ចិនប្ដូរយុទ្ធសាស្រ្ដសង្គ្រាម ធ្វើឱ្យតៃវ៉ាន់ត្រូវបត់បែនតាមសភាពការណ៍
S
Sinuon Nop
3 ម៉ោងមុន

រដ្ឋធានីប៉េកាំង៖ តាមរយៈបទពិសោធសង្គ្រាម​នៅប្រទេសអ៊ុយក្រែន និងអ៊ីរ៉ង់ បានបង្ហាញឱ្យឃើញ​អំពីប្រសិទ្ធភាព នៃការធ្វើសមាហរណកម្ម និងការកំណត់គោលដៅវាយប្រហារ ដោយរាប់​​បញ្ចូលទាំងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល​សំខាន់ៗមួយចំនួនផង។ កងទ័ពរំដោះប្រជាជនចិន កំពុងផ្លាស់ប្ដូរយុទ្ធសាស្រ្ដសង្គ្រាម ដែលទាមទារឱ្យកោះតៃវ៉ាន់ ត្រូវធ្វើដូចគ្នាដែរ ដើម្បីដើរឱ្យទាន់គោលនយោបាយចិន ដែលមានមហិច្ឆតាវាទីយកកូនកោះប្រជាធិបតេយ្យមួយនេះឱ្យមកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន។ នេះបើតាមសារព័ត៌មានហុងកុង South China Morning Post ចេញផ្សាយនៅព្រឹកថ្ងៃចន្ទទី៣១ ខែសីហា។

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង
ប្រធានាធិបតីចិន លោក ស៊ី ជិនពីង

កងទ័ពរំដោះប្រជាជនចិន (PLA) កំពុងងាកទៅអនុវត្តយុទ្ធសាស្ត្រ​គោលគំនិតយោធាសម័យទំនើបមួយ ដោយផ្លាស់ប្ដូរ​ពីការផ្តោតអារម្មណ៍តែទៅលើ​ប្រព័ន្ធអាវុធតែមួយមុខ ហើយងាកទៅពង្រីកលើល្បឿន ភាពធន់ និងការធ្វើសមាហរណកម្ម នៃបណ្តាញប្រតិបត្តិការទាំងមូល នៅក្នុងទម្រង់ទូលំទូលាយជាងមុនច្រើន​​។ ទន្ទឹមគ្នា ក្រុមអ្នកវិភាគនៅកោះតៃវ៉ាន់ បានលើកឡើងថា សកម្មភាពបែបនេះ អាចបង្កជាបញ្ហាប្រឈមថ្មីៗ ដល់ប្រព័ន្ធការពាររបស់កោះតៃវ៉ាន់។ ក្រុមអ្នកវិភាគ ​​ព្រមានថា ជំនួសឱ្យការផ្តោតតែទៅលើគ្រឿងសព្វា​វុធដាច់ដោយឡែក កងទ័ពរំដោះប្រជាជនចិន ​កំពុងបង្កើនការយកចិត្តទុកដាក់ជាបន្តបន្ទាប់ លើការបញ្ចូលគ្នានូវផ្នែកស៊ើបការណ៍សម្ងាត់ បញ្ញាសិប្បនិម្មិត (AI) ប្រព័ន្ធទំនាក់ទំនង គ្រឿងសព្វា​វុធ ការផ្គត់ផ្គង់ភស្តុភារ និងហេដ្ឋារចនាសម្ព័ន្ធ ឱ្យទៅជាប្រព័ន្ធប្រយុទ្ធដ៏ពេញលេញ​។​

ប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈីង-ថេ
ប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈីង-ថេ

លោក ចេន ជា-ស៊ឹង (​Chen Chia-sheng) អ្នកស្រាវជ្រាវមួយរូបនៃស្ថាប័នវិភាគគោលនយោបាយ ទទួល​មូលនិធិពីរដ្ឋបាល​ទីក្រុងតៃប៉ិ បញ្ជាក់ថា៖«កងទ័ពរំដោះប្រជាជនចិន (PLA) លែងផ្តោតការយកចិត្តទុកដាក់តែទៅលើ ថាតើអាវុធរបស់ភាគីណាមួយខ្លាំងជាងទៀតហើយ ប៉ុន្តែពួកគេបានផ្តោតលើ ថាតើភាគីណា អាចតភ្ជាប់ប្រព័ន្ធអាវុធផ្សេងៗគ្នា ដើម្បីបង្កើតជាកម្លាំងប្រយុទ្ធរួមដ៏ខ្លាំងក្លាជាងមុន»។​ អ្នកស្រាវជ្រាវរូបនេះ បានសរសេរពន្យល់អំពីផែនការយោធាចិន នៅក្នុងអត្ថបទមួយ ដែលបានចុះផ្សាយ កាលពីសប្ដាហ៍មុន ដោយវិទ្យាស្ថានស្រាវជ្រាវ​ការពារជាតិ និងសន្ដិសុខជាតិ សម្រាប់កោះតៃវ៉ាន់ ថា ការគំរាមកំហែង នៅក្នុងជម្លោះឆ្លងកាត់ច្រកសមុទ្ទតៃវ៉ាន់ អាចនឹងលាតសន្ធឹង ហួសពីការវាយប្រហារទៅលើយន្តហោះចម្បាំង កងនាវាចម្បាំង និងប្រព័ន្ធបាញ់មីស៊ីលរបស់ខ្លួន

