
រាជធានីភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់មានព្រះរាជបន្ទូលអំពាវនាវដល់បងប្អូនជនរួមជាតិ ទាំងក្នុងនិងក្រៅប្រទេស បន្តរួបរួមគ្នាជាធ្លុងមួយ គាំទ្ររាជរដ្ឋាភិបាលលើការការពារអធិបតេយ្យ និងបូរណភាពទឹកដីឱ្យបានគង់វង្ស។

តាមរយៈព្រះរាជសារប្រោសព្រះរាជទានដល់រដ្ឋសភា ក្នុងឱកាសបើកបវេសនកាល នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦នេះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង មានព្រះរាជបន្ទូលថា ការអនុម័តច្បាប់ស្តីពីកាតព្វកិច្ចយោធា និងការផ្ដល់សច្ចាប័នលើអនុសញ្ញាសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) កាលពីពេលថ្មីៗ ពិតជាសមស្រប និងមានសារសំខាន់បំផុត ក្នុងការពង្រឹងខឿនការពារជាតិ ការពារអធិបតេយ្យ បូរណភាពទឹកដី ព្រមទាំងពង្រឹងការគ្រប់គ្រងដែនសមុទ្ទ។

ជាមួយគ្នា ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ទ្រង់បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស ជាពិសេស យុវជនឱ្យចូលរួមអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា ដើម្បីរួមគ្នាការពារ និងកសាងជាតិមាតុភូមិកម្ពុជាឱ្យកាន់តែរឹងមាំ និងខ្លាំងក្លាថែមទៀត៕







