
រាជធានីភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្សកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ មិនទាន់អាចយាងមកមាតុភូមិវិញតាមកាលកំណត់នោះទេ ដោយទ្រង់ទាំងទ្វេ ត្រូវបន្តគង់ប្រថាប់នៅរដ្ឋធានីប៉េកាំង ប្រទេសចិន ដើម្បីតាមដានព្រះរាជសុខភាពបន្ថែមទៀត។

ក្រសួងព្រះបរមរាជវាំង ប្រកាសនៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះថា ការពិនិត្យព្រះរាជសុខភាពពីសំណាក់ក្រុមគ្រូពេទ្យចិន ថ្វាយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង នៅពុំទាន់បានចប់សព្វគ្រប់នៅឡើយទេ ដោយនៅមានបញ្ហាសុខភាពមួយចំនួន ត្រូវតាមដានពិនិត្យ និងព្យាបាលជាបន្តទៀត។ ក្រសួងព្រះបរមរាជវាំង អះអាងដូច្នេះថា៖«តាមវេជ្ជបញ្ជាក្រុមគ្រូពេទ្យចិន តម្រូវឱ្យព្រះអង្គគង់ប្រថាប់បន្តមួយរយៈទៀត ដែលពុំអាចយាងនិវត្តន៍ទៅកាន់មាតុប្រទេសនៅពេលនេះបានទេ»។ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព្រះបរមរាជវាំង ព្រះមហារក្សត្រ និងព្រះមហាក្សត្រី ទ្រង់បានផ្ញើសេចក្តីនឹករលឹក និងបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណបារមីវត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី ប្រសិទ្ធពរជ័យដល់ប្រជារាស្ត្រ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខឆាប់ៗនេះ។

សូមរំឭកថា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី បានយាងចាកចេញពីកម្ពុជា ទៅពិនិត្យព្រះរាជសុខភាពនៅរដ្ឋធានីប៉េកាំង ប្រទេសចិន ចាប់តាំងតែពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦។ មុនយាងចាកចេញទៅពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន ព្រះមហាក្សត្រ ទ្រង់ប្រឈួន ហើយអាក់ខានបំពេញព្រះរាជកិច្ចទទួលជួបលោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្ដវៀតណាម ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីអំឡុងខែមករា ឆ្នាំ២០២៦ ដោយពេលនោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ទទួលរាជានុសិទ្ធិទទួលោក តូ ឡឹម ជំនួសព្រះអង្គ៕




