
រដ្ឋធានីព្យុងយ៉ាង៖ មេដឹកនាំកំពូលកូរ៉េខាងជើង លោក គឹម ជុងអ៊ុន (Kim Jong Un) បានបញ្ជាក់សាជាថ្មីពីការរពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រយ៉ាងស៊ីជម្រៅជាមួយលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ក្នុងឱកាសខួបលើកទី៨១ នៃទិវារំដោះជាតិកូរ៉េពីអាណានិគមជប៉ុន កាលពីថ្ងៃទី១៥ ខែសីហាម្សិលមិញ...។

នៅក្នុងសារលិខិតនោះ លោក គឹម ជុងអ៊ុន បានសម្ដែងនូវមោទនភាពចំពោះការធ្វើការរួមគ្នាជាមួយលោក ពូទីន ដើម្បីដំឡើងកម្រិតទំនាក់ទំនងទ្វេភាគី ព្រមទាំងជឿជាក់យ៉ាងមុតមាំថា រុស្ស៊ី នឹងអាចការពារអធិបតេយ្យភាព និងសន្តិសុខជាតិរបស់ខ្លួន បានយ៉ាងរឹងមាំ។ ជាការឆ្លើយតប លោក ពូទីន បានគូសបញ្ជាក់ថា ទំនាក់ទំនងរវាងរដ្ឋធានីព្យុងយ៉ាង និងរដ្ឋធានីម៉ូស្គូ បានឈានដល់កម្រិតកំពូលមិនធ្លាប់មាន ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ផ្អែកលើការតស៊ូរួមគ្នារវាងកងទ័ពសូវៀត និងកូរ៉េ ប្រឆាំងនឹងអាណានិគមជប៉ុន កាលពីសង្គ្រាមលោកលើកទី២។ ជានិមិត្តរូបនៃមិត្តភាពនេះ នាវាចម្បាំងរុស្ស៊ី Pallada ក៏បានចូលចតនៅកំពង់ផែ Wonsan នៃប្រទេសកូរ៉េខាងជើង ដើម្បីចូលរួមអបអរសាទរពិធីបុណ្យឯករាជ្យនេះផងដែរ។

ទំនាក់ទំនងរវាងរដ្ឋធានីព្យុងយ៉ាង និងរដ្ឋធានីម៉ូស្គូ បានស្ទុះហក់ឡើងយ៉ាងខ្លាំងបន្ទាប់ពីកិច្ចព្រមព្រៀងសន្តិសុខឆ្នាំ២០២៤ ដោយកូរ៉េខាងជើងបានបញ្ជូនកងទ័ព និងអាវុធយុទ្ធភណ្ឌជាច្រើន ជួយរុស្ស៊ីក្នុងសង្គ្រាមនៅអ៊ុយក្រែន ជាថ្នូរនឹងជំនួយសេដ្ឋកិច្ច និងបច្ចេកវិទ្យាយោធាត្រឡប់មកវិញ។ ទោះជាយ៉ាងណាក៏ដោយ ការពង្រឹងសម្ព័ន្ធភាពនេះកើតឡើងស្របពេលដែលប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យ៉ុង បានបន្តអំពាវនាវឱ្យកូរ៉េខាងជើង វិលត្រឡប់មកកាន់តុចរចាវិញ ដើម្បីបញ្ចប់ «សង្គ្រាមកូរ៉េ» ជាផ្លូវការ ប៉ុន្តែភាគីកូរ៉េខាងជើងនៅតែបន្តបដិសេធ និងរិះគន់សមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង យ៉ាងចាស់ដៃ៕




