
ប្រទេសចិន៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ មានព្រះរាជបន្ទូល ថ្លែងអំណរគុណលោកប្រធានាធិបតីចិន ស៊ី ជីនពីង ចំពោះតួនាទីសម្របសម្រួលឱ្យមានការចរចា ស្វែងរកការបញ្ចប់ជម្លោះនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ព្រះអង្គទាំងទ្វេ មានព្រះរាជបន្ទូលក្នុងជំនួបជាមួយ លោក កៃ ជី (Cai Qi) សមាជិកគណៈអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ គណៈកម្មាធិការមជ្ឍិមបក្សកុម្មុយនីស្ដចិន នៅវិមានរដ្ឋដាយយូតៃ រដ្ឋធានីប៉េកាំង កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦…។

តាមរយៈព្រះរាជសុន្ទរកថាក្នុងជំនួប ព្រះចៅក្រុងកម្ពុជាធិបតី មានព្រះរាជបន្ទូលថា ស្ថិតនៅក្នុងស្ថានភាពដែលពិភពលោកមានជម្លោះដ៏ស្រួចស្រាល់ ព្រះរាជាណាចក្រកម្ពុជា នៅតែរក្សាបាននូវជំហរយ៉ាងម៉ឺងម៉ាត់ឥតងាករេនូវគោលនយោបាយចិនតែមួយ ជាពិសេស បន្តគាំទ្រនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ចិន-កម្ពុជា ទៅក្នុងស្ថាប័នអន្តរជាតិនៃអង្គការសហប្រជាជាតិ និងកិច្ចសហប្រតិបត្តិការពហុភាគី ក្របខណ្ឌអាស៊ាន-ចិន ក្រោមគំនិតផ្តួចផ្តើមរបស់ លោកប្រធានាធិបតី ស៊ី ជីនពីង ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ-អន្តរជាតិ ដើម្បីសម្រេចឱ្យបាននូវវឌ្ឍនភាព និងស្ថិរភាព សេដ្ឋកិច្ចសង្គមព្រមទាំងសុខដុមនីយកម្មប្រជាជាតិ និងសន្តិភាពក្នុងតំបន់ ព្រមទាំងពិភពលោក។

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បន្តមានព្រះរាជបន្ទូលថ្លែងអំណរគុណជូនលោកប្រធានាធិបតី មានតួនាទីដ៏ឧត្តុង្គឧត្តមយ៉ាងសំខាន់ ក្នុងការសម្របសម្រួលឱ្យមានការចរចាស្វែងទៅរកការបញ្ចប់ជម្លោះ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងតាមដានយ៉ាងយកចិត្តទុកដាក់ចំ ពោះការវិវត្តនៃជម្លោះព្រំដែននេះ។ ជាពិសេស សាធារណរដ្ឋប្រជាមានិតចិន បានយល់ពីទុក្ខលំបាករបស់ប្រជាជនកម្ពុជា ក្នុងអំឡុងមានវិបត្តិ ហើយបានផ្តល់ជំនួយមនុស្សធម៌ដល់ជនភៀសសឹកកម្ពុជា ដែលបាន និងកំពុងស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាព។

អង្គព្រះមហាក្សត្រ រំលេចឡើងពីទំនាក់ទំនង់កម្ពុជា និងចិន ថា ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំបន្តវេនបាននឹងបន្តថែរក្សា និងអភិរក្សទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការទ្វេភាគី។ ដោយឈរលើមាគ៌ាមិត្តភាពដែកថែប សាមគ្គីភាពជាប្រវត្តិសាស្ត្រ កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ត្បូងពេជ្រ និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ដែលជាកេរដំណែលពីព្រះគំរូវីរភាពដ៏ឧត្តង្គឧត្តមនៃព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ និងថ្នាក់ដឹកនាំកំពូលៗជាច្រើនជំនាន់នៃសាធារណរដ្ឋប្រជាមានិតចិន៕




