ ដោយគ្មានការលើកលែង ដើម្បីកុំឱ្យពួកគេបង្កភាពអសន្តិសុខដល់ភូមិ-ស្រុកជាបន្តទៀត៕ រាយការណ៍ដោយ៖ សារី ណែត




