ភ្លៀងធ្លាក់ខ្លាំងបំបែកកំណត់ត្រានៅជប៉ុន ទឹកជំនន់ស.ម្លា.ប់មនុស្ស៤នាក់ ខណៈអ្នកដំណើរ៧ពាន់នាក់ ជាប់គាំងនៅព្រលានយន្តហោះ
N
Nary Vann
មួយថ្ងៃមុន

​រាជាធានីតូក្យូ៖ បាតុភូតភ្លៀងធ្លាក់ខ្លាំងបំបែកកំណត់ត្រា បានបណ្ដាលឱ្យអ្នកដំណើរប្រមាណ៧ពាន់នាក់ ត្រូវជាប់គាំងនៅអាកាសយានដ្ឋានអន្តរជាតិណារីតា Narita ក្នុងរាជធានីតូក្យូ នៅថ្ងៃទី១៤សីហានេះ បន្ទាប់ពីគ្រោះទឹកជំនន់ និងការបាក់ដីបានកាត់ផ្តាច់ប្រព័ន្ធដឹកជញ្ជូន ផ្តាច់ចរន្តអគ្គិសនី និងបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់៤នាក់...

ភ្នាក់ងារឧតុនិយមជប៉ុន បានចេញការព្រមានអំពីភ្លៀងធ្លាក់ខ្លាំងកម្រិតខ្ពស់បំផុតសម្រាប់ខេត្តជិបា Chiba ជាលើកដំបូង បន្ទាប់ពីកម្រិតទឹកភ្លៀងបានធ្លាក់ចុះរហូតដល់ទៅជាង៣៦០មីលីម៉ែត្រក្នុងរយៈពេលត្រឹមតែ២៤ម៉ោង។ គ្រោះមហន្តរាយនេះ បានបណ្ដាលឱ្យផ្ទះសម្បែងប្រមាណ២៧០00គ្រួសារ គ្មានអគ្គិសនីប្រើប្រាស់ ខណៈរដ្ឋាភិបាលជប៉ុន បានប្រញាប់ប្រញាល់បញ្ជូនកងទ័ពទៅកាន់តំបន់រងគ្រោះ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋដែលជាប់គាំងនៅក្នុងយានយន្ត និងផ្ទះសម្បែង។​

អភិបាលខេត្តជិបា បានលើកឡើងថា វាគឺជាស្ថានភាពមិនប្រក្រតីបំផុត និងជាកម្រិតធ្ងន់ធ្ងរ ដែលមិនធ្លាប់ជួបប្រទះពីមុនមកនៅក្នុងប្រវត្តិសាស្ត្រ។ ទោះបីជាជើងហោះហើរភាគច្រើននៅអាកាសយានដ្ឋានណារីតា ត្រូវបានរៀបចំឱ្យដំណើរការឡើងវិញជាបណ្តើរៗក៏ដោយ ប៉ុន្តែផ្លូវល្បឿនលឿន និងសេវារថយន្តក្រុង រថភ្លើងតភ្ជាប់ទៅកាន់កណ្តាលរាជធានីតូក្យូ នៅតែបន្តរងការកកស្ទះ និងផ្អាកជាបណ្តោះអាសន្ន ដែលតម្រូវឱ្យអាជ្ញាធរអាកាសយានដ្ឋាន ចែករំលែកប្រព័ន្ធជំនួយសង្គ្រោះបន្ទាន់ ដូចជាទឹកពិសាបរិសុទ្ធ អាហារ និងពូកគេង ជូនដល់អ្នកដំណើរដែលបានជាប់គាំង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត