លិចនាវាចម្លងនៅសមុទ្ទមេឌីទែរ៉ាណេ៖ ជិត២០ម៉ោងហើយ អ្នកបាត់ខ្លួនជិត២០នាក់ នៅតែរកមិនទាន់ឃើញ
Mao Sopha
មួយថ្ងៃមុន

រដ្ឋធានីនីកូស៊ី៖ រយៈពេលជិត២០ម៉ោងហើយ គិតពីម៉ោង១២កន្លះថ្ងៃត្រង់ រហូតដល់ព្រឹកម៉ោង៥ (ម៉ោងនៅប្រទេសស៊ីប) នៅសល់មនុស្ស១៨នាក់ទៀត កំពុងបាត់ខ្លួនរកមិនទាន់ឃើញ ក្នុងហេតុការណ៍លិចនាវាចម្លងនៅឆ្នេរសមុទ្ទមេឌីទែរ៉ាណេ ភាគខាងជើងប្រទេសស៊ីប (Cyprus)។ ក្រុមឆ្មាំសមុទ្ទស៊ីប និងតួកគី ដោយមានទាំងឧទ្ធម្ភាគចក្រហោះពីលើខ្វាត់ខ្វែង និងនាវាផ្សេងៗ កំពុងរួមគ្នាបន្តរុករកអ្នកបាត់ខ្លួនទាំង១៨នាក់នោះ។

នាវាចម្លងនេះ ចេញពីកំពង់ផែប្រទេសស៊ីប ឆ្ពោះទៅកំពង់ផែប្រទេសតួកគី។ លើនាវា អ្នកដំណើរសរុប បូករួមទាំងនាវិក៧-៨នាក់ផង មានចំនួន២៦៧នាក់។ ក្នុងចំណោមនោះ ២៤១នាក់ ត្រូវបានជួយសង្គ្រោះ ៨នាក់បាត់បង់ជីវិត និង១៨នាក់ទៀត មិនដឹងនៅទីណា។ នាវាចម្លង ចាប់ផ្តើមចេញពីកំពងផែបានប្រហែល១៥នាទីប៉ុណ្ណោះ និងស្ថិតនៅចម្ងាយប្រមាណ៧,៥គីឡូម៉ែត្រពីកំពង់ផែ ហើយក៏លិចភ្លាមៗតែម្ដង នៅម៉ោង១២កន្លះថ្ងៃត្រង់ទី៣០ ខែសីហា។ ម្តុំដែលនាវាលិច មានជម្រៅជាង៥០០ម៉ែត្រ។

អាជ្ញាធរប្រទេសស៊ីប កំពុងស៊ើបអង្កេតរកមូលហេតុដែលនាំឱ្យលិចនាវាចម្លង ដោយមិនទាន់អាចបញ្ជាក់ជាផ្លូវការនាពេលនេះឡើយ។ ក្រោយត្រូវបានជួយសង្គ្រោះ អ្នកបើកនាវាម្នាក់ (កាពីទែន) និងនាវិកជាសមាជិកទាំង៧នាក់ ត្រូវបានឃាត់ខ្លួន ដើម្បីសួរនាំ។ ទោះមិនទាន់ដឹងមូលហេតុច្បាស់ តែអ្នកដំណើរដែលនៅរស់រានមានជីវិត ប្រាប់អាជ្ញាធរថា ទឹកបានចូលក្នុងនាវា ហើយក៏ធ្វើឱ្យនាវាចាប់ផ្តើមឃ្លេងឃ្លោង និងធ្វើចលនាខ្លាំងតែម្ដង។ ប្រទេសស៊ីបទាំងមូល ប្រកាសកាន់ទុករយៈពេល៣ថ្ងៃ ជូនអ្នកបាត់បង់ជីវិត ក្នុងហេតុការណ៍លិចនាវាក៏រន្ធត់នេះ៕


អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត