
រដ្ឋធានីហាណូយ៖ បុរសម្នាក់កំពុងបើកបររថយន្ដក្រុងដឹកដំណើរជាង៣០នាក់ ទំនងជាដេកលង់លក់មួយភ្លែត បណ្ដាលឱ្យរថយន្ដរេចង្កូតខុសផ្លូវ ប្រះខ្លួនដេកនៅលើថ្នល់ បណ្ដាលឱ្យមនុស្សយ៉ាងតិច៣នាក់បាត់បង់ជីវិត និងប្រហែល២០នាក់ផ្សេងទៀត រងរបួសធ្ងន់ស្រាល នៅព្រឹកថ្ងៃចន្ទទី៣១ ខែសីហានេះ នៅលើផ្លូវជាតិលេខ១៩ ស្ថិតក្នុងសង្កាត់ហួយភូ (Hội Phú) ខេត្តយ៉ាឡាយ (Gia Lai) តំបន់ខ្ពង់រាបនាភាគកណ្តាលប្រទេសវៀតណាម។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន VN Express International...។

ប្រភពព័ត៌មាន បានឱ្យដឹងថា នៅមុនពេលមានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ មានរថយន្តក្រុងមួយគ្រឿងរបស់ក្រុមហ៊ុនវៀត តាន ផាត (Việt Tân Phát) កំពុងបើកបរ ដឹកអ្នកដំណើរជាង៣០នាក់។ លុះពេលរថយន្ដបើកមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្ដនោះរេចង្កូត ក្រឡាប់ដេកនៅលើផ្លូវថ្នល់ បណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ៣នាក់ បាត់បង់ជីវិតនៅនឹងកន្លែង ខណមនុស្សប្រុសស្រីចម្រុះវ័យ២០នាក់ផ្សេងទៀត ត្រូវបានដឹកយកទៅជួយសង្គ្រោះ។ តំណាងមន្ទីរពេទ្យហុងវួងយ៉ាឡាយ (Hùng Vương Gia Lai) បានឱ្យដឹងថា មន្ទីរពេទ្យទទួលបានអ្នករងរបួសប្រហែល២០នាក់ បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍នោះ បានកើតឡើង។ បើតាមប្រភពផ្សេងទៀត បានឱ្យដឹង ថា មានភ្លៀងធ្លាក់ និងមេឃចុះអ័ព្ទ នៅតំបន់នោះ ទើបបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងស្របគ្នា។

ភ្លាមៗ..អាជ្ញាធរមានសមត្ថកិច្ច បានស្ទូចយករថយន្តក្រុងដែលក្រឡាប់នោះ ចេញពីកន្លែងកើតហេតុ ហើយកំពុងបើកការស៊ើបអង្កេតរកមូលហេតុពិត នៃឧប្បត្តិហេតុគ្រោះថ្នាក់ក្រឡាប់រថយន្តនេះ។ បើតាមប៉ូលិសខេត្តយ៉ាឡាយ គូសបញ្ជាក់ថា សមត្ថកិច្ចបានពិនិត្យទៅលើអ្នកបើកបររថយន្ដក្រុង អាយុ៣៣ឆ្នាំ រស់នៅក្នុងសង្កាត់អានខេ (An Khê) ដោយបានរកឃើញថា តៃកុងបើរថយន្តគ្មានជាតិអាល់កុល ឬសារធាតុញៀន នៅក្នុងខ្លួនឡើយ។ អ្នកបើកបរ មានបណ្ណបើកបរ ប្រភេទ D ដែលនៅមានសុពលភាព ខណៈវិញ្ញាបនបត្រត្រួតពិនិត្យបច្ចេកទេសរថយន្ត ក៏នៅមានសុពលភាព រហូតដល់ខែធ្នូ ឆ្នាំ២០២៧ផងដែរ៕


