ជប៉ុន-រុស្ស៊ី កោះហៅទូតផឹកតែក្ដៅម្នាក់ម្ដង ជុំវិញវិវាទដែនកោះ
ហៀប ស៊ីថេត
18 សីហា 2026 10:05 AM

រដ្ឋធានីមូស្គូ៖ បន្ទាប់ពីជប៉ុនកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ី ទៅផឹកតែក្តៅចត់ដល់បន្ទប់ ស្រាប់តែ..កាលពីថ្ងៃចន្ទទី១៧សីហា រដ្ឋធានីមូស្គូ បានកោះហៅឯកអគ្គរដ្ឋទូតជប៉ុនប្រចាំប្រទេស ទៅផឹកតែក្ដៅមួយប៉ាន់ធំវិញម្ដង ពោលគឺបន្ទាប់ពីរាជធានីតូក្យូ ចេញមុខរិះគន់ឥតសំចៃមាត់ ចំពោះដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ទៅកាន់ប្រជុំកោះគូរីល (Kuril Islands) នៅតំបន់ចុងបូព៌ារបស់រុស្ស៊ី ដែលជាដែនដីកំពុងប្រទាញប្រទង់គ្នា ជាមួយប្រទេសជប៉ុន...។

ទំនាក់ទំនងរវាងរុស្ស៊ី និងជប៉ុន ត្រូវបាំងមុខដោយស្រមោលខ្មៅនៃវិវាទជម្លោះទាមទេរកោះនេះ ជាយូរណាស់មកហើយ ដោយប្រទេសជប៉ុនហៅកោះនេះថា«ជាដែនដីភាគខាងជើង» ត្រូវបានកងទ័ពសហភាពសូវៀត លេបត្របាក់កាន់កាប់ចាប់តាំងពីឆ្នាំ១៩៤៥ មក។ ឈានចូលវ័យ៧៣ឆ្នាំ បុរសខ្លាឃ្មុំទឹកកក ពូទីន បានធ្វើដំណើរទៅកាន់ប្រជុំកោះនោះ ក្រោយពីបានបំពេញទស្សនកិច្ចនៅកោះសាកខាលីន (Sakhalin)របស់រុស្ស៊ី ដែលស្ថិតនៅក្បែរនោះ។ ប្រការនេះហើយ បានជាធ្វើឱ្យភាគីជប៉ុន ខឹងសម្បារយ៉ាងខ្លាំង ដោយបានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ី ទៅផឹកតែចត់ និងតវ៉ាភ្លាមៗ។ ជាការសងសឹកតបតវិញ រដ្ឋធានីមូស្គូ ក៏បានកោះហៅ លោក អាគីរ៉ា មូតូ (Akira Muto) ឯកអគ្គរាជទូតទូតជប៉ុនប្រចាំរុស្ស៊ី ឱ្យចូលខ្លួនមកបំភ្លឺ ជុំវិញការចោទប្រកាន់របស់រាជធានីតូក្យូ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែហ្គី  ឡាវរ៉ូវ (Sergei Lavrov) បានផ្ទុះកំហឹង និងព្រលះចំៗថា មន្ត្រីជប៉ុនជ្រុលហួសហេតុពេក ក្នុងការរិះគន់ដំណើរទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់ប្រជុំកោះនេះ។ លោក ឡាវរ៉ូវ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖«ពួកយើងបានកោះហៅឯកអគ្គរដ្ឋទូតជប៉ុនហើយ។ គេប្រាប់យើងថា គាត់មិននៅរដ្ឋធានីមូស្គូ ឬក៏គាត់មិនស្រួលខ្លួន ដែលធ្វើឱ្យពួកយើងមានការងឿងឆ្ងល់យ៉ាងខ្លាំង ចំពោះស្ថានការណ៍នេះ»។ ទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារៀ ហ្សាការ៉ូវ៉ា (Maria Zakharova) បានទម្លាយប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS ថា ក្រោយពីមានពាក្យមានសម្ដីតឹងសរសៃករបស់លោក ឡាវរ៉ូវ រួចមក ឯកអគ្គរាជទូតជប៉ុន ស្រាប់តែមានអាការធូរស្រាលឡើងវិញ ហើយចូលខ្លួនមកជួប តាមការកោះហៅនៅថ្ងៃអង្គារនេះ។

លោក ស៊ែហ្គី  ឡាវរ៉ូវ (Sergei Lavrov) 
លោក ស៊ែហ្គី  ឡាវរ៉ូវ (Sergei Lavrov) 

លោក ឡាវរ៉ូវ បានបញ្ជាក់ថា៖«ការកោះហៅលោក មូតូ នៅពេលនេះ គឺដើម្បីព្រមានចំៗ លើឥរិយាបថរបស់ថ្នាក់ដឹកនាំជប៉ុន និងការចង្អុលបង្ហាញពីរបៀប ដែលទូតបរទេស គួរប្រព្រឹត្តនៅក្នុងប្រទេសម្ចាស់ផ្ទះ»។ គួរជម្រាបថា ចាប់តាំងពីភ្លើងសង្គ្រាមទ្រង់ទ្រាយធំនៅអ៊ុយក្រែន បានឆាបឆេះឡើងក្នុងឆ្នាំ២០២២ មក ចំណងទំនាក់ទំនងរវាងជប៉ុន និងរុស្ស៊ី កាន់តែអាប់អួរ និងធ្លាក់ដុនដាបដល់កម្រិតយ៉ាប់បំផុត ដោយប្រទេសជប៉ុន បានជ្រើសរើសចូលដៃជាមួយក្រុមប្រទេស G7 ដាក់គំនាបទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី ព្រមទាំងបានផ្ដល់ជំនួយថវិកា និងសម្ភារការពារជាតិមិនសម្លាប់មនុស្សដល់ទីក្រុងគៀវ យ៉ាងសន្ធឹកសន្ធាប់ផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត