
រាជធានីភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទទួលបានការវះកាត់ដោយជោគជ័យហើយ បន្ទាប់ពីទទួលការព្យាបាលព្រះរោគដោយក្រុមវេជ្ជបណ្ឌិតចំណានៗនៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន នាវេលាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦នេះ…។

យ៉ាងណា តាមការក្រាបបង្គំទូលថ្វាយពីសំណាក់ក្រុមគ្រូពេទ្យចិន ក្រោយវះកាត់ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គនឹងត្រូវបន្តគង់ប្រថាប់នៅក្នុងមន្ទីរពេទ្យរដ្ឋធានីប៉េកាំង មួយរយៈពេលទៀត ដើម្បីពិនិត្យតាមដាន និងថែទាំព្រះរាជសុខភាព។ នេះបើតាមការប្រគេន និងជូនដំណឹងរបស់ក្រសួងព្រះបរមរាជវាំង ដល់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងថ្នាក់ដឹកនាំកំពូលជាតិ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងបងប្អូនប្រជានុរាស្ត្រទាំងអស់។

បច្ចុប្បន្ន សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្ដី រួមជាមួយកូនប្រុសទាំងពីរ គឺលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត និងលោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី កំពុងស្ថិតក្នុងរដ្ឋធានីប៉េកាំង ដើម្បីកំដរអង្គព្រះមហាក្សត្រ និងហ្លួងម៉ែ ក្នុងពេលវេលាដ៏លំបាកនេះ។ សូមជម្រាបថា ព្រះរាជសុខភាពរបស់អង្គព្រះមហាក្សត្រ គឺជាសុខភាពរបស់ប្រទេសជាតិទាំងមូល។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅព្រឹកថ្ងៃទី២០មេសានេះថា សម្ដេច និងកូនប្រុសទាំងពីរ បានអញ្ជើញដល់រដ្ឋធានីប៉េកាំង តាំងពីថ្ងៃទី១៧មេសាមកម្ល៉េះ ហើយសម្ដេច និងកូនប្រុសទាំងពីរ នឹងធ្វើដំណើរត្រឡប់មកកម្ពុជាវិញ ក្នុងករណីព្រះរាជសុខភាពរបស់អង្គព្រះមហាក្សត្របានប្រសើរ។

ជាមួយគ្នា សម្ដេចតេជោ ក៏បានអរគុណដល់លោក ស៊ី ជីនពីង រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានយកចិត្តទុកដាក់ចំពោះព្រះរាជសុខភាពរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ សម្ដេចក៏មិនភ្លេចអរគុណជាពិសេសដល់ក្រុមគ្រូពេទ្យដ៏ពូកែ ដែលបានវះកាត់ប្រកបដោយជោគជ័យ និងសុវត្ថិភាពសម្រាប់អង្គព្រះមហាក្សត្រ ជាទីគោរពស្រឡាញ់របស់ប្រជានុរាស្ត្រកម្ពុជាទាំងមូល៕