ក្រោមយុទ្ធសាស្ត្រ ដែលកងទ័ពរំដោះប្រជាជនចិន (PLA) ហៅថា៖«សង្គ្រាមបំផ្លាញ​គ្រប់ប្រព័ន្ធ​នោះ រដ្ឋាភិបាល​រដ្ឋធានីប៉េកាំង អាចនឹងព្យាយាមធ្វើឱ្យខូចខាត ឬកាត់ផ្តាច់ចំណុចសំខាន់ៗ ដែលគាំទ្រដល់កងកម្លាំងតៃវ៉ាន់ រួមមាន៖ ប្រព័ន្ធផ្កាយរណប ប្រព័ន្ធរ៉ាដា បណ្តាញទំនាក់ទំនង មជ្ឈមណ្ឌលបញ្ជាការ បណ្តាញទិន្នន័យ ក៏ដូចជា កន្លែងស្តុកប្រេងឥន្ធនៈ និងហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន និងផ្គត់ផ្គង ជាដើម។ល។ អ្នកស្រាវជ្រាវរូបនេះ បានបន្ថែមថា នៅពេលប្រព័ន្ធទំនាក់ទំនង ឬបណ្ដាញតភ្ជាប់ទាំងនោះ ​ត្រូវ​កាត់ផ្តាច់ សូម្បីតែអាវុធទំនើបៗ ក៏អាចបាត់បង់ប្រសិទ្ធភាពយ៉ាងឆាប់រហ័ស ដោយមិនចាំបាច់​​បំផ្លិចបំផ្លាញដល់គ្រឿងសព្វាវុធទាំង​​នោះឡើយ។

ប្រព័ន្ធការពារដែនអាកាសតៃវ៉ាន់
ប្រព័ន្ធការពារដែនអាកាសតៃវ៉ាន់

ការវាយតម្លៃរបស់អ្នកវិភាគរូបនេះ ​ស្របទៅនឹងការអង្កេតរបស់ លោក ធី ហ្ក្រាហាំ (​Tye Graham) អតីតមន្ត្រីកងទ័ពសហរដ្ឋអាម៉េរិក ជំនាញ​កិច្ចការបរទេស ហើយបច្ចុប្បន្ន លោកជាអ្នកស្រាវជ្រាវជាន់ខ្ពស់ នៅក្រុមហ៊ុន BluePath Labs ដែលជាក្រុមហ៊ុនផ្តល់ប្រឹក្សាយោបល់ផ្នែកយុទ្ធសាស្ត្រ និងបច្ចេកវិទ្យា មានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។ លោក ហ្ក្រាហាំ បានលើកឡើងថា អ្នកស្រាវជ្រាវរបស់កងទ័ពរំដោះប្រជាជនចិន (PLA) មើលឃើញថា សង្គ្រាម​របស់​សហរដ្ឋអាម៉េរិក-អ៊ីស្រាអែល​ នៅអ៊ីរ៉ង់ បាន​ពង្រឹងការផ្លាស់ប្ដូរ ពី«ការប្រឈមមុខដាក់គ្នា ដោយប្រើប្រាស់កម្លាំងយោធាដោយផ្ទាល់» ទៅជា«ការប្រកួតប្រជែងគ្រប់​ប្រព័ន្ធ» ដោយ​​ក្នុងនោះឧត្តមភាព អាស្រ័យលើបណ្តាញ​មានល្បឿនលឿន ភាពធន់ និងប្រសិទ្ធភាពលើចំណាយច្រើន​ជាង អាស្រ័យតែទៅលើគ្រឿងសព្វា​វុធតែប៉ុណ្ណោះ​។

កងទ័ពរំដោះប្រជាជនចិន
កងទ័ពរំដោះប្រជាជនចិន

គំនិតនេះ មានផលប៉ះពាល់យ៉ាងខ្លាំងដល់បណ្តាញប្រព័ន្ធការពារដែនអាកាសដ៏ទូលំទូលាយរបស់កោះតៃវ៉ាន់ ​រួមមាន៖ ប្រព័ន្ធការពារដែនអាកាស Patriot ផលិតដោយសហរដ្ឋអាម៉េរិក ប្រព័ន្ធការពារដែនអាកាស Tien Kung ​ផលិតក្នុងស្រុក និងប្រព័ន្ធការពារដែនអាកាសផ្សេងៗទៀត។ ក្រុមអ្នកវិភាគ ​បានព្រមានថា រដ្ឋធានីប៉េកាំង អាចនឹងទាញយកផលប្រយោជន៍ពីភាពខុសគ្នានៃតម្លៃ រវាងយន្តហោះគ្មានមនុស្សបើក ឬដ្រូន និងគ្រាប់រ៉ុក្កែតមានតម្លៃថោក ប៉ុន្តែកងទ័ពរំដោះប្រជាជនចិន ​​មាន​គ្រឿងសព្វាវុធប្រភេទនេះច្រើន ធៀបនឹងមីស៊ីលស្ទាក់ចាប់ដែលមានតម្លៃថ្លៃ​របស់កោះតៃវ៉ាន់៕​

កងទ័ពតៃវ៉ាន់
កងទ័ពតៃវ៉ាន់
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត